អ៊ីរ៉ង់​ប្រកាសថា​ខ្លួន​ជា​អ្នកបាញ់​ទម្លាក់​យន្តហោះ​ប៊ូ​អ៊ី​ញ​737-800

11-01-2020 2:59 pm 655

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​យោធា​អ៊ីរ៉ង់ បាន​ចេញ​មក​អាន​សេចក្តីថ្លែងការណ៍​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍​ទូរទស្សន៍ រដ្ឋ​ដោយ​ប្រកាសថា ខ្លួន​ពិតជា​បាន​បាញ់​ទម្លាក់​យន្តហោះ Boeing 737-800​មែន តែ​ជា​កំហុស​អ​ចេតនា​ប៉ុណ្ណោះ​។ ខ្លឹមសារ​នៅក្នុង​សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា យន្តហោះ​បាន​ធ្វើដំណើរ​មក​ក្បែរ មជ្ឈមណ្ឌល​យោធា​ដ៏​រសើប នៃ​ឆ្មាំ​បដិវត្ត ដែល​ជា​កម្លាំង​បង្កើតឡើង ដើម្បី​ការពារ​ប្រព័ន្ធ​អ៊ីស្លាម​របស់​ប្រទេស​។ សេចក្តីថ្លែងការណ៍​បាន​បកស្រាយ​ថា ដោយសារ​តែ​ភាព​តានតឹង​កើន​ឡើង​ជាមួយ​សហរដ្ឋ​អាមេរិក យោធា​អ៊ីរ៉ង់​បាន​ស្ថិតនៅ​ក្នុង​កម្រិត​ត្រៀម​ខ្លួន​ខ្ពស់បំផុត​។ នៅក្នុង​ស្ថានភាព​បែប​នេះ កំហុស​របស់​មនុស្ស​ក៏​បាន​កើតឡើង ហើយ​យន្តហោះ​ក៏​ត្រូវ​បាន​វាយប្រហារ​ដោយ​អ​ចេតនា​។

 ​យោធា បាន​សុំទោស​ចំពោះ​ហេតុការណ៍​ដ៏​គួរឲ្យខ្លោច​ផ្សារ​នេះ ដោយ​និយាយថា ខ្លួន​នឹង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ការការពារ ដើម្បី​ចៀសវាង​កំហុស​ដោយ​អ​ចេតនា​បែប​នេះ កើតឡើង​នា​ពេលអនាគត​។ បើទោះបីជា​កំហុស​កើតឡើង​ដោយ​មិន​បាន​រៀបចំ​ទុក​មុន​ក៏ដោយ ប៉ុន្តែ​អ៊ីរ៉ង់​នឹង​ប្រមូល​អ្នក​ទទួលខុសត្រូវ ក្នុង​ការបាញ់​មី​ស៊ី​ល​នេះ​មក​កាត់ទោស​។​

​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​Hassan Rouhani បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម Twitter ដោយ​បង្ហាញ​ពី​ការ​ស្ដាយ​យ៉ាងខ្លាំង ចំពោះ​កំហុសឆ្គង​ដ៏​ធ្ងន់ធ្ងរ​នេះ​។ លោក​បាន​ប្រកាស​បើក​ការស៊ើបអង្កេត​ឲ្យបាន​ហ្មត់ចត់ ដើម្បី​វែកមុខ​អ្នកបង្ក​ទាំងអស់នោះ មក​ដាក់​ទោស​ទៅ​តាម​ច្បាប់​។ រីឯ​លោក Mohammad Javad Zarif​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​Twitter ថា យន្តហោះ​ពិតជា​ធ្លាក់ ដោយ​ការបាញ់​របស់​អ៊ីរ៉ង់​ពិតមែន តែ​ជា​កំហុស​កើតឡើង​ដោយ​អ​ចេតនា​ទេ​។ មិន​ខុស​ពី​ប្រធានាធិបតី លោក​រដ្ឋមន្ត្រី​ការបរទេស បាន​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត និង​ប្ដេជ្ញា​បង្កើន​ការគ្រប់គ្រង​និង​ការពារ​ដែនអាកាស​ឲ្យបាន​ល្អ​ជា​ង​នេះ​។​

​គួរ​ជម្រាបជូន​ថា ដំបូង​ឡើយ​អ៊ីរ៉ង់​បាន​បដិសេធ ការចោទប្រកាន់​ពី​អាមេរិក​និង​កាណាដា ព្រម​ទាំង​ប្រទេស​ដែល​មាន​ប្រជាជន​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នេះ ថា​មិន​បាន​បាញ់​ទម្លាក់​យន្តហោះ Boeing 737-800​ទេ​។ អ៊ីរ៉ង់​បានប្រកែក និង​មិន​ព្រម​ប្រគល់​ប្រអប់​ខ្មៅ​របស់​យន្តហោះ​រងគ្រោះ ទៅឲ្យ​ក្រុមហ៊ុន Boeing ត្រួតពិនិត្យ​និង​ស្រាវជ្រាវ​រក​មូលហេតុ​ពិត​ឡើយ​។ រហូតមកដល់​ថ្ងៃ​ទី​១១​មករា​នេះ ទើប​អ៊ីរ៉ង់ ចេញ​មុខ​ប្រកាស​ទទួលស្គាល់​ថា ជា​កំហុស​របស់​ខ្លួន ពោល​មិន​ខុស​ពី​ការ​ស្មាន​របស់​អាមេរិក​និង​កាណាដា​ពិតមែន​។ 

​វីដេអូ​ដែល​ទទួលបាន​ពី New York Times បាន​បង្ហាញ​ពី​កាំជ្រួច​បាញ់​ផ្លោង​នៅ​លើ​មេឃ​នាពេល​រាត្រី នៅ​ទី​ក្រុងតេអេ​រ៉ង់ ហើយ​បន្ទាប់មក​ក៏​ផ្ទុះ​។ ប្រហែលជា ១០ វិនាទី​ក្រោយមក គេ​បានលឺ​សំឡេង​ផ្ទុះ​យ៉ាងខ្លាំង ហើយ​យន្ដហោះ​បាន​ឆាបឆេះ និង​បន្ត​ហោះហើរ​ដោយ​កម្លាំង​រុញ​ពី​មី​ស៊ី​ល​។ យន្តហោះ Boeing 737-800 ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​ថ្ងៃ​ទី​៨​ខែ​មករា បណ្តាលឲ្យ​មនុស្ស​ទាំងអ​ស់​នៅលើ​យន្តហោះ​ចំនួន​១៧៦​នាក់​បាន​ស្លាប់​។ ជនរងគ្រោះ​ភាគច្រើន​ជា​ជនជាតិ​អ៊ីរ៉ង់ មាន​ចំនួន​រហូត​ដល់ ៨២​នាក់ ,​ជនជាតិ​កាណាដា​មាន ៦៣​នាក់​, ជនជាតិ​ស៊ុយអែត ១០​នាក់​, និង​១០​នាក់​ផ្សេង​ទៀត​ជា​ជនជាតិ​អា​ហ្វ​ហ្គានី​ស្ថាន​, អាមេរិក​, អាឡឺម៉ង់ និង​អង់គ្លេស​៕

ព័ត៌មានផ្សេងទៀត