ប្រជាជន​អ៊ីរ៉ង់​​ផ្ទុះ​ការតវ៉ា​​ប្រឆាំង​​រដ្ឋាភិបាល​​ករណី​​បាញ់​ទម្លាក់​​យន្ដហោះ​​អ៊ុ​យក្រែន​

12-01-2020 9:26 am 2017
ប្រជាជនអ៊ីរ៉ង់ជាង១ពាន់នាក់នាំគ្នាតវ៉ា

​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​Hassan Rouhani​កាលពី​ថ្ងៃ​សៅរ៍ បាន​ចេញមុខ​ប្រកាសថា​យន្ដហោះ​ដឹក​អ្នកដំណើរ​អ៊ុ​យក្រែន​Boeing 737 ផ្ទុក​មនុស្ស​១៧៦​នាក់ មិនមែន​ធ្លាក់​ដោយសារតែ​បញ្ហា​បច្ចេកទេស​នោះទេ គឺជា​ការបាញ់​ទម្លាក់​ដោយ​ភ័ន្ដច្រឡំ​របស់​យោធា​អ៊ីរ៉ង់​។ ភ្លាមៗ​បន្ទាប់ពី​ការប្រកាស​នេះ ប្រជាជន​អ៊ីរ៉ង់​ជាង​១​ពាន់​នាក់​បាននាំគ្នា​ប្រមូលផ្ដុំ​តវ៉ា​នៅតាម​ដងផ្លូវ ចំពោះ​ហេតុការណ៍​មិន​នឹកស្មាន​ដល់​បានសម្លាប់​មនុស្ស​ទាំង​១៧៦​នាក់​នេះ​។​

​មេបញ្ជាការ​កងទ័ព​ជើង​អាកាស​នៃ​កងទ័ព​បដិវត្ដន៍​អ៊ីរ៉ង់​លោក​Amir Ali Hajizadeh បាន​និយាយថា​បន្ទាប់ពី​ផ្ទុះ​ភាព​តានតឹង​ជាមួយ​អាមេរិក​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​អ៊ីរ៉ង់ បាន​ស្ថិតក្នុង​ការប្រកាសអាសន្ន​កម្រិត​ខ្ពស់​ត្រៀម​ការពារ​ការវាយប្រហា​រណា​មួយ​ពី​អាមេរិក​។ ប្រតិ​បត្ដិកា​រនៃ​ប្រព័ន្ធ​ការពារ​ដែនអាកា​សចាប់​បាន​សញ្ញា​យន្ដហោះ​ដឹក​អ្នកដំណើរ​អ៊ុ​យក្រែន ភ័ន្ដច្រឡំ​ថា​ជា​ការវាយប្រហារ​ពី​អាមេរិក​ទើប​បញ្ជា​ឲ្យ​បាញ់​មី​ស៊ី​ល​ស្ទាក់​កម្ទេច​តែម្ដង​។​

​ក្រុម​តវ៉ា​អ៊ីរ៉ង់​តក់ស្លុត​កាន់តែខ្លាំង​ក្រោយ​ទទួលបាន​ដំណឹង​នេះ ហើយ​ពួកគេ​បាន​ជះ​កំហឹង​ទៅលើ​រដ្ឋាភិបាល​និង​ចោទថា​រដ្ឋាភិបាល​ចង់​លាក់បាំង​ការពិត ចំពោះ​ហេតុការណ៍​ដែល​បានសម្លាប់​មនុស្ស​ជាង​១០០​នាក់​នេះ​។ ពួកគេ​បាន​រិះគន់​មេដឹកនាំ​កំពូល​របស់ខ្លួន​លោក​Ayatollah Ali Khamenei ព្រមទាំង​ស្រែក​ខ្លាំងៗ​ថា​ស្លាប់ទៅ​មេដឹកនាំ​ផ្ដាច់ការ​។ វា​ជា​រឿង​ដែល​កម្រ​បំផុត​នៅក្នុង​រដ្ឋ​អ៊ីស្លាម​ដែល​មានច្បាប់​យ៉ាង​តឹងរ៉ឹង ក្នុង​ការរិះគន់​មេដឹកនាំ​ប្រទេស​ជា​សាធារណៈ​ដូច្នេះ​។​

