រដ្ឋមន្ត្រី​៖​​ការអនុវត្ត​គម្រោង​​គាំទ្រ​​ពី​រដ្ឋាភិបាល​អាមេរិក​ ធ្វើឲ្យ​​វិស័យ​កសិកម្ម​​រីកចម្រើន​​ជាប​ន្ត​បន្ទាប់​

09-01-2020 3:38 pm 327
  ស្តាប់
​លោក W. Patrick Murphy និងលោក​វេង សាខុន
ស្តាប់ជាសំឡេង

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក​វេង សាខុន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​ផលិត​ចេញពី​កិច្ចសហប្រតិបត្តិកា​ររ​វាង​សហរដ្ឋអាមេរិក តាមរយៈ USAID, Kansas State University and USDA ជាមួយ កម្ពុជា តាមរយៈ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដោយ​បានធ្វើឲ្យ​វិស័យ​កសិកម្ម នៅ​កម្ពុជា មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​។ ក្នុងនោះ​មាន ការផ្សព្វផ្សាយ ផ្ទេរ ឬ​បញ្ជ្រាប​បច្ចេកទេស​ទំនើប ទាន់សម័យ និង​សមស្រប ទៅតាម​ស្ថានភាព​ភូមិសាស្ត្រ ដី ទឹក ក្សេត្រ​បរិស្ថាន និង​ភាតរ​បរិស្ថាន ក្នុង​បំណង​បង្កើន​ផលិតភាព​ផលិតកម្ម គុណភាព សុវត្ថិភាព ស្របតាម​ស្តង់ដា​ទីផ្សារ​ក្នុង និង​ក្រៅ​ស្រុក និង​ឈានទៅ​លើកកម្ពស់​កម្រិតជីវភាព បង្កើន​ប្រាក់ចំណូល ធានា​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ កាត់បន្ថយ​ចំណាកស្រុក និង​កាត់បន្ថយ​ការពឹង​អាស្រ័យ​ទាំងស្រុង​លើ​ធនធាន​មច្ឆជាតិ​ពី​ប្រភព​ធម្មជាតិ តាមរយ​:​បង្កើន​ផលិតភាព​ផលិតកម្ម​វារីវប្បកម្ម​ជាដើម​។  

​លោក​វេង សាខុន ថ្លែង​នៅ​ចំពោះមុខ​ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក​នៅ​កម្ពុជា​លោក W. Patrick Murphy ថា តាមរយ​:​សមិទ្ធផល​ដ៏​ធំធេង​នេះ បាន​បង្ហាញឱ្យឃើញ​យ៉ាងច្បាស់​ពី​ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​រឹងមាំ យូរអង្វែង​រវាង​ប្រទេស​ទាំងពីរ​ដែលមាន​អាយុ ៧០​ឆ្នាំ​មកហើយ​។​បន្ថែម​លើ​នេះ​លោក​វេង សាខុន មានសង្ឃឹម និង​ជឿជាក់ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​កម្ពុជា​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​ប្រកបដោយ​និរន្តរភាព និង​ជាពិសេស​វិស័យ​ឯកជន​របស់​សហរដ្ឋ​អាមេរិក​នឹង​មក​វិនិយោគ​លើ​វិស័យ​កសិកម្ម​កាន់តែច្រើន​ថែមទៀត​នា​ពេលអនាគត​។ 

​លោក W. Patrick Murphy ក៏បាន​សន្យាថា នឹង​ជួយឧបត្ថម្ភ​គាំទ្រ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត ក្នុង​អាណត្ដិ​របស់លោក​។ លោក W. Patrick Murphy បញ្ជាក់ថា ការណ៍​នេះ គឺ​បានមក​តាមរយៈ​ចំណង​ការទូត​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ដែលមាន​អាយុកាល​៧០​ឆ្នាំ​មកហើយ ក្នុង​ការកសាង និង​អភិវឌ្ឍ​ធនធានមនុស្ស ក្នុងការ​រុញច្រាន​ពន្លឿន​វិស័យ​កសិកម្ម ឲ្យមាន​ការរីកចម្រើន​ជា​បន្ត​បន្ទាប់ មកដល់ពេលនេះ​៕

ព័ត៌មានផ្សេងទៀត