លោកស្រី​ត្សៃ អ៊ីង​វិន​​ឈ្នះឆ្នោត​​ដឹកនាំ​តៃវ៉ា​ន់​ក្នុង​អាណត្ដិ​ទីពីរ​​បន្ដទៀត​

12-01-2020 2:36 pm 251
  ស្តាប់
ប្រធានាធិបតីតៃវ៉ាន់លោកស្រី​ត្សៃ អ៊ីង​វិន
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​ត្សៃ អ៊ីង​វិន បាន​ឈ្នះឆ្នោត​យ៉ាង​ភ្លូកទឹកភ្លូកដី​កាលពី​ថ្ងៃ​ទី​១១​មករា បន្ដ​ជា​ប្រធានាធិបតីស្ដ្រី​ដំបូង​គេ​របស់តៃ​វ៉ាន់ដែល​កាន់តំណែង​ពីរ​អាណត្ដិ​។ ស្របពេល​ជាមួយគ្នា​អ្នកបោះឆ្នោត​ក៏​រិះគន់​គួរឲ្យភ្ញាក់ផ្អើល​ទៅលើ​យុទ្ធនាកា​ររបស់​ក្រុង​ប៉េកាំង នៅក្នុង​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​មួយ​នេះ​។ ទីក្រុង​ប៉េកាំង​ចាត់ទុក​តៃវ៉ាន់​ជា​ខេត្ដ​មួយ​របស់​ចិន និង​ធ្លាប់​គំរាម​មិនឲ្យ​តៃវ៉ាន់​ផ្ដាច់ខ្លួន​ឡើយ បើទោះបីជា​ប្រជាជន​គាំទ្រ​ប្រជាធិបតេយ្យ​តៃវ៉ាន់ មិន​ចង់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ចិន​ក៏ដោយ​។​

​លោកស្រី​ត្សៃ​បច្ចុប្បន្ន​មានវ័យ​៦៣​ឆ្នាំ​ទៅហើយនោះ ទទួលបាន​ការស្វាគមន៍​យ៉ាងខ្លាំង​ពី​ក្រុម​អ្នកគាំទ្រ​លោកស្រី​នៅ​ខាងក្រៅ​ទីស្នាក់ការ​កណ្ដាល​បក្ស ដោយ​ពួកគេ​នាំគ្នា​ស្រែក​ហ៊ោ​និង​គ្រវីទង់ជាតិ​បង្ហាញ​ពី​ការអបអរ​នឹង​ជ័យជម្នះ​។ នៅមុខ​ក្រុម​អ្នកគាំទ្រ​លោកស្រី​ត្សៃ​គូសបញ្ជាក់ថា “​នៅថ្ងៃនេះ​យើង​បាន​ការពារ​ជ័យជម្នះ​របស់​យើង ការពារ​ប្រជាធិបតេយ្យ​និង​សេរីភាព​។ នៅ​ថ្ងៃស្អែក​អនុញ្ញាតឲ្យ​យើង​អាច​រួបរួម​យកឈ្នះលើ​បញ្ហា​ប្រឈម​និង​គ្រប់​ផលវិបាក​ទាំងអស់​។​”

​បើតាម​លទ្ធផល​ផ្លូវការ​បង្ហាញថា​លោកស្រី​ត្សៃ​ឈ្នះ​៥៧​ភាគរយ​ក្នុង​ការបោះឆ្នោត គឺ​ទទួលបាន​សន្លឹកឆ្នោត​បំបែក​កំណត់ត្រា​ចំនួន​៨.២​លាន​សន្លឹក កើនឡើង​លើស​សន្លឹកឆ្នោត​ទទួលបាន​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៦​ចំនួន​១.៣​លាន​សន្លឹក​។ គូប្រជែង​របស់​លោកស្រី​គឺ​លោក​ហាន គួ​យូ​(Han Kuo-yu)​មកពី​គណបក្ស​គួ​មីនតា​ង​មាន​ទំនោរ​ទៅរក​ចិន ទទួលបាន​សំឡេងគាំទ្រ​តែ​៣៩​ភាគរយ​ប៉ុណ្ណោះ​។ គណបក្ស​នេះ​ក៏​ទទួលស្គាល់​បរាជ័យ​ដែរ​។​

​បរាជ័យ​របស់​គណបក្ស​គួ​មីនតា​ង​ក៏​ពុំមែន​ជា​ការពេញចិត្ដ​របស់​ទីក្រុង​ប៉េកាំង​ដែរ ព្រោះ​ចិន​មិន​ចង់ឲ្យ​តៃវ៉ាន់​នឹកឃើញ​ផ្លូវបំបែក​ខ្លួន​។ ស្ថិតក្រោម​ការដឹកនាំរ​បស់​លោកស្រី​ត្សៃ អ៊ីង​វិន ចិន​នៅតែ​បារម្ភ​ខ្លាច​លោកស្រី​ដឹកនាំ​តៃវ៉ាន់​ផ្ដាច់ខ្លួន​ជា​រដ្ឋ​ឯករាជ្យ មិន​ថា​ខ្លួន​មានអំណាច​អាច​គ្រប​សង្កត់​តៃវ៉ាន់​បាន ប៉ុន្ដែ​នេះ​មិនមែនជា​ជម្រើស​ដែល​ចិន​ចង់​បានទេ​។ ចិន​ចង់ឲ្យ​តៃវ៉ាន់​ស្ម័គ្រចិត្ដ​នៅក្រោម​ការគ្រប់គ្រង​របស់​ចិន​ដោយ​ខ្លួនឯង​ពុំ​មែនជា​ការបង្ខិតបង្ខំ ដល់​ថ្នាក់​ចិន​ព្រម​ប្រើ​ប្រព័ន្ធ​ដឹកនាំ​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​ដូច​ហុងកុង​ទៀត​ឲ្យតែ​តៃវ៉ាន់​ព្រម​។ តែ​បើសិន​គណបក្ស​ប្រជាធិបតេយ្យ​ឆ្ពោះទៅមុខ​របស់​លោកស្រី​ត្សៃ​នៅ​បន្ដ​ឈ្នះឆ្នោត ចេតនា​ចិន​ដែល​ចង់បាន​តៃវ៉ាន់​មក​គ្រប់គ្រង​ប្រាកដ​ណាស់​ជា​លំបាក​ដដែល​៕​

ព័ត៌មានផ្សេងទៀត