មេដឹកនាំ​​អាល្លឺម៉ង់​​និង​រុស្ស៊ី​​ប្ដេជ្ញា​​ជួយ​ស្វែងរក​​ស្ថិរភាព​​នៅ​មជ្ឈិម​បូព៌ា​

12-01-2020 5:23 pm 415
  ស្តាប់
អធិការបតីអាល្លឺម៉ង់(ឆ្វេង)និងប្រធានាធិបតីរុស្ស៊ី
ស្តាប់ជាសំឡេង

​អធិការបតី​អាល្លឺម៉ង់​លោក​Angela Merkel​និង​ប្រធានាធិបតី​រុស្ស៊ី​លោក​Vladimir Putin បានបង្ហាញ​ការប្ដេជ្ញាចិត្ដ​យ៉ាងមុត​មាំ​ជាមួយគ្នា ធ្វើយ៉ាងណា​នាំយក​ស្ថិរភាព​ទៅឲ្យ​តំបន់​មជ្ឈិមបូព៌ា​វិញ បន្ទាប់ពី​ផ្ទុះ​ភាព​តានតឹង​រវាង​អាមេរិក​ជាមួយនឹង​អ៊ីរ៉ង់​។ ជា​ភាព​តានតឹង​កើតឡើង​ក្រោយពេល​អាមេរិក​សម្លាប់​មេបញ្ជាការ​កំពូល​របស់​អ៊ីរ៉ង់​ម្នាក់​ឈ្មោះ​Qassem Soleimani ហើយ​អ៊ីរ៉ង់​ក៏​សងសឹក​ដោយ​វាយប្រហារ​លើ​មូលដ្ឋានទ័ព​អាមេរិក​ប្រចាំ​ប្រទេស​អ៊ីរ៉ាក់​ចំនួន​ពីរ​កន្លែង​។​

​ថ្លែង​ក្នុង​សន្និសីទកាសែត​រួម​បន្ទាប់ពី​កិច្ចពិភាក្សា​កាលពី​ថ្ងៃ​សៅរ៍ ក្នុងជំនួប​នៅ​ទីក្រុង​ម៉ូស្គូ​ប្រទេស​រុស្ស៊ី លោកស្រី​Merkel​ស្វាគមន៍​នូវ​ការសារភាព​របស់​អ៊ីរ៉ង់ ដែល​ហ៊ាន​បង្ហាញ​ការពិត​ថា​ខ្លួន​បាន​បាញ់​ទម្លាក់​យន្ដហោះ​ដឹក​អ្នកដំណើរ​អ៊ុយ​ក្រែន​ដោយ​ចៃចន្យ​។ លោកស្រី​សង្កត់ធ្ងន់ថា​ជា​រឿង​ល្អ​ដែល​បានដឹង​ច្បាស់​នូវ​អ្នកទទួលខុសត្រូវ​ដូច្នេះ​។ ប៉ុន្ដែ​លោកស្រី​ក៏​ស្នើឲ្យ​បើ​កការស៊ើបអង្កេត​បន្ថែ​ម ហើយ​អ្វី​គ្រប់យ៉ាង​នឹង​អាច​ធ្វើបាន​តាមរយៈ​ការស្វែងរក​ដំណោះស្រាយ​។​

​ចំណែក​ប្រធានាធិបតី​រុស្ស៊ី​លោក​Putin​បាន​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ​អាមេរិក​-​អ៊ីរ៉ង់ ត្រូវ​ចៀសវាង​ការបង្ក​សកម្មភាព​យោធា​ទ្រង់ទ្រាយ​ធំ​។ បើ​មិន​អ៊ីចឹង​ទេ​ផលប៉ះពាល់​មិនមែន​កើតឡើង​តែ​នៅ​មជ្ឈិមបូព៌ា​ឡើយ ពិភពលោក​ទាំងមូល​នឹង​ជួបប្រទះ​បញ្ហា​ដូចគ្នា​។ ជាក់ស្ដែង​គ្រាន់តែ​មាន​ការផ្ទុះអាវុធ​កើតឡើង អន្ដរជាតិ​ហាក់​ជ្រួលច្របល់​ខ្លាំង រីឯ​អ្នកសេដ្ឋកិច្ច​ខ្លះ​ថា​តម្លៃ​ប្រេង​បាន​ប្រែប្រួល រហូត​សន្និដ្ឋាន​នឹង​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក​បើ​អាមេរិក​-​អ៊ីរ៉ង់​ផ្ទុះអាវុធ​ទ្រង់ទ្រាយ​ធំ​។​

​នៅក្នុង​សន្និសីទកាសែត​មេដឹកនាំ​ទាំងពីរ​Putin​និង​លោកស្រី​Merkel​បានបញ្ជាក់​សារជាថ្មី​ថា នឹង​បន្ដ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បីឲ្យ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ប​ន្ដ​នៅ​មានជីវិត​។ កិច្ចព្រមព្រៀង​ចុះ​ឆ្នាំ​២០១៥​នេះ​អាមេរិក​បានប្រកាស​ដក​ខ្លួន​តាំងពី​ខែឧសភា​ឆ្នាំ​២០១៨ ដោយ​ចោទថា​អ៊ីរ៉ង់​មិន​គោរព​តាម​លក្ខន្ដិក​។ កិច្ចព្រមព្រៀង​ស្ទើរតែ​ស្លាប់​បាត់ទៅហើយ សូម្បី​អ៊ីរ៉ង់​ក៏​ប្រកាស​ឈប់​អនុវត្ដ​តាម​ទាំងស្រុង​ព្រោះតែ​ខឹង​អាមេរិក​ខ្លាំងពេក​។​

​ដោយឡែក​ពាក់ព័ន្ធ​នឹង​សង្គ្រាមស៊ីវិល​កំពុង​បន្ដ​កើតឡើង​នៅ​ប្រទេស​លី​ប៊ី លោកស្រី​Merkel​បានប្រកាស​ពី​ចេតនា​ចង់​ធ្វើជា​ម្ចាស់ផ្ទះ​ដឹកនាំ​កិច្ច​ចរចា​ស្វែងរក​សន្ដិភាព​។ លោកពូ​ទីន​ក៏​គាំទ្រ​ពេញទំហឹង​នូវ​គំនិត​នេះ ហើយ​ស្នើឲ្យ​រៀបចំ​ពេលវេលា​សមរម្យ​សម្រា​ប់​កិច្ចចរចា​នៅក្នុង​ទីក្រុង​ប៊ែក​ឡាំង​៕

ព័ត៌មានផ្សេងទៀត