ការរៀបចំ​សោភ័ណភាព​​​នៅមុខ​ប្រាសាទព្រះពិធូរ​​នឹង​ជួយ​លើកកម្ពស់​តម្លៃ​បេតិកភណ្ឌ​​

11-01-2020 8:54 am 194

​យោងតាម​អាជ្ញាធរ​ជាតិ​អប្សរា បានឲ្យដឹងថា ដើម្បី​រក្សា​សោភណភាព​ប្រាសាទ និង​ឆ្លើយតប​នឹង​អនុសាសន៍​របស់​គណៈកម្មាធិកា​រ​ICC-Angkor អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​រៀបចំ​សោភណភាព​ចំណត និង​តូប​លក់ដូរ​ឡើងវិញ នៅមុខ​ប្រាសាទព្រះពិធូរ ក្នុង​បរិវេណ​ប្រាសាទ​អង្គរធំ​។ ការងារ​នេះ​រៀបចំឡើង​ដោយ​គិតគូរ​ទៅលើ​ការលើកកម្ពស់​បរិស្ថាន និង​លើកស្ទួយ​កម្រិតជីវភាព​របស់​ប្រជាជន​ក្នុង​តំបន់​អង្គរ​។​

សូមបញ្ជាក់ថា ​នៅ​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២០ លោក​សុខ សង្វា​រ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​ប្រធាន​ក្រុមការងារ​អនុវត្ត​គម្រោង​នេះ បាន​ដឹកនាំ​ក្រុមការងារ​ដើម្បី​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​នៅ​បរិវេណ​ក្រុម​ប្រាសាទព្រះពិធូរ បន្ទាប់ពី​ក្រុមការងា​បានរៀបចំ​ប្លង់​រួចរាល់​។​

​ទទឹម​និង​ការចុះពិនិត្យ​ទីតាំង​ជាក់ស្តែង លោក​សុខ សង្វា​រ បាន​បញ្ជាក់ថា ការរៀបចំ​សោភណភាព​ចំណត និង​តូប​លក់ដូរ​នេះ​ក្រុមការងារ​បាន​គិតគូរ​លើ​បរិស្ថាន និង​បុរាណវិទ្យា​ជាសំខាន់​។ ជាក់ស្តែង ការរៀបចំ​ប្លង់​នេះ ត្រូវធ្វើឡើង​ដោយ​ផ្អែកលើ​ការចុះ​អង្កេត​ជាក់ស្តែង​របស់​ក្រុមការងារ​គ្រប់គ្រង​ព្រៃឈើ និង​បរិស្ថាន និង​ការធ្វើ​កំណាយ​បុរាណវិទ្យា​។​

​លោក​បន្ថែមថា ការចុះពិនិត្យ​លើក​នេះ គឺ​ដើម្បី​កែសម្រួល​នូវ​គំ​រូប​ប្លង់​មួយចំនួន តាម​ការណែនាំ​របស់លោក​ជំទាវ​រដ្ឋមន្ត្រី នា​ជំនួប​ពិភាក្សា​កន្លងទៅ​ថ្មីៗ​នេះ​។ លោក​សង្ឃឹមថា មិនយូរ​ទេ ក្រោយ​គម្រោង​នេះ​ត្រូវបាន​អនុវត្ត​ហើយ ភ្ញៀវទេសចរ​នឹង​បានឃើញ​ទិដ្ឋភាព​ដ៏​ស្រស់ត្រកាល​នៃ​ប្រាសាទព្រះពិធូរ ដែល​កន្លងមក​ភ្ញៀវទេសចរ​ជាច្រើន​បាន​ដើរ​រំលង​៕


ព័ត៌មានផ្សេងទៀត