ជំងឺ​ផ្លូវដង្ហើម​ម្យ៉ាង​កំពុង​រាលដាល​ក្នុង​ប្រទេស​ចិន​

09-01-2020 3:28 pm 764

​នៅក្នុង​ប្រទេស​ចិន កាលពី​ថ្ងៃទី​០៥ ខែ​មករា បាន​ផ្ទុះឡើង​នូវ​ជំងឺ​ផ្លូវដង្ហើម ឬ​ជំងឺ​រលាក​សួត​ថ្មី​ម្យ៉ាង ដែល​បង្ក​ពី​វីរុស​២​ប្រភេទ មាន​វីរុស​(SARS) និង (MERS)​។ ជំងឺ​ថ្មី​នេះ​ដែរ​អាច​ឆ្លង​តាមរយៈ​ខ្យល់​ដង្ហើម និង​បាន​រីក​រាលដាល​យ៉ាង​លឿន​ក្នុង​ប្រទេស​ចិន រហូត​បាន​បង្ក​ជាការ​ឆ្លង​ចំនួន​៥៩​ករណី​។ នេះ​បើ​យោង​ទៅ​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​ចិន​។​

​មេរោគ​ផ្លូវដង្ហើម​ថ្មី​នេះ ត្រូវបាន​អ្នកស្រាវជ្រាវ​ឲ្យឈ្មោះ​ថា « Coronaviruses »  ដែល​ពពួក​នៃ​ក្រុម​វីរុស ដោយ​ដំបូង​ឡើយ​វា​កើតចេញ​ជា​រូបរាង​ជំងឺ​ផ្ដាសាយ រហូត​វិវត្តន៍​ទៅ​ជា​ជំងឺ​ផ្លូវដង្ហើម​ដ៏​ធ្ងន់ធ្ងរ​។ តែ​យ៉ាងណាមិញ​អាជ្ញាធរ​ចិន​កំពុង​តាមដាន​ទៅលើ​អ្នកជំងឺ​ដែល​កំពុង​មាន​មេរោគ​នេះ​ក្នុង​ខ្លួន និង​ការពារ​ជា​ដាច់ខាត​មិន​ឲ្យ​មេរោគ​នេះ​បន្ត​ឆ្លងទៅ​មនុស្ស​ដទៃ​ទៀត​ឡើយ​។​

​ទន្ទឹមនឹងនេះ​ដែរ អង្គការ​សុខភាព​ពិភពលោក​(WHO)​កំពុងតែ​ស្វែងរក​ប្រភព​នៃ​ការឆ្លង​របស់​មេរោគ​ថ្មី​ដើម្បី​ឈានទៅរក​វិធានការ​ទប់ស្កាត់ និង​ផលិត​ថ្នាំ​ព្យាបាល​ជំងឺ​ដែល​វាយប្រហារ​តាម​ខ្យល់​ដង្ហើម​នេះហើយ​។​
​យ៉ាងណាមិញ​បើតាម​សម្ដី​រដ្ឋមន្ត្រីក្រសួងសាធារណៈការ និង​ដឹកជញ្ជូន​ចិន​លោក​វ៉ាង​យ៉ាង (WANG YANG) បានឲ្យដឹងថា « រដ្ឋាភិបាល​ចិន​កំពុង​មាន​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ដំណើរ​កម្សាន្ត​សម្រាប់​ថ្ងៃ​ឈប់សម្រាក​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន​នៅ​ចុង​ខែ​មករា​នេះ ព្រោះ​ប្រជាជន​ចិន​ប្រមាណ ១៤០​លាន​នាក់​នឹង​ត្រូវ​ទៅ​លេង​ស្រុកកំណើត​ខ្លួន និង​ខ្លះ​ទៅ​កម្សាន្ត​នៅ​ក្រៅប្រទេស​។ កត្តា​នេះ​ហើយ​ដែល​ចោទ​ជា​បញ្ហា​ដល់​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​របស់​ជំងឺ​ថ្មី​នេះ »​។​

​គួរ​រម្លឹក​ជូន​ថា កាលពី​ឆ្នាំ​២០០៣ រដ្ឋាភិបាល​ចិនធ្លាប់​បាន​ព្យាយាម​លាក់បាំង​នូវ​ការឆ្លង​ជំងឺ​ផ្លូវដង្ហើម ដែល​បង្ក​ពី​វីរុស​សា (SARS) នេះ​។ ប៉ុន្តែ​ការ​លាក់បាំង​នេះ​បាន​បែក​ធ្លា​ញ​រហូត​ដល់​រដ្ឋាភិបាល​ចិន​សម្រេច​ចេញ​មុខ​ប្រកាស​ជា​សាធារណៈ​ពី​ការឆ្លង​របស់​ជំងឺ​នេះ ហើយ​កាល​នោះ​ដែរ​ជំងឺឆ្លង​ដ៏​សាហាវ​នេះ​បាន​ឆ្លង​ទៅ​លើ​ប្រជាជន​ក្នុង​ទីក្រុង​ជា​ច្រើន​របស់​ចិន និង​ប្រទេស​មួយចំនួន​ទៀត ដោយ​មនុស្ស​ប្រមាណ ៨,០០០​នាក់​បាន​ឆ្លង និង​៧៧៥​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​៕​

 ពាក្យគន្លឹះ  ជំងឺផ្លូវដង្ហើមចិន

ព័ត៌មានផ្សេងទៀត