លោក​ម៉ា​ហា​ធៀ មហាម៉ាត់​​មេដឹកនាំ​ចាស់​​ជាងគេ​​ក្នុង​លោក “​ខ្ញី​កាន់តែ​ចាស់​​កាន់តែ​ហឹរ​”

12-01-2020 9:31 pm 616
នាយករដ្ឋមន្ដ្រីម៉ាឡេស៊ីលោកម៉ាហាធៀ មហាម៉ាត់

​បច្ចុប្បន្ន​បើ​និយាយ​ពី​មេដឹកនាំ​ក្នុង​ពិភពលោក​ដែលមាន​វ័យ​ចំណាស់​ជាងគេ និង​ជា​រៀមច្បង​នយោបាយ​មួយរូប​ផង​នោះ គេ​ច្បាស់​ជា​នឹកឃើញ​ដល់​លោកមា​ហា​ធៀ មហា​ម៉ាត់ នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី​។ លោក​ជា​វីរបុរស​ម៉ាឡេស៊ី​ដែល​ទទួលបាន​ការគោរព​ស្រឡាញ់ និង​ការគាំទ្រ​យ៉ាងខ្លាំងបំផុត​ចំពោះ​ការដឹកនាំ​ប្រទេស​។ លោក​ក៏មាន​ប្រវត្ដិត​ស៊ូ​យ៉ាងខ្លាំង​មុន​ក្លាយជា​មេដឹកនាំ​ដ៏​ល្បីល្បាញ​។ តើ​លោក​ម៉ា​ហា​ធៀ​មាន​ជីវប្រវត្ដិ​យ៉ាងណាខ្លះ​? ​

​ជី​វប្រ​វត្ដិ​សង្ខេប​

​លោក​ម៉ា​ហា​ធៀ ប៊ីន មហា​ម៉ាត់​(Mahathir bin Mohamad) សព្វថ្ងៃ​មាន​វ័យ​៩៤​ឆ្នាំ ជា​នាយករដ្ឋមន្ដ្រី​ទី​៧​របស់​ម៉ាឡេស៊ី​។ ដ្បិត​មាន​វ័យ​ចំណាស់​ជាងគេ​ក្នុងនាម​ជា​មេដឹកនាំ​កំពុង​កាន់អំណាច​ក្នុង​ពិភពលោក ប៉ុន្ដែ​លោក​ម៉ា​ហា​ធៀ​នៅ​រឹងប៉ឹង​អាចដឹកនាំ​ម៉ាឡេស៊ី​បាន​មិន​ទ្រុឌទ្រោម​ទៅតាម​អាយុ​នោះទេ​។ ងាក​ចាប់អារម្មណ៍​បន្ដិច​ពី​ជី​វប្រ​វត្ដិ​សង្ខេប​របស់​លោកម៉ា​ហា​ធៀ មហា​ម៉ាត់​។​

លោក​ម៉ា​ហា​ធៀ មហាម៉ាត់​កើត​នៅ​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​១៩២៥ នៅក្នុង​ទីក្រុង​ក្រីក្រ​មួយ​ឈ្មោះ​អាល័រ សេ​តា​(Alor Setar) ស្ថិតក្នុង​រដ្ឋ​កេ​ដះ​(Kedah)​ប្រទេស​ម៉ាឡេស៊ី ដែល​កាលនោះ​នៅក្រោម​ការគ្រប់គ្រង​របស់​ចក្រភព​អង់គ្លេ​ស​។ ម្ដាយ​របស់លោក​ឈ្មោះ​អ្នកស្រី​វ៉ាន តេ​មប៉ា​វ៉ាន​(Wan Tempawan)​ជា​ជនជាតិ​ម៉ាឡេស៊ី​រស់នៅក្នុង​រដ្ឋ​កេ​ដះ រីឯ​ឪពុក​របស់លោក​ឈ្មោះ​មហា​ម៉ាត់ អ៊ី​ស្កែន​ដារ​(Mohamad Iskandar) ជាប់សែស្រឡាយ​ម៉ាឡេស៊ី​ផង​និង​ឥណ្ឌា​ផង​រស់នៅ​រដ្ឋ​ប៉េណាំង​(Penang)​។ ជីតា​របស់លោក​ម៉ា​ហា​ធៀ​មកពី​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោកយាយ​របស់លោក​ជា​ជនជាតិ​ម៉ាឡេ​។ លោក​ម៉ា​ហា​ធៀមាន​បងប្អូន​៨​នាក់ ប៉ុន្ដែ​៦​នាក់​ជា​បងប្អូន​ម្ដាយ​តែមួយ​ឪពុក​ផ្សេងគ្នា​។​

