សត្វ​អណ្តើក​ហ្លួង​២០​ក្បាល​ត្រូវបាន​លែង​ចូលក្នុង​ព្រែក​ស្រែអំបិល ខេត្ត​កោះកុង​

13-01-2020 10:58 am 169

​កាលពី​ពេល​ថ្មីៗ​នេះ អណ្តើក​ហ្លួង ឬ​អណ្តើក​សរសៃ ចំនួន ២០​ក្បាល ដែល​ជា​ប្រភេទ​សត្វ​កម្រ និង​ជា​ប្រភេទ​សត្វ​តំណាង ត្រូវបាន​នាយកដ្ឋាន​អភិរក្ស​ជលផល នៃ​រដ្ឋបាល​ជលផល របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សហការ​ជាមួយ​ឧទ្យាន​សត្វព្រៃ​សឹង្ហ​បុរី (Wildlife Reserves Singapore-WRS)​រៀបចំ​ពិធី​លែង​ចូលក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ស្ថិតក្នុង​ឃុំ​ដង​ពែង ស្រុក​ស្រែអំបិល ខេត្ត​កោះកុង​។​

​បើ​តាម​ការបញ្ជាក់​នៅក្នុង​ហ្វេ​ស ប៊ុក​ផ្លូវកា​ររបស់​អង្គកា​រ​WCS Cambodia  បានឲ្យដឹងថា នេះ​គឺជា​ការ លែង​អណ្តើក​ហ្លួង​លើក​ទី​បួន​ហើយ​ចូល​ក្នុង​ជម្រក​ធម្មជាតិ​នៃ​ប្រព័ន្ធ​ព្រែក​ស្រែអំបិល បន្ទាប់​ពី​ការលែង​លើក​ទី ១ ទី​២ និង​ទី​៣ គឺធ្វើឡើង​ក្នុង​ឆ្នាំ ២០១៥  ២០១៧ និង ២០១៩ ដែល​សរុប ទាំង​បួន​លើក មាន​ចំនួន ៨៦​ក្បាល​។​ជាមួយគ្នានេះដែរ អង្គការ​WCS Cambodia   បាន​បញ្ជាក់បន្ថែម​ថា ការលែង​អណ្តើក​ហ្លួង​នេះ គឺជា​លទ្ធផល​នៃ​កិច្ចប្រឹងប្រែង​អស់​រយៈពេល​ជិត​ពីរ​ទសវត្សរ៍ ក្នុង​ការការពារ សំបុក​អណ្តើក ការយកចិត្តទុកដាក់​មើលថែទាំ​កូនអណ្តើក​ទាំងអស់​នៅក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ ល្មូ​ន​កោះកុង និង​ការការពារ​សត្វ​អណ្តើក នៅក្នុង​សហគមន៍​តាម​ដងព្រែក​ស្រែអំបិល ដែល​គាំទ្រ​ដោយ WRS និង​ដៃគូ​មួយចំនួនទៀត​។​

​សូម​បញ្ជាក់​ដែរ​ថា ពិធី​លែង​អណ្តើក​នេះ​បាន​រៀបចំ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​ស្រ៊ុន លឹម​សុង អនុប្រធាន​រដ្ឋបាល​ជ​ល​ផល លោកស្រី អ៊ុ​សា​បែល ឆេង តំណាង​WRS លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទៀត​៕

 

 

 ពាក្យគន្លឹះ  WCS Cambodiaអណ្តើកហ្លួង

ព័ត៌មានផ្សេងទៀត