អ៊ីរ៉ង់​មិន​ប្រគល់​ប្រអប់​ខ្មៅ​យន្តហោះ​Boeing737-800​ទៅឲ្យ​អាមេរិក​ឡើយ​

09-01-2020 11:35 am 558

​ក្រោយ​ហេតុការណ៍​ធ្លាក់​យន្តហោះ​របស់​អ៊ុយ​ក្រែន​ដែល​បាន​បណ្ដាល​ឲ្យ​អ្នក​ដំណើរទាំង​១៧៦​នាក់​ស្លាប់​គ្មាន​សល់​ម្នាក់​ក្នុង​ប្រទេស​អ៊ីរ៉ង់ ស្រាប់តែ​រដ្ឋាភិបាល​ប្រទេស​អ៊ីរ៉ង់​សម្រេច​មិន​ព្រម​ប្រគល់​ប្រអប់​ខ្មៅ​របស់​យន្តហោះ​ប៊ូ​អ៊ី​ញ 737-800 ទៅឲ្យ​ក្រុមហ៊ុន​ប៊ូ​អ៊ីញ​ដែលជា​ក្រុមហ៊ុន​របស់​អា​មេរិក​ឡើយ​។ ប្រអប់​ខ្មៅ​នេះ​ដែរ​ត្រូវ​បាន​អ៊ីរ៉ង់​រក្សាទុក​ដើម្បី​ត្រួតពិនិត្យ​ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ​នៃ​ការធ្លាក់​របស់​យន្តហោះ​នេះ​។​

​សូមបញ្ជាក់​ថា​ឧបទ្ទវហេតុ​នេះ​ដែរ​កើតឡើង​ស្របពេល​ដែល​អ៊ីរ៉ង់ និង​អាមេរិក​កំពុងតែ​តម្លើង​សរសៃ​.​ក​ដាក់​គ្នា​យ៉ាងខ្លាំង​ដោយ​មាន​ការ​ឆ្លងឆ្លើយ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​គ្រាប់​មី​ស៊ី​ល​។ កត្តា​នេះ​ហើយ​ដែល​អាច​ជា​មូលហេតុ​ចម្បង​ធ្វើឲ្យ​អ៊ីរ៉ង់​មាន​មន្ទិលសង្ស័យ​លើ​ការធ្លាក់​យន្តហោះ​លើ​ទឹកដី​ខ្លួន​នេះ ព្រោះ​វា​ហាក់បីដូច​ជា​គាប់​ជួន​ពេក​។ ម្យ៉ាង​ទៀត​សោត​ជនរងគ្រោះ​លើ​យន្តហោះ​ភាគច្រើន​ជា​ជនជាតិ​អ៊ីរ៉ង់​ថែម​ទៀត ទើប​រដ្ឋាភិបាល​អ៊ីរ៉ង់​សម្រេច​រក្សា​ប្រអប់​ខ្មៅ​ទុក​ដើម្បី​តាមដាន ក៏ដូចជា​ត្រួតពិនិត្យ​ឲ្យបាន​ជា​ក់​លាក់​បំផុត​លើ​មូលហេតុ​នៃ​ការធ្លាក់​យន្តហោះ​។ ចំណែក​អ្វីដែល​សំខាន់​នោះ វា​ជា​ការ​បញ្ជាក់ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​អស់ចិត្ត ថា​តើ​សាច់ញាតិ​របស់​ពួកគេ​ស្លាប់​ដោយសារតែ​ឧបទ្ទវហេតុ ឬ​ជា​ករណី​ភេ​វរ​កម្ម​?

​គួរ​រម្លឹក​ឡើងវិញ​ថា ជនរងគ្រោះ​ទាំងអស់​នៅលើ​យន្តហោះ​ដែល​ធ្លាក់​នោះដែរ មាន​ជនជាតិ​អ៊ីរ៉ង់ ៨២​នាក់​, ជនជាតិ​កាណាដា ៦៣​នាក់​, ជនជាតិ​អ៊ុ​យក្រែន ១១​នាក់ ក្នុងនោះ ១៥​នាក់​ជា​កុមារ រួម​ទាំង​បុគ្គលិក​យន្តហោះ​ជនជាតិ​ស៊ុយអែត ១០​នាក់​, ជនជាតិ​អា​ហ្វ​ហ្គានី​ស្ថាន ៤​នាក់​, ជនជាតិ​អង់គ្លេស ៣​នាក់ និង​អាល្លឺម៉ង់ ៣​នាក់​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អ៊ុយ​ក្រែនលោក​វ៉ាឌីម ប្រ៉ាយ​ស្ទ៉ា​យ​កូ (Vadym Prystaiko)៕​

ព័ត៌មានផ្សេងទៀត