​ចំពោះ​ការសិក្សា​លោក​ម៉ា​ហា​ធៀ​គឺជា​សិស្ស​ម្នាក់​ដែល​ខិតខំ​រៀន​យ៉ាងខ្លាំង ដោយសារតែ​ការដាក់វិន័យ​ដ៏​តឹងរ៉ឹង​និង​ការជំរុញ​ទឹកចិត្ដ​ពី​ឪពុក​។ លោក​បានឈ្នះ​ការជ្រើសរើស​ឲ្យចូល​រៀន​នៅ​អនុវិទ្យាល័យ​ភាសា​អង់គ្លេស​កម្រិត​មធ្យម ដោយសារតែ​លោក​ស្ទាត់ជំនាញ​ភាសា​អង់គ្លេស​តាំងពី​មុន​ថ្នាក់បឋមសិក្សា​។ សាលារៀន​របស់លោក​ត្រូវបាន​បិទទ្វារ​នៅពេល​ជប៉ុន​ចូលមក​គ្រប់គ្រង​ក្នុងអំឡុង​សង្គ្រាមលោកលើកទីពីរ ហើយ​លោក​បាន​ទៅរក​ស៊ីក្នុង​ជំនួញ​តូច​មួយ​។ ដំបូង​លោក​ជា​អ្នកលក់​កាហ្វេ ក្រោយមក​លោក​ជា​អ្នកលក់​ចេកចៀន​និង​លក់​អាហា​ស​សម្រន់​នានា​។ ក្រោយ​ចប់​សង្គ្រាមលោក​បានបញ្ចប់​ការសិក្សា​ពី​អនុវិទ្យាល័យ​ទទួលបាន​ពិន្ទុ​ខ្ពស់ ហើយក៏​បាន​ចូលរៀន​ពេទ្យ​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ដ្រ​King Edward VII​ក្នុងប្រទេស​សិង្ហ​បុរី​។ 

​នៅ​មហាវិទ្យាល័យ​លោក​ក៏បាន​ជួប​អ្នកស្រី​សិទ្ធី​ហា​ស្មះ មហាម៉ាត់​អា​លី​(Siti Hasmah Mohamad Ali)​ជា​ភរិយា​របស់លោក ដែល​កាលនោះ​ជា​និស្សិត​ពេទ្យ​រៀន​សាលា​ជាមួយគ្នា​។ បញ្ចប់​បរិញ្ញាបត្រ​ពេទ្យ​លោក​ម៉ា​ហា​ធៀ​បាន​បម្រើការ​ជា​គ្រូពេទ្យ​ឲ្យ​រដ្ឋាភិបាល មុន​រៀបការ​ជាមួយ​អ្នកស្រី​មហាម៉ាត់​អា​លី​ក្នុង​ឆ្នាំ​១៩៥៦ ហើយ​លោក​ក៏​ត្រឡប់មក​កាន់​ទីក្រុង​អាល័រ​សេតា​វិញ​នៅ​ឆ្នាំ​បន្ទាប់​។ លោក​គឺជា​គ្រូពេទ្យ​ជនជាតិ​ម៉ាឡេ​ដំបូង​គេ​នៅក្នុង​ទីក្រុង​អាល័រ​សេតា ហើយក៏​ជា​គ្រូពេទ្យ​ជោគជ័យ​ម្នាក់​ដែរ​។ អាជីព​ជា​គ្រូពេទ្យ​កាក់កប​គួរសម​លោក​បាន​សង់ផ្ទះ​ដ៏​ធំ​មួយ និង​បាន​រកស៊ី​លើ​វិស័យ​ផ្សេងៗ​ទៀត​។ លោក​ម៉ា​ហា​ធៀ​និង​ភរិយា​មានកូន​០៧​នាក់ ដោយ​កូនច្បង​ឈ្មោះ​ម៉ា​រី​ណា​(Marina)​កើត​នៅ​ឆ្នាំ​១៩៥៧​។​

