តៃវ៉ាន់​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​អាណត្តិ​ថ្មី​

11-01-2020 5:25 pm 511

​ការិយាល័យ​បោះឆ្នោត​តៃវ៉ាន់ បាន​បើកទ្វារ​នៅ​ម៉ោង​៨​ព្រឹក ថ្ងៃ​សៅរ៍​ទី​១១​ខែ​មករា​ឆ្នាំ​២០២០ ដើម្បី​ទទួល​ប្រជាជន​តៃវ៉ាន់​ចំនួន​១៩​លាន​នាក់ ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ជ្រើសរើស​ប្រធានាធិបតី​អាណត្តិ​ថ្មី សម្រាប់​ដឹកនាំ​កោះ​តៃវ៉ាន់​។ នៅក្នុង​ការបោះឆ្នោត​នេះ មាន​បេក្ខជន​ឈរ​ឈ្មោះ​ចំនួន​៣​រូប នៅក្នុង​នោះ​រួមមាន​លោកស្រី Tsai Ing-wen ប្រធានាធិបតី​អាណត្តិ​ចាស់ លោក​Han Kuo-yu​មកពី​គណបក្ស Kuomintang គាំទ្រ​ចិន រួម​ទាំង​ជា​ចៅហ្វាយក្រុង​Kaohsiung  និង​លោក James Soong​ប្រធាន​គណបក្ស People First Party​។ បេក្ខជន​ដែល​លេចធ្លោ មាន​តែ​ពីរ​រូប​ប៉ុណ្ណោះ គឺ​លោកស្រី Tsai Ing-wen​និង​Han Kuo-yu​។​

​តែ​គេ​សង្កេតឃើញថា លោកស្រី Tsai Ing-wen ទំនង​ទទួលបាន​សំឡេងគាំទ្រ​ច្រើន​ជាង​គេ​។ មូលហេតុ ដោយសារតែ​លោក​ស្រី បាន​ប្រកាន់យក​គោលនយោបាយ គាំទ្រ​ក្រុមអ្នកតវ៉ា​តៃវ៉ាន់​បំបែក​ខ្លួន​ចេញពី​ចិន​។ នេះ​ជា​ការចង់បាន​របស់​ប្រជាជន​តៃវ៉ាន់​ភាគច្រើន ដែល​ស្រេកឃ្លាន​ឯករាជ្យ​។ នៅ​មុន​ការបោះឆ្នោត លោកស្រី Tsai បាន​បង្ហោះ​សារ​អូសទាញ​ចិត្ត​ម្ចាស់ឆ្នោត ដោយ​លើកឡើង​ថា « លោកស្រី​ចង់​រក្សា​នូវ​គោលនយោបាយ​ចាស់ ដោយ​លោកស្រី​មិន​ចង់​ឲ្យ​តៃវ៉ាន់​បាត់បង់​ឯករាជ្យភាព​ឡើយ »​។ លោកស្រី​ក៏​ធ្លាប់​បាន​ច្រានចោល​ថា តៃវ៉ាន់​មិនអាច​ក្លាយជា​រដ្ឋាភិបាល​មួយ ដែល​មាន​ប្រព័ន្ធ​គ្រប់គ្រង​ពីរ​បាន​ឡើយ ខណៈ​គោលការណ៍​នេះ​កំពុង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ហុងកុង បន្ទាប់​ពី​អង់គ្លេស​ប្រគល់​ហុងកុង​ឲ្យ​ចិន​គ្រប់គ្រង​នៅ​ឆ្នាំ​១៩៩៧​។ បន្ថែម​ពី​នេះ លោកស្រី Tsai បន្ថែមទៀតថា « បើ​តៃវ៉ាន់​មិន​រួម​គ្នា​រក្សា​ឯករាជ្យ​ទេ នោះ​វាសនា​តៃវ៉ាន់​មិន​ខុស​ពី​ហុងកុង​ឡើយ »​។ 

​រីឯ​សារ​នយោបាយ​របស់​លោក Han Kuo-yu វិញ បែរ​ជា​ចង់ឲ្យ​រដ្ឋាភិបា​លកោះ​តៃវ៉ាន់ បន្ធូរបន្ថយ​ភាព​តានតឹង​ជាមួយ​ចិន​វិញ ដោយ​លើកឡើង​ថា « បើ​យើង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន នោះ​សេដ្ឋកិច្ច​យើង​នឹង​រីកចម្រើន តែ​មិនមែន​មានន័យថា​យើង​នៅក្រោម​ការគ្រប់គ្រង​របស់​ចិន​ឡើយ »​។ 

​សូមបញ្ជាក់​ថា ការបោះឆ្នោត​ត្រូវ​គេ​រំពឹងថា នឹង​ដឹង​នៅក្រោយ​ការបោះឆ្នោត​ថ្ងៃទី​១១​ខែ​មករា​ឆ្នាំ​២០២០​នេះ​៕​

 ពាក្យគន្លឹះ  តៃវ៉ាន់បោះឆ្នោត

ព័ត៌មានផ្សេងទៀត