ពិព័រណ៍សៀវភៅធំបំផុតលើពិភពលោកជាឱកាសមាសមួយសម្រាប់យុវជនកម្ពុជា

10-01-2020 4:04 pm 251
  ស្តាប់
ស្តាប់ជាសំឡេង

ពិព័រណ៍សៀវភៅធំបំផុត នៅលើពិភពលោក Big Bad Wolf ជាឱកាសមាសសម្រាប់ប្រជាជន ជាពិសេសយុវជន ដែលអាចរកទិញសៀវភៅ អង់គ្លេសមានតម្លៃសមរម្យយកមកអានបានគ្រប់ពេលវេលា ដើម្បីបង្កើនចំណេះដឹង ។នេះបើតាមការលើកឡើងរបស់ លោក ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងពិធីបើកសម្ពោធជាផ្លូវការពិព័រណ៍សៀវភៅBig Bad Wolf Book ដែលរៀបចំធ្វើឡើងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។

ពិព័រណ៍សៀវភៅធំបំផុតនៅកម្ពុជា មានតាំងលក់សៀវភៅជាង១លានក្បាល មកដាក់លក់បញ្ចុះតម្លៃ ចាប់ពី៥០% រហូតដល់ទៅ៩០% នៅក្នុងបរិវេណផ្សាររុងរឿង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០មករា ឆ្នាំ២០២០។ ជាមួយគ្នានេះ លោក អ៊ុកចាន់តារា ដែលជាអ្នកនាំពាក្យពិព័រណ៍សៀវភៅ Big Bad Wolf Book ឱ្យដឹងដែរថា គឺជាឱកាសដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជាអភិវឌ្ឍន៍ចំណេះដឹងរបស់ខ្លួនតាមរយៈការអានសៀវភៅដើម្បី ចូលរួមអភិវឌ្ឍប្រទេសជាតិ ។លោកជឿជាក់ថា ពិព័រណ័សៀវភៅនេះនឹងធ្វើឱ្យប្រជាជនកម្ពុជា អាចទទួលបានសៀវភៅអង់គ្លេសដែលមានគុណភាពមិនថាពួកគេស្ថិតក្នុងស្ថានភាពបែបណានោះទេ។

ពិព័រណ៍នេះដែរ នឹងនាំមកសៀវភៅជាច្រើនប្រភេទដូចជាសៀវភៅសម្រាប់កុមារ ប្រលោមលោក សៀវភៅរឿងពិត សៀវភៅ វិទ្យាសាស្ត្រ សៀវភៅស្នេហា សៀវភៅអភិវឌ្ឍន៍ខ្លួនឯង សៀវភៅក្រាហ្វិក សៀវភៅជំនួញ សៀវភៅស្ថាបត្យកម្ម សៀវភៅរចនា និងសៀវភៅជាច្រើនប្រភេទទៀត។

គួរបញ្ជាក់ថា ពិព័រណ៍សៀវភៅBig Bad Wolf ក្នុងឆ្នាំ២០១៩ បានរៀបចំធ្វើនៅក្នុងប្រទេសចំនួន១០ និងទីក្រុងចំនួន៣២ ក្នុងនោះរួមមាន ប្រទេសម៉ាឡេស៊ី ប្រទេសថៃ បាគីស្ថាន ប្រទេសមីយ៉ាន់ម៉ា សហព័ន្ធអារ៉ាប់រួម ហើយនៅក្នុងឆ្នាំ២០២០នេះដែរ កម្ពុជាជាប្រទេសទី១ដែលបានទទួលរៀបចំពិព័រណ៍នេះឡើង ៕ 

ព័ត៌មានផ្សេងទៀត