​ការចាប់យក​អាជីព​នយោបាយ​

​លោក​ម៉ា​ហា​ធៀ​បានធ្វើ​សកម្មភាព​នយោបាយ​ចាប់តាំងពី​ការបញ្ចប់​នៃ​ការ​កាន់​របស់​ជប៉ុន​នៅ​ម៉ាឡេស៊ី នៅពេល​លោក​ចូលរួម​ការតវ៉ា​ប្រឆាំងនឹង​ការផ្ដល់​សញ្ជាតិ​ដល់​ប្រជាជន​មិនមែន​ជនជាតិ​ម៉ាឡេ​ដឹកនាំ​ដោយ​សហភាព​ម៉ាឡេ​។ ក្រោយមក​លោក​បាន​តវ៉ា​ឲ្យមាន​វិធានការជា​វិជ្ជមាន​សម្រាប់ប្រជាជន​ម៉ាឡេ​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ដ្រ​។ នៅ​មហាវិទ្យាល័យ​លោក​បាន​ចូលធ្វើការ​ជាមួយ​កាសែត​The Straits Times​របស់​សិង្ហ​បុរី​ដោយ​ប្រើ​រហស្សនាម​ថា​"C.H.E. Det" ហើយ​គ្រា​ជា​សិស្ស​កាសែត​លោក​បាន​ព្យាយាម​លើកស្ទួយ​សិទ្ធិ​ម៉ាឡេ​ដូចជា​ការស្ដារ​ភាសា​ម៉ាឡេ​ជា​ភាសារផ្លូវការ​។​

​ពេល​ធ្វើជា​គ្រូពេទ្យ​នៅក្នុង​ទីក្រុង​អាល័រ​សេតា លោក​ម៉ា​ហា​ធៀ​បានក្លាយជា​បុគ្គលដ៏សក​ម្ម​នៅក្នុង​គណបក្ស​អង្គការ​រួបរួម​ជាតិ​ម៉ាឡេ​(UMNO)​។ ក្នុង​ការបោះឆ្នោត​ជា​សកល​លើកដំបូង​ក្នុងនាម​ជា​រដ្ឋ​ឯករាជ្យ​ម៉ាឡេ​ឆ្នាំ​១៩៥៩ លោក​គឺជា​ប្រធាន​គណបក្ស​នៅក្នុង​រដ្ឋ​កេ​ដះ​។ ទោះបីជា​លោក​មាន​ភាព​លេចធ្លោ​នៅក្នុង​គណបក្ស​រួបរួម​ជាតិ​ម៉ាឡេក៏ពិ​តមែន ប៉ុន្ដែ​លោក​មិនមែនជា​បេក្ខជន​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​១៩៥៩​នោះទេ ព្រោះ​លោក​យល់ថា​មិន​ចុះសម្រុង​នឹង​នាយករដ្ឋមន្ដ្រី​ទុន​គូ អាប់​ឌុល រា​មែន​(Tunku Abdul Rahman)​។ ទំនាក់ទំនង​រវាង​អ្នកនយោបាយ​នៅ​រដ្ឋ​កេ​ដះ​ទាំងពីរ​រូបនេះ បាន​តានតឹង​ចាប់តាំងពី​លោក​ម៉ា​ហា​ធៀ​រិះគន់​កិច្ចព្រមព្រៀង​របស់លោក​អាប់​ឌុល រា​មែន ចំពោះ​ការរក្សា​កងកម្លាំង​អង់គ្លេស​នៅ​ក្នុងប្រទេស​ម៉ាឡេស៊ី​បន្ទាប់ពី​ទទួលបាន​ឯករាជ្យ​ហើយ​ក្ដី​។ ក្រោយ​មាន​ទស្សនៈ​ខ្វែងគ្នា​មួយចំនួន​បានធ្វើឲ្យ​លោកម៉ា​ហា​ធៀ​ពន្យារពេល​ចូលប្រឡូក​ក្នុង​នយោបាយ​ជាតិ​ក្នុង​ការតវ៉ា ប៉ុន្ដែ​ការពន្យារពេល​នេះ​បាន​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ ទីបំផុត​ក្នុង​ការបោះឆ្នោត​ថ្នាក់ជាតិ​បន្ទាប់​នៅ​ឆ្នាំ​១៩៦៤ លោក​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​សមាជិកសភា​សហព័ន្ធ សម្រាប់​អាសនៈ​ដែលមាន​មូលដ្ឋាន​នៅក្នុង​រដ្ឋ​អាល័រ​សេតា​។​

