ស៊ុយអែត ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារកម្ពុជាឱ្យកាន់តែប្រសើរឡើង

13-01-2020 3:00 pm 207

លោក Björn Häggmark ឯកអគ្គរាជទូតស៊ុយអ៊ែតថ្មីប្រចាំនៅកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរ ពិសេសលើគម្រោងអភិវឌ្ឍន៍ជាច្រើនដែលកំពុងអនុវត្តនៅកម្ពុជា។លោកបង្ហាញការប្តេជ្ញាចិត្តបែបនេះ នៅ ក្នុងជំនួបពិភាក្សាការងារជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

ជាមួយគ្នានេះ ឯកអគ្គរាជទូតស៊ុយអែតថ្មីក៏បានប្ដេជ្ញាបន្តគម្រោងទំនាក់ទំនងលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងស៊ុយអែត ក្នុងនោះមានដូចជា គម្រោងអភិវឌ្ឍន៍ទាំងឡាយដែលធ្វើឡើងតាមរយៈអង្គការSIDA ដែលបានជួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមទាំងការបង្កើតមជ្ឈមណ្ឌលការងារនៅតាមបណ្ដារាជធានី-ខេត្តនានា។

ក្នុងឱកាសនោះដែរ លោកអ៊ិត សំហេងក៏បានលើកឡើងថា បន្ទាប់ពីកម្ពុជាបានផ្តល់ការគំាទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកលនេះ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តពង្រឹងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងភាពសុខដុមក្នុងទំនាក់ទំនងវិជ្ជាជីវៈ។

រដ្ឋមន្ត្រីក្រសួងការងារនិងឯកអគ្គរាជទូតស៊ុយអ៊ែតប្រចាំកម្ពុជា ក៏បានបង្ហាញការវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមក លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានសន្យាពង្រឹងនូវទំនាក់ទំនង កិច្ចសហប្រតិបត្តការដ៏ល្អនេះទៀតដើម្បីជួយអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាវិស័យដ៏សំខាន់មួយក្នុងការធានាបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងការអភិវឌ្ឍសង្គម៕

 ពាក្យគន្លឹះ  ក្រសួងការងារស៊ុយអែត

ព័ត៌មានផ្សេងទៀត