ករណី​ធ្លាក់​​យន្ដហោះ​ដឹក​​អ្នកដំណើរ​នៅ​អ៊ីរ៉ង់​​សង្ស័យ​ដោយសារ​​មី​ស៊ី​ល​បាញ់​ទម្លាក់​

10-01-2020 8:10 am 332

​យន្ដហោះ​ដឹក​អ្នកដំណើរ​អ៊ុយ​ក្រែន​ប៊ូ​អ៊ីង​737-800 ដែល​ធ្លាក់​នៅក្នុង​ទី​ក្រុងតេអេ​រ៉ង់​ប្រទេស​អ៊ីរ៉ង់ កាលពី​ព្រឹក​ថ្ងៃទី​០៨​មករា​សម្លាប់​មនុស្ស​ទាំង​១៧៦​នាក់ ពេលនេះ​មាន​មន្ទិលសង្ស័យ​ថា​ពុំមែន​ជា​ការធ្លាក់​ដោយសារ​បញ្ហា​បច្ចេកទេស​ដូច​អ៊ីរ៉ង់​បញ្ជាក់​ឡើយ​។ នាយករដ្ឋមន្ដ្រី​កាណាដា​លោក​ចា​ស្ទីន ទ្រូ​ដូ​(Justin Trudeau)​និយាយថា លោក​ជឿជាក់​យន្ដហោះ​ធ្លាក់​ដោយសារ​អ៊ីរ៉ង់​បាញ់​មី​ស៊ី​ល​ទម្លាក់​។ លោក​បាន​អំពាវនាវ​ត្រូវតែមាន​ការស៊ើបអង្កេត​ឲ្យបាន​ហ្មត់ចត់​បំផុត​។​

​អ៊ីរ៉ង់​បាន​ប្រើប្រាស់​មី​ស៊ី​ល​នៃ​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់គេ ហើយ​ហេតុការណ៍​ធ្លាក់​យន្ដហោះ​កើតឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​អ៊ីរ៉ង់​បាញ់​មី​ស៊ី​ល​ទៅលើ​មូលដ្ឋានទ័ព​អាមេរិក​ចំនួន​ពីរ​នៅ​ក្នុងប្រទេស​អ៊ីរ៉ាក់​។  ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​បាន​សន្និដ្ឋាន​ទៅលើ​ពេលវេលា​នៃ​ការធ្លាក់​នេះ យន្ដហោះ​ដឹក​អ្នកដំណើរ​អ៊ុយ​ក្រែន​អាច​ត្រូវ​យល់ច្រឡំ​ថា​ជា​យន្ដហោះ​ចម្បាំង​របស់​អាមេរិក និង​ស្របពេល​អ៊ីរ៉ង់​បាន​ត្រៀម​សងសឹក​អាមេរិក​ផង​នោះ​ទើប​បញ្ជា​ឲ្យ​បាញ់ទម្លាក់​តែម្ដង​។ សារព័ត៌មាន​CBS​បាន​ដកស្រង់​ប្រភពពី​ក្រុម​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ថា ផ្កាយរណប​ចាប់បាន​រូបភាព​បាញ់​មី​ស៊ី​ល​ចំនួន​ពីរ​គ្រាប់​។​

​ចំណែក​សារព័ត៌មាន​Newsweek​បាន​ដកស្រង់​សម្ដី​មន្ដ្រី​មន្ទីរ​បញ្ច​កោណ និង​មន្ដ្រី​ស៊ើបការណ៍​ផ្សេងទៀត​រួមទាំង​មន្ដ្រី​អ៊ីរ៉ាក់​ផង ពួកគេ​ជឿជាក់​យន្ដហោះ​ដឹក​អ្នកដំណើរ​អ៊ុយ​ក្រែន​ត្រូវបាន​បាញ់​ទម្លាក់ដោ​យ​មី​ស៊ី​ល​ប្រភេទ​Tor​ផលិត​ក្នុងប្រទេស​រុស្ស៊ី​។ ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​ក៏​កើតមាន​ការសង្ស័យ​ពីអ្វី​ដែល​បានកើត​ឡើងលើ​យន្ដហោះ​ដែរ​។ តែ​ទោះជា​យ៉ាងណា​មន្ទីរ​បញ្ច​កោ​ណ មិនបាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ជា​សាធារណៈ​ណាមួយ​ទេ​ជុំវិញ​ហេតុការណ៍​នេះ​។​

ចន្លោះពេល​កំពុង​តានតឹង​ជាមួយ​សហរដ្ឋអាមេរិក​រឿង​សម្លាប់​មេបញ្ជាការ​កំពូល​លោក​ខា​សេម សូឡី​ម៉ា​នី អ៊ីរ៉ង់​ថា​ខ្លួន​នឹងមិន​ប្រគល់​ប្រអប់​ខ្មៅ​យន្ដហោះ​ទៅឲ្យ​ក្រុមហ៊ុន​ប៊ូ​អ៊ីងឬ​ទៅឲ្យ​អាមេរិក​ឡើយ ប៉ុន្ដែ​អ៊ីរ៉ង់​នឹង​អនុញ្ញាតឲ្យ​ក្រុមហ៊ុន​ប៊ូ​អ៊ីង​ចូលរួម​ក្នុង​ការស៊ើបអង្កេត​។ ស្ថិតក្រោម​ច្បាប់​អាកាសចរណ៍​អន្ដរជាតិ អ៊ីរ៉ង់​អាចមាន​សិទ្ធិ​ដឹកនាំ​ការស៊ើបអង្កេត ប៉ុន្ដែ​ត្រូវមាន​ការចូលរួម​ពី​ក្រុមហ៊ុន​ផលិត​យន្ដហោះ​។​

​សម្រាប់​នាយករដ្ឋមន្ដ្រី​កាណាដា​លោក​ចា​ស្ទីន ទ្រូ​ដូ​បាន​និយាយថា លោក​ទទួល​ព័ត៌មាន​ពី​ប្រភព​ជាច្រើន​ថា យន្ដហោះ​ត្រូវ​បាញ់​ទម្លាក់​ដោយ​មី​ស៊ី​លបាញ់​ចេញពី​ដី​ទៅលើ​អាកាស​របស់​អ៊ីរ៉ង់ ប៉ុន្ដែ​ទំនងជា​ការបាញ់​ដោយ​អ​ចេតនា​។ លោក​ទាមទារ​ការស៊ើបអង្កេត​ឲ្យបាន​ហ្មត់ចត់​បំផុត ព្រោះ​ប្រជាជន​កាណាដា​កំពុង​រង់ចាំ​ចម្លើយ​។ ប៉ុន្ដែ​លោក​ថា​វា​ក៏​ឆាប់​ពេក​ដែរ​ក្នុង​ការបន្ទោស​ឬ​ទាញ​ការសន្និដ្ឋាន​ណាមួយ ដោយ​លោក​មិន​និយាយ​ព័ត៌មាន​លម្អិត​ពី​ភស្ដុតាង​អ្វី​ទាំងអស់​។ 

​នាយករដ្ឋមន្ដ្រី​អង់គ្លេស​លោក​បូរី​ស ច​ន​សុន​វិញ​បានលើកឡើង​ដូច​នាយករដ្ឋមន្ដ្រី​កាណាដា​ដែរ និង​សង្កត់ធ្ងន់ថា​អង់គ្លេស​នឹង​សហការ​ការងារ​យ៉ាង​ជិតស្និទ្ធ ជាមួយ​កាណាដា​ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​។ នៅលើ​យន្ដហោះ​មាន​ជនជាតិ​កាណាដា​៦៣​នាក់ មាន​ជនជាតិ​អ៊ីរ៉ង់​៨២​នាក់ ជនជាតិ​អ៊ុ​យក្រែន​១១​នាក់ រួមទាំង​បុគ្គលិក​យន្តហោះ​ជនជាតិ​ស៊ុយអែត​១០​នាក់ ជនជាតិ​អា​ហ្វ​ហ្គានី​ស្ថាន​៤​នាក់ ជនជាតិ​អង់គ្លេស​៣​នាក់ និង​អាល្លឺម៉ង់​៣​នាក់ សរុប​ទាំងអស់​១៧៦​នាក់​។​

​បើតាម​ការបកស្រាយ​ពី​ប្រធាន​អាកាសចរណ៍​ស៊ីវិល​អ៊ីរ៉ង់​លោក​អា​លី អាបេ​ដ​ហ្សា​ដេស​(Ali Abedzadeh) យន្ដហោះ​បាន​ធ្វើដំណើរ​ឆ្ពោះទៅ​ទិស​ខាងលិច​ក្នុងទិសដៅ​ហោះ​ចេញពី​អាកាសយានដ្ឋាន​។ តែ​ត្រូវ​ជួប​បញ្ហា​បច្ចេកទេស​ហើយ​បាន​ព្យាយាម​ហោះ​ត្រឡប់មក​អាកាសយានដ្ឋាន​វិញ​រួច​ក៏​ធ្លាក់​តែម្ដង​។ លោក​អាបេ​ដ​ហ្សា​ដេស​បន្ថែមថា សាក្សី​ឃើញ​យន្ដហោះ​ធ្លាក់​រួច​ក៏​ឆេះ​យ៉ាង​សន្ធោសន្ធៅ​។ អ្នកបើកបរ​មិនបាន​ផ្ដល់​សញ្ញា​ប្រកាសអាសន្ន​ណាមួយ​ឡើយ នៅពេល​បើកបរ​ត្រឡប់មក​អាកាសយានដ្ឋាន​អ៊ី​ម៉ា​ម ខូ​មីនី​(Imam Khomeini)​។ លោក​និយាយថា​តាមបែប​វិទ្យាសាស្ដ្រ​វា​មិន​អាចទៅរួច​ទេ ដែលថា​មាន​មី​ស៊ី​លបាញ់​ទម្លាក់​យន្ដហោះ​នោះ វា​គ្រាន់​ជា​ពាក្យ​ចចាមអារ៉ាម​មិន​សម​ហេតុផល​បំប៉ោង​ស្ថានការណ៍​ប៉ុណ្ណោះ​។ 

​អ្នកនាំពាក្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ពិពណ៌នា​របាយការណ៍​នេះ​ថា​ជា​សង្គ្រាម​ចិត្ដសាស្ដ្រ​។ លោក​ថា​ប្រទេស​ទាំងអស់​ដែលមាន​ប្រជាជន​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​អាច​បញ្ជូន​តំណាង​មក​ចូលរួម ហើយ​អ៊ីរ៉ង់​នឹង​អញ្ជើញ​តំណាង​ក្រុមហ៊ុន​ប៊ូ​អ៊ីង​មក​ចូលរួម​ដូចគ្នា​ក្នុង​ដំណើរការ​ស៊ើបអង្កេត​៕​

ព័ត៌មានផ្សេងទៀត