​ការបោះឆ្នោត​ជ្រើសរើស​ជា​តំណាងរាស្ដ្រ​នៅក្នុង​សម័យ​នយោបាយ​ងាយ​នឹង​រងគ្រោះ​ដូច្នេះ លោក​ម៉ា​ហា​ធៀ​ដែលជា​អ្នក​ជ្រោ​ម​ជ្រែក​រដ្ឋាភិបាល​បានចាប់ផ្ដើម​ធ្លាក់​ក្នុង​ជម្លោះ​ជាមួយ​សិង្ហ​បុរី ជា​រដ្ឋ​ដែលមាន​សេដ្ឋកិច្ច​ខ្លាំងក្លា​និង​មាន​ប្រជាជន​ចិន​ភាគច្រើន​។ លោក​បាន​វាយប្រហារ​ដោយ​ពាក្យសម្ដី​ធ្ងន់ៗ​ដាក់​គណបក្ស​សកម្មភាព​ប្រជាជន​របស់​សិង្ហ​បុរី​ដែល​គាំទ្រ​ចិន​ប្រឆាំង​ម៉ាឡេស៊ី ព្រមទាំង​ហៅ​មេដឹកនាំ​សិង្ហ​បុរី​លោក​លី ក្វាន់​យូ​ថា​ជា​មនុស្ស​ក្រអឺតក្រទម​ថែមទៀត​ផង​។ ក្នុង​កាលៈទេសៈ​នោះ​ទោះ​លោក​ម៉ា​ហា​ធៀ​ជា​ឆ្អឹងខ្នង​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​ក៏ដោយ លោក​នៅតែ​បាត់បង់​អាសនៈ​ក្នុង​ការបោះឆ្នោត​ឆ្នាំ​១៩៦៩ ដោយ​ចាញ់​លោក​យូ​សូ​ហ្វ រ៉ា​វ៉ា​(Yusof Rawa)​។ នៅ​ចុងឆ្នាំ​១៩៦៩​លោក​ម៉ា​ហា​ធៀ​ត្រូវ​បណ្ដេញចេញ​ពី​មុខតំណែង​ក្នុង​ក្រុមប្រឹក្សា​កំពូល​នៃ​គណបក្ស​រួបរួម​ជាតិ​ម៉ាឡេ​។ រហូតដល់​លោក​អាប់​ឌុល រា​មែន​ចុះ​ចេញពី​តំណែង​នាយករដ្ឋមន្ដ្រី លោក​អាប់​ឌុល រ៉ា​ហ្សាក់ ហ៊ូ​សេន​(Abdul Razak Hussein)​នាយករដ្ឋមន្ដ្រី​ថ្មី បាន​លើក​ទឹកចិត្ដ​ឲ្យ​លោក​ម៉ា​ហា​ធៀ​ត្រឡប់​ចូលក្នុង​បក្ស​វិញ​និង​តែងតាំង​លោក​ជា​សមាជិក​ព្រឹទ្ធសភា​ក្នុង​ឆ្នាំ​១៩៧៣​។ 

