សហព័ន្ធកីឡាម៉ូតូទឹកស្នើសុំទីតាំងឆ្នេរសមុទ្រខេត្តព្រះសីហនុ២កន្លែង ដើម្បីហ្វឹកហាត់

12-01-2020 3:50 pm 142
  ស្តាប់
ស្តាប់ជាសំឡេង

លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានធ្វើបទបង្ហាញលើសំណើសុំការអនុញ្ញាតប្រើប្រាស់ និងគ្រប់គ្រងទីតាំងឆ្នេរសមុទ្រចំនួន២ទីតាំង ស ម្រាប់បម្រើសកម្មភាពហ្វឹកហាត់ការជិះកម្សាន្ត និងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹក នៅក្រុងព្រះសីហនុ គឺឆ្នេរអូត្រេះ និង ឆ្នេរព្រែកត្រែង ដោយមានការចូលរួមពីអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ខែមករាឆ្នាំ២០២០។

លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា មានប្រសាសន៍ពីសក្តានុពលរបស់ខេត្តព្រះសីហនុ មានឆ្នេរខ្សាច់សរស្អាត ទឹកខៀវស្រងាត់មានសណ្ឋាគារខ្នាតអន្តរជាតិព្រលានយន្តហោះ កំពង់ផែអន្តរជាតិទឹកជ្រៅ ក្នុងការរៀបចំការប្រកួតកីឡាម៉ូតូទឹក ជាលក្ខណៈអន្តរជាតិ និងទទួលភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុ ។

បច្ចុប្បន្ន កម្ពុជាមានកីឡាករម៉ូតូទឹកចំនួន៥រូបបានបញ្ជូនទៅចូលរួមការប្រកួតជាអន្តរជាតិ ក្នុងនោះក៏មានកីឡាករ ០២រូប ទទួលបានមេដាយមាសផងដែរ ។ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានបង្កើតឡើងក្នុងគោលបំណងចំនួន៣គឺ ទី១.រួមចំណែកលើកស្ទួយវិស័យកីឡាមួយប្រភេទទៀតនៅកម្ពុជាសម្រាប់យុវវ័យកម្ពុជា។២.រួមចំណែកក្នុងការបណ្តុះបណ្តាលកីឡាករវ័យក្មេងកម្ពុជា ជាជម្រើសសម្រាប់ត្រៀមរៀបចំប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងការប្រកួតកីឡានានា។ ៣.រួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា តាមរយ:ព្រឹត្តិការប្រកួតកីឡានានា។

ដោយសារតែវិស័យកីឡា មានសក្តានុពលក្នុងការទាក់ទាញភ្ញៀវទេសចរ ទើបសហព័ន្ធខិតខំកៀរគរធន ធានបន្ថែមទៀត ព្រមទាំងរៀបចំព្រឹត្តិការណ៍នានានៅខេត្តព្រះសីហនុ នៅឆ្នេរអូត្រេះនិងឆ្នេរព្រែកត្រែងនាពេលខាងមុខ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ការបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹក JET SKI នៅតាមឆ្នេរក្នុងខេត្តព្រះសីហនុ ដោយធានាសន្តិសុខ សុវត្ថិភាព ប៉ុន្តែមិនអនុញ្ញាតឱ្យមានទីតាំងហ្វឹកហាតជាប់ជាប្រចាំនៅតាមឆ្នេរនោះទេដើម្បីរក្សាសោភ័ណភាព និងបរិស្ថានតំបន់ឆ្នេរ ៕ 

ព័ត៌មានផ្សេងទៀត