ភ្នំភ្លើង​លំដាប់​ទី​២​នៅ​ហ្វីលីពីន​ផ្ទុះ​នាំ​ឲ្យ​ប្រជាជន​៨,០០០​នាក់​ត្រូវ​ជម្លៀសចេញ​

13-01-2020 10:03 am 309

​ភ្នំ Taal ដែល​ជា​ភ្នំភ្លើង​សកម្ម​លំដាប់​ទី​២ ក្នុង​ប្រទេស​ហ្វីលីពីន បាន​ងើបឡើង​ជាថ្មី​បង្ក​ជា​សម្លេង​រញ្ជួយ និង​រំ​ញ័រ​យ៉ាងខ្លាំង ដែល​នាំ​ឲ្យ​អាជ្ញាធរ​ហ្វីលីពីន​បាន​ធ្វើ​ការប្រកាសអាសន្ន ក៏​ដូចជា​បាន​ជម្លៀស​ប្រជាជន​ចំនួន ៨,០០០​នាក់ ចេញ​ភ្លាមៗ​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន BBC  កាលពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២០​។​

​ទាក់ទង​នឹង​ហេតុការណ៍​នេះ​ដែរ​វិទ្យាស្ថាន​សិក្សា​ពី​ភ្នំភ្លើង និង​រញ្ជួយ​ដី​ហ្វីលីពីន បាន​ប្រកាសអាសន្ន​ដល់​ប្រជាជន​ក្នុង​តំបន់​រងគ្រោះ ហើយ​បាន​ហៅ​ភ្នំភ្លើង​នេះ​ថា « ភ្នំភ្លើង​ស៊ុយ​ណា​មិ »​។ មិនតែប៉ុណ្ណោះ ជើងហោះហើរ​ក្នុង​ទីក្រុង​ម៉ានីល​ទាំងអស់​ត្រូវ​បាន​លុបចោល ដោយសារ​តែ​បញ្ហា​ផេះ​ភ្នំភ្លើង​។ រីឯ​ការខូចខាត​វិញ អាជ្ញាធរ​ពុំ​ទាន់​បានបញ្ជាក់​នៅឡើយ​ទេ​។​

​អ្នក​ទេសចរណ៍​ជនជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ Lucy McFadden  បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថា « នាង​បាន​ជិះ​ទូក​មួយ​ដែល​មាន​មនុស្ស​ចំនួន​១០​នាក់ ដោយ​ក្នុង​នោះ​មាន​បងប្រុស​នាង​ម្នាក់​ដែរ​។ ពួកគេ​បាន​ត្រឡប់​ចេញពី​ភ្នំភ្លើង​នោះ​វិញ​ភ្លាមៗ ខណៈ​ភ្នំភ្លើង​បាន​ផ្ទុះឡើង​។  បងប្រុស​របស់​នាង​ភ័យ​ខ្លាំងណាស់ ហើយ​គាត់​គិត​ថា​គាត់​មិនអាច​នឹង​រត់​ផុតពី​ភ្នំភ្លើង​នោះឡើយ »​។​

​គួររម្លឹកថា ភ្នំភ្លើង Taal នេះ​ជា​ភ្នំភ្លើង​ដ៏​តូច​មួយ​ក្នុង​ពិភពលោក ហើយ​ភ្នំភ្លើង​នេះ​ធ្លាប់បាន​ផ្ទុះ​ចំនួន ៣៤​ដង​រួចមកហើយ​ក្នុង​រយៈពេល ៤៥០​ឆ្នាំ​កន្លងមកនេះ​៕​

 ពាក្យគន្លឹះ  ភ្នំភ្លើង

ព័ត៌មានផ្សេងទៀត