កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទី​២​អាមេរិក​-​ចិន​នឹង​កើតឡើង​ក្រោយ​ការបោះឆ្នោត​នៅ​អាមេរិក​

10-01-2020 11:48 am 200

​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន អាច​នឹង​ត្រូវ​ដោះស្រាយ​ក្រោយ​ការបោះឆ្នោត​នៅ​អាមេរិក​។ អាច​នឹង​ត្រូវ​ដោះស្រាយ ដោយហេតុ​ថា មាន​ការកំណត់​រួចហើយ អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​២ ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅក្នុង​ពេល​ខាងមុខ ក្រោយ​ការបោះឆ្នោត​នៅ​អាមេរិក​។ នេះ​បើ​តាម​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន កាលពី​ថ្ងៃ​ទី​០៩ មករា​ឆ្នាំ​២០២០​។​

​ការ​បង្ហើប​ពី​កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​២​នេះ ធ្វើឡើង​ខណៈ​កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​១​នឹង​ត្រូវ​ចុះហត្ថលេខា​នៅ​ពេល​ឆាប់ៗ​។ បើទោះបីជា​កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​១ មាន​ការរអាក់រអួល​ក៏ពិតមែន ប៉ុន្តែ​ភាគី​ទាំងពីរ​បាន​ពិភាក្សា​បំបែក​សំណុំរឿង​ជាប់គាំង​មួយចំនួន​។ រដ្ឋាភិបាល​ក្រុង Beijing បញ្ជូន​មន្ត្រី​សេដ្ឋកិច្ច​របស់​ខ្លួន ទៅ​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​១ នៅក្នុង​នោះ​ឧបនាយក​រដ្ឋមន្ត្រី​ចិន​លោក​Liu He ក៏​ចូលរួម​ដែរ​។ កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​១​នេះ បាន​ពិភាក្សា​អូសបន្លាយ​អស់​រយៈពេល​ជិត​២​ឆ្នាំ ទម្រាំ​តែ​អាច​សម្រេច​ចេញ​ជា​លទ្ធផល​។​

​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​ផ្នែក​ពាណិជ្ជកម្ម​អាមេរិក​លោក​Robert Lighthizer បានឲ្យដឹងថា « កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​១ ភាគី​ចិន​បាន​ប្ដេជ្ញា​បង្កើន​ការ​នាំចូល​ពី​អាមេរិក​យ៉ាងតិច ២០០​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាងមុខ រួម​ទាំង​ការ​នាំចូល​ផលិតផល​កសិកម្ម​ចំនួន ៥០​ពាន់​លាន​ដុល្លារ​ទៀត​»​។ ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​១​នេះ មេដឹកនាំ​អាមេរិក​ហាក់​ព្រួយបារម្ភ​ទៅ​វិញ​ដោយ​លើកឡើងថា « លោក​ពុំ​អាច​ដឹង​ថា​តើ​កសិករ​អាមេរិក អាច​ផ្គត់ផ្គង់​ទៅលើ​ការនាំចេញ​ដ៏​ច្រើន​លើសលប់ ទៅ​កាន់​ទីផ្សារ​ចិន​បាន​ដែរ​ឬ​យ៉ាងណា »?

​ពាក់ព័ន្ធ​នឹង​ការ​ឆ្ពោះទៅរក​ការចរចារ ក៏​ដូចជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​នេះ​ដែរ បាន​ធ្វើឲ្យ​ពិភពលោក ជាពិសេស​មជ្ឈដ្ឋាន​ទីផ្សា​រ​ទាំងអស់ មាន​ក្តី​រីករាយ​និង​អបអរសាទរ​យ៉ាងខ្លាំង​។ អបអរសាទរ ព្រោះ​កន្លងមក​ពួកគេ​ព្រួយបារម្ភ​ថា ប្រសិន​បើ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ភាគី​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​នៅ​តែ​បន្ត នឹង​ធ្វើឲ្យ​ប៉ះពាល់​សេដ្ឋកិច្ចពិភព​លោក​ទាំង​មូល​។ 

​គួរ​ជម្រាបជូន​ថា អាមេរិក​និង​ចិន​បាន​ផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​គ្នា តាំងពី​ឆ្នាំ​២០១៨ នៅពេលដែល​លោក​ត្រាំ ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​នាំចូល​អាមេរិក​ជា​បន្តបន្ទាប់ ដើម្បី​ទាញ​ចិន​ឲ្យ​ងាក មក​រកស៊ី​នៅ​អ្វី​ដែល​លោក​ត្រាំ​ហៅថា ដោយ​ស្មោះត្រង់​។ រីឯ​ចិន​បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក​វិញ ដើម្បី​សងសឹក​។ យ៉ាងណាក៏ដោយ នៅពេល​នេះ​ភាគី​ទាំងពីរ​បាន​រក​ច្រក​ចេញ​ពី​ជម្លោះ​នេះ​បាន​បណ្តើៗ​ហើយ​៕​

ព័ត៌មានផ្សេងទៀត