សេចក្តីសម្រេច​កំណត់​អំណាច​លោក​ត្រាំ​ក្នុងការ​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ឆ្លង​ផុត​សភា​

10-01-2020 5:58 pm 2920

​រដ្ឋ​សភា​អាមេរិក​បាន​បោះឆ្នោត​គាំទ្រ​លើ​ពង្រាង​សេចក្ដីសម្រេច​មួយ​ស្ដីពី ការកំណត់​សិទ្ធិ​អំណាច​របស់​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក នៅក្នុង​ការធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​។ ការបោះឆ្នោត​នេះ​ដែរ​ធ្វើឡើង​បន្ទាប់​ពី​លោក​ត្រាំ ទើប​នឹង​បាន​ទំនេរ​ដៃ​ពី​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​កាលពីពេល​ថ្មីៗ​។​

ពង្រាង​សេចក្ដីសម្រេច​ឆ្លង​ផុត​រដ្ឋសភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ ដោយ​ទទួលបាន​សំឡេងគាំទ្រ​២២៤​ទល់នឹង​១៩៤​សំឡេង បន្ទាប់មក​នឹង​ដាក់​ឆ្លង​ព្រឹទ្ធសភា​នៃ​គណបក្ស​សាធារណរដ្ឋ​បន្ដទៀត​។ គោលបំណង​នៃ​ការបោះឆ្នោត​នេះ​ដែរ​ដើម្បី​កំណត់​ឲ្យ​សភា​ជា​អ្នកសម្រេច ថា​តើ​គួរ​ដោះស្រាយ​បែបណា​ជាមួយ​អ៊ីរ៉ង់​។​

​តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​រវាង​អាមេរិក​និង​អ៊ីរ៉ង់ ពុំ​មាន​សកម្មភាព​យោធា​ទៀតឡើយ តាំង​ពី​អ៊ីរ៉ង់​បាន​បាញ់​ម៉ី​សីល​ជា​ច្រើន​គ្រាប់​លើ​មូលដ្ឋានទ័ព​អ៊ីរ៉ាក់ ជាទី​តាំង​ឈរជើង​របស់​ទាហាន​អាមេរិក​កាលពី​ថ្ងៃ​ទី​០៨​មករា​។ ទាក់ទង​នឹង​សេចក្ដីសម្រេច​ដែល​មាន​ការបោះ​ឆ្នោត​គាំទ្រ​ហើយ សភា​មាន​សិទ្ធិ​ហាម​មិន​ឲ្យ​ប្រធានាធិបតី​ប្រើប្រាស់​កម្លាំង​យោធា ឬ​វាយប្រហារ​តបត​ទៅ​លើ​អ៊ីរ៉ង់​ឡើយ លុះត្រា​ណា​តែ​សភា​អនុញ្ញាត​ទើប​ប្រធានាធិបតី​អាច​មាន​សិទ្ធិ​សម្រេច​ចិត្ត​ថា​វាយប្រហារ ឬ​មិន​វាយប្រហារ​បាន​។​

​គួរបញ្ជាក់​ថា បើទោះបីជា​ប្រធានាធិបតី​ត្រូវ​បាន​ហាមឃាត់​ពី​សភា​ក៏​ពិតមែន តែ​លោក​ត្រាំ​នៅមាន​សិទ្ធិ​វ៉េតូ​មួយ​សម្រាប់​ការសម្រេចចិត្ត​។ លោក​ត្រាំ​មិន​បាន​ប្រើប្រាស់​នូវ​សិទ្ធិ​វ៉េតូ​របស់​ខ្លួន​ឡើយ មូលហេតុ​ដោយសា​នេះ​ជា​ការសម្រេច​រួម​រវាង​សភា​និង​ប្រធានាធិបតី ដូច្នេះ​ពុំ​ចាំបាច់​មាន​ការចុះហត្ថលេខា​ពី​ប្រធានាធិបតី​ឡើយ​។​

​បើតាម​សម្ដី​របស់​ប្រធានរដ្ឋសភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី​Nancy Pelosi​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​០៨ ខែ​មករា​ថា « លោកស្រី​មិន​ជឿ​ថា​លោក​ត្រាំ​អាច​រក្សា​សន្តិសុខ ឬ​សុវត្ថិភាព​ជូន​អាមេរិក​បាន​នោះទេ ក្រោយពី​លោក​បាន​បញ្ជា​ឲ្យ​សម្លាប់​មេទ័ព​កំពូល​អ៊ីរ៉ង់​លោក​ខា​សេម សូឡី​ម៉ា​នី កាលពីពេល​កន្លង​ទៅ​»​។​

​ជាមួយគ្នានេះ​ដែរ​ប្រធាន​សំឡេង​ភាគតិច​នៃ​រដ្ឋសភា​របស់គ​ណបក្សសាធារណ​រដ្ឋ​លោក​Kevin McCarthy បាន​ហៅ​ការបោះឆ្នោត​នេះ​ថា​ជា « ការបោះឆ្នោត​គ្មាន​ន័យ »​។ តែ​ក្រោយមក​ការលើកឡើង​នេះ​ត្រូវបាន​សមាជិក​គណបក្ស​សាធារណរដ្ឋ​ច្រានចោល​ថា វា​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ​។

ទាក់ទង​ទៅនឹង​បញ្ហា​នេះ​ដែរ​លោក​ដូណាល់​ត្រាំ បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ទ្វី​ធឺរ​របស់​លោក​ថា « សមាជិក​ទាំងអស់​របស់គ​ណបក្សសាធារណ​រដ្ឋ​នឹង​បោះឆ្នោត​ប្រឆាំង​ទៅនឹង​ដំណោះស្រាយ​ពាក់ព័ន្ធ​ទៅ​នឹង​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​របស់​លោកស្រី​Nancy Pelosi​។ លោក​ត្រាំ​បាន​បន្ថែមថា « ការវាយប្រហារ​របស់​លោក​លើ​អ៊ីរ៉ង់​កន្លង​មក​វា​ជា​វាយប្រហារ​ដ៏​ឈ្លាសវៃ ដោយសារ​អ៊ីរ៉ង់​កំពុង​ចង់​កម្ទេច​ស្ថានទូត​អាមេរិក​»​។ 

​អ្នកនយោបាយ​អាមេរិក​ម្នាក់​លោក Doug Collins បាន​និយាយថា « ភាគច្រើន​នៃ​អ្នកប្រជាធិបតេយ្យ​ស្រឡាញ់​ខាង​ក្រុម​ភេរ​វករ​ដែល​ដឹកនាំ​ដោយ​លោក​សូឡី​ម៉ា​នី ជាជាង​ក្រុម​កងទ័ព​អាមេរិក​។ ជាក់ស្ដែង​ពួកគេ​ហាក់​ឈឺឆ្អាល​ក៏ដូចជា​ចូលរួម​សោកស្ដាយ​ចំពោះ​មរណភាព​មេទ័ព​កំពូល​អ៊ីរ៉ង់​លោក ខា​សេម សូឡី​ម៉ា​នី ខ្លាំង​ជាង​កងទ័ព​អាមេរិក​ចំនួន​៦៥​គ្រួសារ ដែល​បាន​ស្លាប់​ក្នុង​អំឡុង​សង្គ្រាម​នៅ​ប្រទេស​អ៊ីរ៉ាក់​ទៅទៀត​៕​

ព័ត៌មានផ្សេងទៀត