ក្រសួង​អប់រំ​ជំរុញ​ឲ្យ​គ្រូបង្រៀន​បង្កើន​សមត្ថភាព​ខ្លួន​តាម​បច្ចេកវិទ្យា​ទំនើប​

12-01-2020 3:41 pm 190
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជំរុញ​ដល់​លោកគ្រូ​អ្នកគ្រូ ត្រូវ​បន្ត​យកចិត្តទុកដាក់ ក្នុង​ការបង្រៀន​សិស្ស​ឱ្យ​ប​នា​ដិតដល់ ពិសេស​ត្រូវ​បង្កើន​សមត្ថភាព​របស់​ខ្លួន តាម​បច្ចេកវិទ្យា​ទំនើប ដោយ​ការ​ដាស់តឿន​នេះ ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​តែងតាំង​លោក តាន់ ប៊ុន​ហុង ចូលកាន់​តំណែង​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពង់ធំ​ថ្មី​នៅ​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២០​។

​លោក ហង់ ជួន​ណារ៉ុន​បាន​ជំរុញ​ឲ្យ​លោកគ្រូ​អ្នកគ្រូ​បង្រៀន​សិស្ស​ដោយ​យកចិត្តទុកដាក់ និង​បង្កើន​សមត្ថភាព​របស់​ខ្លួន​តាម​បច្ចេកវិទ្យា​ទំនើប ជា​ពិសេស​ត្រូវ​ពង្រឹង​ទៅលើ​អនុវិស័យ​កុមារ​តូច ដោយ​ពង្រីក​ផ្ទៃ​សិក្សា​សហគមន៍ នៅតាម​មូលដ្ឋាន​នឹង​ផ្ដោត​សំខាន់ ទៅលើ​សាលា​កុមា​មេត្រី ដោយ​គ្រប់គ្រង​សាលា​ប្រកបដោយ​គុណភាព​។​

លោក​បន្តថា ការការពារ​សុវត្ថិភាព​ផ្លូវចិត្ត ការពារ​ម្ហូបអាហារ ការថែរក្សា​កែលម្អ​បរិស្ថាន​សាលារៀន ដើម្បី​ជា​ភាព​ទាក់ទាញ​សិស្សានុសិស្ស​ឲ្យបាន​ចូលរៀន​នៅ​គ្រប់​ភូមិ​សិក្សា ដោយ​ផ្ដោត​សំខាន់​ទៅលើ​វិធីសាស្ត្រ​អំ​ណាន​ដំបូង ត្រូវ​ចេះ​អាន សរសេរ​ភាសា​ខ្មែរ​ឲ្យបាន​ច្បាស់លាស់ ត្រូវ​តាមដាន​សភាពការណ៍​ប្រចាំថ្ងៃ ជាពិសេស​ទៅលើ​មតិយោបល់​របស់​ប្រជាជន និង​ការវាយប្រហារ​ចេញ​ពី​គ្រប់​មជ្ឈដ្ឋាន និង​បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត​។ មន្ទីរ និង​អង្គភាព​គួរ​មាន បណ្តាញ​មួយ ដើម្បី​ទទួល​នូវ​ព័ត៌មាន និង​សំណូមពរ​របស់​សហគម​ន៍ សង្គម​ស៊ីវិល និង​ដៃគូ​ទាំងអស់ ដើម្បី​យក​មក​ពិនិត្យ និង​ដោះស្រាយ​ឲ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​។​

​លោក​រដ្ឋមន្ត្រី​បាន​ណែនាំ ឱ្យ​បន្ត​អនុវត្ត​ដំណើរការ​កែទម្រង់​ដោយ​ឆន្ទៈ​មុត​ស្រួច និង​កាន់តែ​មាន​ប្រសិទ្ធភាព ដោយ​គិតគូរ​អំពី​ការរៀបចំ​ប្រព័ន្ធ​តាមដាន ត្រួតពិនិត្យ​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​គ្រប់​ជ្រុងជ្រោយ និង​សង្គតិភាព​ដែល​គ្របដណ្តប់ លើ​គ្រប់​វិស័យ​ដោយ​មិន​ត្រូវ​មើលរំលង អំពី​ការពង្រឹង​រដ្ឋបាល​សាធារណៈ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ជា​រដ្ឋបាល​ទំនើប ស្អាតស្អំ និង​ប្រកបដោយ​គុណភាព ដើម្បី​ធានា​សាមគ្គីភាព និង​ប្រសិទ្ធភាព​ស្ថាប័ន ការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច និង​ការផ្តល់​សេវា​កាន់តែ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​ក៏ដូចជា​វិស័យ​ឯកជន​៕

ព័ត៌មានផ្សេងទៀត