ជប៉ុន​ផ្ដល់​ជំនួយ​ជាង​៣៦​ម៉ឺន​ដុល្លារ​សម្រាប់​អភិវឌ្ឍ​គម្រោង​៣

09-01-2020 11:25 am 232
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​ផ្តល់​ជំនួយឥតសំណង​លើ​ទឹកប្រាក់​សរុប ៣៦៣,២២៤ ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ចំនួន​៣​នៅ​កម្ពុជា ដែល​កិច្ចសន្យា​ផ្ដល់​ជំនួយ​នេះ ត្រូវបាន​ចុះហត្ថលេខា​រវាង ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា និង​តំណាង​ស្ថាប័ន​ទទួល​ជំនួយ​ចំនួន​៣ កាលពី​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០២០​។ 

​តាមរយៈ​គម្រោង​ជំនួយ KUSANONE រដ្ឋាភិបាល​ជប៉ុន​បាន​ឯកភាព​ផ្តល់​ជំនួយឥតសំណង​លើ​ទឹកប្រាក់​សរុប ៣៦៣ ២២៤ ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ចំនួន​៣​នៅ​កម្ពុជា​រួមមាន​៖

​ទី​១ សម្រាប់​មន្ទីរ​សាធារណការ និង​ដឹក ជញ្ជូន​ខេត្ត​ប៉ៃលិន រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ថវិកា​ប្រមាណ ១៨០.០០០​ដុល្លារ​អាមេរិក សម្រាប់​ការកែលម្អ ផ្លូវ​នៅ​សង្កាត់​អូរ​តា​វៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន តាមរយៈ​គម្រោង​នេះប្រជាជន ក្នុង​តំបន់​ប្រមាណ ៧,០០០ នាក់ នឹង​អាច​ធ្វើ​ដំណើរ​ទៅកាន់​សាលារៀន មន្ទីរពេទ្យ ទីផ្សារ និង​តំបន់​ផ្សេងទៀត យ៉ាង​ងាយស្រួល និង​មាន​សុវត្ថិភាព​ជាង​មុន​។ 

​ទី​២ សម្រាប់​ការិយាល័យ សុខាភិបាល​ស្រុក​ប្រតិបត្តិ​ល្វាឯម ខេត្ត​កណ្តាល រដ្ឋាភិបាល​ជប៉ុន ផ្តល់​ថវិកា​ប្រមាណ ៩០,០០០ ដុល្លារ​អាមេរិក សម្រាប់​សាងសង់​អគារ​សម្រាក​ពេទ្យ ជាមួយនឹង​គ្រែ​ចំនួន​១២ នៅ​មណ្ឌល សុខភាព​ទឹក​ឃ្លាំង ដោយ​គម្រោង​នេះ​រំពឹងថា នឹង​ផ្តល់​ប្រយោជន៍​ដល់​អ្នកជំងឺ​សម្រាក​ពេទ្យ​នៅក្នុង​តំបន់​ដែល​គ្របដណ្តប់​ប្រមាណ​៦០០​នាក់​ជា​រៀងរាល់ឆ្នាំ ហើយ​អគារ​ថ្មី​នេះ​នឹង ចូលរួមចំណែក​ក្នុង​ការផ្តល់​នូវ​ការ ថែទាំ​សុខភាព និង​បរិស្ថាន​វេជ្ជសាស្ត្រ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។ 

​និង ទី​៣ សម្រាប់​ឃុំ​ចំនួន ៧ នៅក្នុង​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​បន្ទាយមានជ័យ រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ថវិកា​ប្រមាណ ៩០,០០០​ដុល្លារ​អាមេរិក សម្រាប់​សាងសង់​ស្ថានីយ​ទឹកស្អាត​ខ្នាត​តូច​ជាមួយនឹង​ឧបករណ៍​ចាំបាច់​។ គម្រោង​នេះ​រំពឹងថា​នឹង​ផ្តល់​ផលប្រយោជន៍​ដល់ ប្រជាជន​ជាង ១ ៣,០០០​នាក់ នៅក្នុង​ខេត្ត​ចំនួន​២ ហើយ​គម្រោង​នេះ​នឹង​ធានាបាន នូវ​ការទទួល​បាន​ទឹកស្អាត ប្រកបដោយ​សុវត្ថិភាព​សម្រាប់​ប្រជាជន និង​ចូលរួម​កាត់បន្ថយ​ជំងឺ ដែល​បង្កឡើង​ដោយ​ទឹក​។​

​យោងតាម សេចក្តីប្រកាស​ព័ត៌មាន របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បានបញ្ជាក់​ថា ជប៉ុន​បាន និង​កំពុង​អនុវត្តន៍​កម្មវិធី KUSANONE នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៩១​មក ដើម្បី​ជួយ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ការអនុវត្ត​គម្រោង ខណៈ​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ផ្តល់​ជំនួយ​លើសពី ៦០០​គម្រោង​តាម​រយៈ​ជំនួយ KUSANONE ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការលើកកម្ពស់​គុណ​ភាព​នៃ​ជីវភាព​នៅ​កម្រិត​មូលដ្ឋាន​នៅ​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត