ថ្លែងបន្តផ្ទាល់តាមប៉ុស្តិ៍ទូរទស្សន៍ទៅកាន់ប្រជាជាតិនៅថ្ងៃពុធ លោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក ថា អ៊ីរ៉ង់បានបង្ហាញពីការដកថយចេញពីជម្លោះហើយ ក្រោយវាយប្រហារដោយមីស៊ីល លើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។ លោកថា ការផ្លាស់ប្តូរឥរិយាបទរបស់អ៊ីរ៉ង់បែបនេះ គឺជារឿងល្អសម្រាប់ភាគីទាំងអស់ដែលព្រួយបារម្ភ និងជារឿងល្អសម្រាប់ពិភពលោកទាំងមូល។ ម្យ៉ាងទៀត នៅក្នុងការវាយប្រហារយ៉ាងកក្រើកនោះ មិនបណ្តាលឲ្យពលរដ្ឋអាមេរិកឬជនស៊ីវិលអ៊ីរ៉ាក់ណាម្នាក់ របួសឬស្លាប់នោះទេ។ ដ្បិតមីស៊ីល១១គ្រាប់បានធ្លាក់ស្រោចលើមូលដ្ឋានទ័ពអាកាសAin al-Asad និង១គ្រាប់ធ្លាក់លើមូលដ្ឋានទ័ពនៅIrbilក៏ដោយ តែបង្កការបំផ្លិចបំផ្លាញតិចតួចប៉ុណ្ណោះ។
ដោយមើលឃើញពីការប្តូរជំហររបស់អ៊ីរ៉ង់ បូកផ្សំនឹងទំហំខូចខាតមានតិចតួច លោកត្រាំបានសម្រេចមិនប្រើប្រាស់អាវុធទំនើបៗនិងមានឥទ្ធិពល ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ឡើយ។ ច្រានចោលវិធានការយោធាតទល់នឹងអ៊ីរ៉ង់ក៏ពិតមែន តែលោកត្រាំបានប្រកាសបន្ថែមទណ្ឌកម្មសេដ្ឋកិច្ចសង្កត់លើប្រទេសអ៊ីរ៉ង់ជំនួសវិញ ហើយលោកមិនទាន់បញ្ជាក់ច្បាស់លាស់ទេ ពីទណ្ឌកម្មដែលត្រូវដាក់ថែមលើទណ្ឌកម្មចាស់។ ទន្ទឹមនឹងការថ្លែងសារបង្ហាញពីសន្តិភាព លោកត្រាំបន្តអះអាងយ៉ាងថា នឹងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរជាដាច់ខាត។
យ៉ាងណាក៏ដោយ ការផ្អាកវិធានការយោធានេះ ហាក់បង្ហាញថាអាមេរិកក៏នឿយណាយនៅក្នុងការធ្វើសង្គ្រាម ខណៈលោកត្រាំនិយាយតាំងពីដើមទីថា លោកមិនចង់បង្កសង្គ្រាមទេ ផ្ទុយទៅវិញលោកចង់បញ្ចប់សង្គ្រាម។ លោកអំពាវនាវឲ្យសម្ព័ន្ធមិត្តចូលរួមសកម្មភាពបន្ថែមទៀត ជាមួយអង្គការណាតូ ដែលអាមេរិកធ្លាប់ចាត់ទុកថា ជាអង្គការហួសសម័យប្រើការលែងកើតហើយនោះ ឲ្យជួយរៀបចំចាត់ចែងសន្តិសុខនៅមជ្ឈឹមបូព៌ា។ អាមេរិកក៏បានទទួលដំណឹងពីក្រុមស៊ើបការណ៍សម្ងាត់របស់ខ្លួនដែរថា អ៊ីរ៉ង់បានផ្ញើសារទៅកាន់ក្រុមគាំទ្រអ៊ីរ៉ង់គ្រប់ស្រទាប់ កុំធ្វើសកម្មភាពប្រឆាំងនឹងគោលដៅអាមេរិកឬក៏ជនស៊ីវិលតទៅទៀត។ នេះបើតាមការបញ្ជាក់ ដោយអនុប្រធានាធិបតីអាមេរិកលោក Mike Pence។ តែទាំងនេះសុទ្ធសឹងតែជាអ្វីដែលខាងភាគីវ៉ាស៊ីនតោនមើលឃើញនិងប្រមូលបានប៉ុណ្ណោះ មិនទាន់បានលឺចេញពីមាត់អ៊ីរ៉ង់ បញ្ជាក់ពីជំហររបស់គេថាយ៉ាងណានោះទេ។
និយាយពីអ៊ីរ៉ង់ ថ្វីបើមិនបាននិយាយចំៗតែលោកAli Khamenei មេដឹកនាំកំពូលនៅក្នុងប្រទេសអ៊ីរ៉ង់ បានហៅការវាយប្រហារដោយមីស៊ីលចំនួន១៦គ្រាប់ លើមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់គ្រាន់តែជាការទះកំភ្លៀងលើមុខអាមេរិកប៉ុណ្ណោះ វាមិនមែនជាការសងសឹកខ្លាំងក្លាដែលអ៊ីរ៉ង់ចង់បាននោះទេ។ បន្ថែមលើនេះ លោកKhamenei បានអំពាវនាវឲ្យអាមេរិក បញ្ចប់វត្តមានកងទ័ពរបស់ខ្លួននៅមជ្ឈឹមបូព៌ាតែម្តង។ រីឯរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោកMohammad Javad Zarif បានសរសេរលើបណ្តាញធ្វីតទ័រដែរថា ការវាយប្រហារដោយត្រង់លើមូលដ្ឋានទ័ពអាមេរិក គឺជាវិធានការការពារខ្លួនស្របតាមមាត្រា៥១នៃរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលចែងពីការការពារខ្លួនប្រឆាំងនឹងប្រជាជននិងមន្ត្រីជាន់ខ្ពស់របស់ខ្លួន។ លោកថា អ៊ីរ៉ង់គ្មានបំណងចង់បង្កសង្គ្រាមទេ ប៉ុន្តែក៏មិននៅស្ងៀមឡើយ។ អ៊ីរ៉ង់នឹងចាត់វិធានការការពារការឈ្លានពានមកលើពលរដ្ឋ មន្ត្រីជាន់ខ្ពស់របស់ខ្លួននិងប្រទេសអ៊ីរ៉ង់ទាំងមូល។
សរុបមក ទោះបីអាមេរិកនិងអ៊ីរ៉ង់ដកថយមិនប្រឈមមុខដាក់គ្នាដោយផ្ទាល់ក្ដី ប៉ុន្តែកងទ័ពអាមេរិកចំនួន៥, ២០០នាក់ ដែលឈរជើងនៅក្នុងប្រទេសអ៊ីរ៉ាក់នៅតែបន្តប្រុងជើងការ។ បន្តការប្រុងប្រយ័ត្នខ្ពស់ព្រោះពួកគេនៅប្រឈមដោយផ្ទាល់ ជាមួយនឹងក្រុមកងជីវពលគាំទ្រអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់។ លោកQais al-Khazali មេបញ្ជាការនៃក្រុម Asaib Ahl al-Haqគាំទ្រអ៊ីរ៉ង់ ដែលអាមេរិកដាក់បញ្ចូលក្នុងបញ្ជីខ្មៅជាក្រុមសកម្មប្រយុទ្ធ និយាយថា ក្រុមរបស់គេនឹងឆ្លើយតបប្រឆាំងអាមេរិក ក្នុងកម្រិតដ៏ខ្លាំងក្លាមួយ មិនចាញ់អ្វីដែលអ៊ីរ៉ង់បានវាយប្រហារលើមូលដ្ឋានអាមេរិកនោះទេ។
គួររម្លឹកថា អ៊ីរ៉ង់និងអាមេរិកបានជួបភាពតានតឹងជាមួយគ្នា ចាប់តាំងពីលោកត្រាំដកអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងឆ្នាំ២០១៨ និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងអ៊ីរ៉ង់។ ជម្លោះពាក្យសំដីរវាងប្រទេសទាំងពីរ បានបន្តផ្ទុះឡើងរប៉េះរប៉ោះ ហើយរបួសចាស់មិនទាន់ជាសះនេះ បានរើឡើងវិញខ្លាំងនៅពេលយោធាអាមេរិក សម្លាប់មេបញ្ជាការយោធាអ៊ីរ៉ង់លោកSoleimaniនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃសុក្រសប្តាហ៍មុន។
លោកSoleimaniអាមេរិកចាត់ទុកជាមេដឹកនាំការវាយប្រហារសម្លាប់មនុស្សរបស់ខ្លួន និងបង្កប់គ្រាប់បែកប្រឆាំងយោធាអាមេរិក។ ប៉ុន្តែអ៊ីរ៉ង់ចាត់ទុកលោកSoleimani ដូចជាវីរបុរសរបស់គេ ហើយមរណភាពរបស់Soleimani បានធ្វើឲ្យប្រជាជនអ៊ីរ៉ង់ នឹងមេដឹកនាំកំពូលអ៊ីរ៉ង់សម្រក់ទឹកភ្នែកសោកស្តាយយ៉ាងខ្លាំង។ ហេតុនេះ ទើបបានជាអ៊ីរ៉ង់សម្រេចបាញ់មីស៊ីលចេញពីប្រទេសរបស់ខ្លួន សំដៅមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់ដើម្បីសងសឹក និងក៏ដូចជាដើម្បីជូនដំណើរលោកSoleimaniជាលើកចុងក្រោយ។ នេះជាការវាយលុកដោយផ្ទាល់ពីអ៊ីរ៉ង់ទៅលើសហរដ្ឋអាមេរិក ចាប់តាំងពីការរឹបអូសយកស្ថានទូតអាមេរិកនៅទីក្រុងតេអេរ៉ង់ក្នុងឆ្នាំ១៩៧៩៕