​ក្រុម​តវ៉ា​និយាយ​ដែរថា រដ្ឋាភិបាល​ទំនង​បានដឹង​រឿងរ៉ាវ​គ្រប់យ៉ាង​តាំងពី​ដំបូង ថា​មាន​អ្វី​កើតឡើង​ពិតប្រាកដ ប៉ុន្ដែ​បាន​ព្យាយាម​ចង់​លាក់បាំង​ព័ត៌មាន​នេះ​។ ពួកគេ​ទាមទារ​ឲ្យមាន​ការកាត់ទោស​ចំពោះ​អ្នកប្រព្រឹត្ដ​។ ក្រៅតែពី​ប្រជាជន​ចូលរួម​តវ៉ា​ផ្ទាល់ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ក៏​ប្រតិកម្ម​ខ្លាំងៗ​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់ ដោយ​ខ្លះ​និយាយថា​ពួកគេ​នឹង​មិនអាច​អត់ឱន​ដល់​អាជ្ញាធរ​បាន​ដាច់ខាត ប្រជាជន​ត្រូវបាន​គេ​បោកប្រាស់​ហើយ​។​

​និយាយ​ពី​លោក​ដូណាល់ ត្រាំ​វិញ បាន​បង្ហោះ​សារ​នៅលើ​ធ្វី​ត​ទ័​រ​ថា “​សូម​ផ្ញើ​ទៅកាន់​ប្រជាជន​អ៊ីរ៉ង់​ដ៏​ក្លាហាន​និង​កំពុង​រង​ការឈឺចាប់ ខ្ញុំ​បាន​ឈរ​នៅ​ជាមួយ​អ្នក​តាំងពី​ខ្ញុំ​ចូល​កាន់តំណែង​ម្ល៉េះ ហើយ​រដ្ឋាភិបាល​របស់​ខ្ញុំ​នឹង​បន្ដ​នៅ​ជាមួយ​អ្នក​។ យើង​កំពុង​នៅ​ពីក្រោយ​ការតវ៉ា​របស់​អ្នក​យ៉ាង​កៀក​បំផុត ភាពក្លាហាន​របស់​អ្នក​កំពុង​ត្រូវបាន​លើក​ទឹកចិត្ដ​ហើយ​។​”

​តាមរយៈ​សារ​នៅលើ​ធ្វី​ត​ទ័​រលោក​ត្រាំ​បន្ថែមថា រដ្ឋាភិបាល​អ៊ីរ៉ង់​ត្រូវតែ​អនុញ្ញាតឲ្យ​ក្រុម​សិទ្ធិមនុស្ស​ចូល​តាមដា​ន​និង​រាយការណ៍​ការពិត​ចំពោះ​ការតវ៉ា​នៅ​អ៊ីរ៉ង់​។ មិនអាច​មាន​ការបង្ក្រាប​ណាមួយ​ត្រូវធ្វើឡើង​ដាច់ខាត ទៅលើ​ក្រុម​តវ៉ា​ដែល​កំពុង​ធ្វើ​សកម្មភាព​ដោយ​អហិង្សា​នេះ ហើយ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​ក៏មិន​ត្រូវ​បិទ​ដែរ​។ ពិភពលោក​កំពុង​ឃ្លាំមើល​ករណីនេះ​។​

​សូមបញ្ជាក់ថា មនុស្ស​ទាំង​១៧៦​នាក់​នៅលើ​យន្ដហោះ​ដែល​ស្លាប់មាន​ជនជាតិ​អ៊ីរ៉ង់​៨២​នាក់ ជនជាតិ​កាណាដា​៦៣​នាក់ ជនជាតិ​អ៊ុ​យក្រែន​១១​នាក់ រួមទាំង​បុគ្គលិក​យន្តហោះ​ជនជាតិ​ស៊ុយអែត​១០​នាក់ ជនជាតិ​អា​ហ្វ​ហ្គានី​ស្ថាន​៤​នាក់ ជនជាតិ​អង់គ្លេស​៣​នាក់ និង​អាល្លឺម៉ង់​៣​នាក់​៕

ព័ត៌មានផ្សេងទៀត