​ភាព​លេចធ្លោ​របស់លោក​ម៉ា​ហា​ធៀ​ក៏​ផ្ទុះឡើង​ជាថ្មី ដោយ​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ដ្រី​ដឹកនាំ​តាម​ក្រសួង​ជាច្រើន​។ លោក​ម៉ា​ហា​ធៀ​ក៏បាន​ស្បថ​ចូល​កាន់តំណែង​នាយករដ្ឋមន្ដ្រី​លើកដំបូង ជា​នាយករដ្ឋមន្ដ្រី​ទី​៤​របស់​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​១៩៨១​ក្នុង​វ័យ​៥៦​ឆ្នាំ​។ លោក​កាន់តំណែង​ជា​នាយករដ្ឋមន្ដ្រី​អស់​រយៈពេល​២២​ឆ្នាំ​និង​១០៧​ថ្ងៃ ហើយក៏​បាន​ចូលនិវត្ដន៍​នៅ​ឆ្នាំ​២០០៣​។ ប៉ុន្ដែ​លោក​បាន​វិលត្រឡប់​ចូល​នយោបាយ​ជាថ្មី​និង​បាន​ឈ្នះឆ្នោត​ជា​នាយករដ្ឋមន្ដ្រី​ម្ដងទៀត ជា​នាយករដ្ឋមន្ដ្រី​ទី​៧​របស់​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ​២០១៨​បន្ដ​ដឹកនាំ​ប្រទេស​ដល់​បច្ចុប្បន្ន​។ លោក​បាន​ចាកចេញ​ពី​គណបក្ស​រួបរួម​ជាតិ​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ​២០១៦​ដោយសារតែ​សន្ទុះ​នៃ​ការគាំទ្រ ហើយ​បាន​ចូលរួម​ជាមួយ​គណបក្ស​ជាតិនិយម​ទើប​បង្កើត​ថ្មី​ក្នុង​ឆ្នាំ​២០១៦​ឈ្មោះ​PPBM​រហូតដល់​សព្វថ្ងៃ​។ ជារួម​លោក​ម៉ា​ហា​ធៀ មហាម៉ាត់​បាន​ប្រឡូក​ក្នុង​អាជីព​នយោបាយ​ជាង​៧០​ឆ្នាំ​មកហើយ​។​

​ការគោរព​ស្រឡាញ់​និង​ការចងចាំ​

​អ្វីដែល​លោក​ម៉ា​ហា​ធៀ​ត្រូវបាន​ប្រជាជន​ម៉ាឡេស៊ី​ចងចាំ​មិន​ភ្លេច​នោះ គឺ​ស្ថិតក្រោម​ការដឹកនាំ​របស់លោក ម៉ាឡេស៊ី​បានប្រែក្លាយ​មុខមាត់​ថ្មី​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​មួយ​នៅ​អាស៊ី​។ លោក​បាន​ទទួលយក​គោលនយោបាយ​សេដ្ឋកិច្ច​ថ្មី​ដើម្បី​កែលម្អ​ជំហរ​សេដ្ឋកិច្ចជាតិ តាមរយៈ​គោលដៅ​និង​សកម្មភាព​វិជ្ជមាន​នៅក្នុង​វិស័យ​ជាច្រើន​។ លោក​បាន​បន្ដធ្វើ​ឯកជន​ភាវូបនីយកម្ម​សហគ្រាស​រដ្ឋាភិបាល​តាំងពីដើម​ទសវត្ស​ឆ្នាំ​១៩៨០​។ រដ្ឋាភិបាល​របស់លោក​បានធ្វើ​ឯកជន​ភាវូបនីយកម្ម​ក្រុមហ៊ុន​អាកាសចរណ៍ ឧបករណ៍ប្រើប្រាស់ និង​ក្រុមហ៊ុន​ទូរគមនាគមន៍​ដែល​បាន​បង្កើនល្បឿន​ដល់​អត្រា​ប្រហែល​៥០​ឯកជន​ភាវូបនីយកម្ម​ក្នុង​មួយឆ្នាំ​នៅ​ពាក់កណ្ដាល​ទសវត្ស​ឆ្នាំ​១៩៩០​។ 

