ស្ពានថ្ម​ថ្មី​ឆ្លងស្ទឹង​សង្កែ​បាន​ចាប់ផ្តើម​សាងសង់​ហើយ​ក្រោយ​ស្ពាន​ចាស់​ទ្រុឌទ្រោម​

13-01-2020 3:29 pm 190

​កាលពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​រៀបចំ​ពិធី​ក្រុង​ពាលី និង​បញ្ចុះ​បឋមសិលា​សាងសង់​ស្ពានថ្ម​ថ្មី ឆ្លងស្ទឹង​សង្កែ ខេត្ត​បាត់ដំបង ជំនួស​ស្ពានថ្ម​ចាស់ ដែល​មាន​អាយុកាល​ច្រើន ដែល​ងាយ​នឹងរង​ការខូចខាត​។​នេះ​បើ​តាម​ការបញ្ជាក់​នៅក្នុង​ហ្វេ​ស ប៊ុក​ផ្លូវការ របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង​។​

​នៅក្នុង​ពិធី​ក្រុង​ពាលី​នេះដែរ លោក​ងួន រតនៈ​អភិបាលខេត្ត​បាត់ដំបង​បាន​លើកឡើង​ថា ស្ពានថ្ម​ថ្មី​នេះ​មាន​ប្រវែង​បណ្តោយ ១០០​ម៉ែត្រ និង​ទទឹង ៨​ម៉ែត្រ ជា​ប្រភេទ​បេតុង ដែល​យក​លំនាំ​ដើម តាម​ស្ពានថ្ម​ចាស់ និង​សាងសង់​នៅ​ប៉ែក​ខាងត្បូង នៃ​ផ្នែក​ខាងលើ និង​មាន​គម្លាត ៦​ម៉ែត្រ​ពី​គ្នា ដែល​ស្ពានថ្ម​ថ្មី​នេះ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​និង​ខេត្ត​បាត់ដំបង​។​

​លោក​អភិបាលខេត្ត​បានឲ្យ​ដឹង​បន្ថែមថា ព្រោះតែ​ពិនិត្យឃើញ​ពី​ការលំបាក​ក្នុងការ​ធ្វើ​ចរាចរណ៍ និង​ការកកស្ទះ​ចរាណ៍ ជាពិសេស​នៅពេល​មាន​ពិធីបុណ្យ​ផ្សេងៗ​នៅក្នុង​ក្រុង​បាត់ដំបង លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង បាន​គៀរគរ​សប្បុរសជន ដើម្បី​ចូលរួម​សាងសង់​ស្ពានបេតុង​ថ្មី​ឆ្លងកាត់​ស្ទឹង​សង្កែ​នៅក្បែរ​ស្ពានថ្ម​ចាស់​នេះ ដែល​ការសាងសង់​នេះ​គឺ​ចំណាយ​ថវិកា​ពី​ការចូលរួម​របស់​សប្បុ​រ​សជន ។​

​សូម​ជម្រាប​ជូន​ដែរ​ថា ការសាងសង់​ស្ពានថ្ម​ថ្មី ឆ្លងស្ទឹង​សង្កែ​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ការរិះគន់ ពី​សំណាក់​មហាជន ក្រោយពេល​ដែល​អាជ្ញាធរ​ខេត្ត ផ្ញើ​លិខិត​ទៅ​កាន់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដើម្បី​សុំ​រុះរើ​ជួសជុល​កែលម្អ​ស្ពាន​នេះ​ឲ្យបាន​ល្អ​ប្រសើរ​ឡើងវិញ​។​តែ​រឿង​នេះ​ក៏​ត្រូវបាន​ក្រសួង​វប្បធម៌ ដែល​មាន​លោកស្រី​ភឿង សកុណា ជា​រដ្ឋមន្ត្រី បាន​ឆ្លើយតប​ថា ក្រសួង​និង​ខិតខំ​រិះរក​ថវិកា​ក្នុងការ ជួសជុល​ស្ពានថ្ម​ដ៏​ចំណាស់​ពី​បារាំង​នេះ​ឡើង​វិញ ដើម្បី​អភិរក្ស​សំណង់​មួយ​នេះ​ផង និង​រៀបចំ​ស្ពាន​នេះ ទុក​សម្រាប់​ការធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​វិញ ព្រោះតែ​ស្ពាន​នេះ​មាន​អាយុកាល​ជាង​១០០​ឆ្នាំ​មកហើយ ថែមទាំង​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម នគរូបនីយកម្ម និង​បរិស្ថាន​។​

​ជាមួយគ្នានេះ​ដែរ​ការកសាង​ស្ពាន​ថ្មី​នេះ ក៏​ជា​ជំហរ​មួយ​របស់​អាជ្ញាធរខេត្ត​ផងដែរ ក្រោយ​មាន​ការ​សំណូមពរ​ពី​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តាញ​សង្គម ជាពិសេស​ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​ផ្ទាល់​តែម្តង ដែល​ស្នើ​ឲ្យមាន​ការជួសជុល និង​អភិរក្ស​ស្ពានថ្ម​ចាស់​នេះ និង​សំណូមពរ​ឲ្យមាន​ការសាងសង់​ស្ពានថ្ម​ថ្មី​នៅ​ក្បែរ​នោះ ដោយ​យក​លំនាំ​ដើម​តាម​ស្ពានថ្ម​ចាស់​។​

​សូម​បញ្ជាក់​ដែរ​ថា បើ​តាម​អ្នកបច្ចេកទេស បាន​ឲ្យ​រដ្ឋបាល​ខេត្ត​បាត់ដំបង​ដឹងថា ការសាងសង់​ស្ពានថ្ម​ថ្មី​នៅ​ប៉ែក​ខាងត្បូង​(​ប៉ែក​ខាងលើ​) ក្បែរ​ស្ពានថ្ម​ចាស់ គឺ​អាច​ជួយ​ពាំង​កម្លាំង​ទឹក ឬ​សំរាម​ផ្សេងៗ​ក្នុងពេល​មាន​ជំនន់​ស្ទឹង​សង្កែ​ហក់​ឡើង​ខ្លាំង ដោយសារ​តែ​ស្ពានថ្ម​ចាស់​ពិតជា​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ម្យ៉ាងវិញទៀត​ដើម្បី​ជួយ​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​ក្នុង​ក្រុង​នៅពេល​មាន​ពិធីបុណ្យ​ផ្សេងៗ​៕

 

 

ព័ត៌មានផ្សេងទៀត