​ខណៈពេល​នៃ​ការធ្វើ​ឯកជន​ភាវូបនីយកម្ម ជាទូទៅ​បានធ្វើឲ្យ​ប្រសើរឡើង​នូវ​លក្ខខណ្ឌ​ការងា​ររបស់​ប្រជាជន​ម៉ាឡេស៊ី​នៅក្នុង​ឧស្សាហកម្ម​ឯកជន និង​បាន​បង្កើន​ប្រាក់ចំណូល​យ៉ាងច្រើន​សម្រាប់​រដ្ឋាភិបាល​។ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ដែល​គួរឲ្យកត់សម្គាល់​បំផុ​ត​នៅពេលនោះ គឺ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ជា​ផ្លូវ​រត់​ពី​ព្រំដែន​ថៃ​ទៅ​ប្រទេស​សិង្ហ​បុរី រួមទាំង​ការអភិវឌ្ឍ​ជាច្រើន​ទៀត​។​

​ចំពោះ​ការវិល​ចូលមក​កាន់តំណែង​ជាថ្មី​ក្នុង​ឆ្នាំ​២០១៨ លោក​ក៏បាន​ព្យាយាម​ស្ដារ​ប្រទេស​ដែល​ជាប់ផុង​ក្នុង​វិបត្ដិ​ឡើងវិញ មិន​ថា​វិបត្ដិ​សេដ្ឋកិច្ច​និង​វិបត្ដិនយោបាយ​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោ​កណា​ជីប រ៉ា​ហ្សាក់ សព្វថ្ងៃ​កំពុង​វ័ណ្ឌក​នឹង​រឿងអាស្រូវ​ពុករលួយ​។ លោក​ម៉ា​ហា​ធៀ​បាន​ព្យាយាម​រៀបចំ​រចនាសម្ព័ន្ធ​ថ្មី​សម្រាប់​ដឹកនាំ​ប្រទេស លុបចោល​គោលនយោបាយ​មិនចាំបាច់​នានា​រួម​នឹង​ការដោះស្រាយ​បញ្ហា​ជាច្រើន​។ លោក​ធ្លាប់​និយាយ​ក្រោយ​ចូល​កាន់តំណែង​នាពេល​ចុងក្រោយ​នេះ​ថា ដរាបណា​លោក​នៅ​មានជីវិត​លោក​នឹង​មិនឲ្យ​ម៉ាឡេស៊ី​ដួលរលំ​ដាច់​ខាត់​។ 

​សរុបមក​លោក​ម៉ា​ហា​ធៀ មហាម៉ាត់​គឺជា​មនុស្ស​ដែល​ទទួលបាន​ការគោរព​ស្រឡាញ់​ខ្លាំង​បំផុត​នៅ​ម៉ាឡេស៊ី​។ លោក​ក៏​ជា​ព្រឹទ្ធាចារ្យ​នយោបាយ​វ័យ​ចំណាស់​មួយរូប​នៅក្នុង​លោក ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​មេដឹកនាំ​អន្ដរជាតិ​។ ដ្បិត​មាន​វ័យ​៩៤​ឆ្នាំទៅ​ហើយ​ក្ដី​ប៉ុន្ដែ​លោក​ម៉ា​ហា​ធៀ​នៅតែ​រឹងមាំ​អាចដឹកនាំ​ប្រទេស​បាន ដូច​ពាក្យ​ដែល​គេ​តែង​និយាយ​តៗ​គ្នា​ថា “​ខ្ញី​កាន់តែ​ចាស់ កាន់តែ​ហឹរ​”

ព័ត៌មានផ្សេងទៀត