លោក​ត្រាំ​​មិន​បញ្ជា​​ឲ្យ​វាយប្រហារ​​សងសឹក​​អ៊ីរ៉ង់​ទេ​​តែ​នឹង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម​

09-01-2020 8:47 am 1401
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ

​នៅ​ទីបំផុត​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បានចេញ​សេចក្ដីថ្លែងការណ៍​ឆ្លើយតប​នឹង​ការវាយប្រហារ​របស់​អ៊ីរ៉ង់​ទៅលើ​មូដ្ឋានទ័ព​អាមេរិកក្នុ​ង​ប្រទេស​អ៊ីរ៉ាក់​កាលពី​ថ្ងៃទី​ពុធ​ហើយ​។ មាន​ការទន្ទឹងរង់ចាំ​ថា​តើ​លោក​ត្រាំ​នឹង​ឆ្លើយតប​យ៉ាងណា លោក​បញ្ជា​ឲ្យ​វាយប្រហារ​សងសឹក​វិញ​ឬក៏​អត់​។ ពេល​ថ្លែង​សុន្ទរកថា​តាម​ប៉ុស្ដិ៍​ទូរទស្សន៍​កាលពី​ព្រឹក​ថ្ងៃទី​០៨​មករា​(​ពេលវេលា​នៅ​អាមេរិក​) លោក​ត្រាំ​បញ្ជាក់ថា​ការវាយប្រហារ​របស់​អ៊ីរ៉ង់​មិន​បង្ក​គ្រោះថ្នាក់​ដល់​ទាហាន​អាមេរិក​នៅ​អ៊ីរ៉ាក់​ទេ គ្រាន់តែ​បង្ក​ការខូចខាត​តិចតួច​ប៉ុណ្ណោះ ផ្ទុយ​ពី​ការចុះផ្សាយ​របស់​សារព័ត៌មាន​អ៊ីរ៉ង់​ដែលថា​មាន​ទាហាន​អាមេរិក​ស្លាប់​៨០​នាក់​។ 

​លោក​ត្រាំ​បាន​ថ្លែង​បន្ថែមថា « អាមេរិក​មាន​យោធា​និង​ឧបករណ៍​ដ៏​អស្ចារ្យ តែ​មិន​មានន័យថា​យើង​ចេះតែ​ប្រើ​វា​រហូត​នោះទេ​។ អាមេរិក​ខ្លាំង​ទាំង​យោធា និង​សេដ្ឋកិច្ច ដូច្នេះហើយ​គឺ​យើង​មិនបាន​ញញើត​នឹង​អ៊ីរ៉ង់​ឡើយ​។ កម្លាំង​ទ័ព​អាមេរិក​ដ៏​អស្ចារ្យ​របស់​យើង​បាន​ត្រៀម​រួច​អស់ហើយ តែដោយសារ​យើង​បានឃើញ​អ៊ីរ៉ង់​ហាក់ដូចជា​កំពុង​សំងំ​ស្ងាត់ស្ងៀម ដែល​នេះ​ជា​រឿង​ល្អ​សម្រាប់​ពិភពលោក​។ ដ្បិតតែ​លោក​ត្រាំ​ថា​មិន​វាយប្រហា​រលើ​អ៊ីរ៉ង់​វិញ​ក៏ពិតមែន តែ​លោក​នឹងដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ទៅលើ​អ៊ីរ៉ង់​។​

​ទាក់ទង​នឹង​ភ្លើង​គំនុំ​ដែល​បាន​ឆាបឆេះ​មួយរយៈ​ក្រោយ​នេះដែរ មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក​អាយ៉ា​តូឡា អា​លី ខា​មេ​នី (Ayatollah Ali Khamenei) បាន​និយាយ​ហើយ​ថា « អ៊ីរ៉ង់​មិន​បង្កើន​កម្ដៅ​បន្ថែម​ទេ តែបើ​មាន​ការវាយប្រហារ​ណាមួយ អ៊ីរ៉ង់​នឹង​ការពារ​ខ្លួន »​។​

​អ្នកវិភាគ​នយោបាយ​អ៊ីរ៉ាក់​ដ៏​ល្បីឈ្មោះ​ម្នាក់​លោក Ramzy Mardini បាន​និយាយថា « ការវាយប្រហារ​របស់​អ៊ីរ៉ង់​ពុំ​មានបំណង​ធ្វើឲ្យ​អាមេរិក​រងគ្រោះ​ឡើយ ដោយ​នេះ​គ្រាន់តែ​ជា​សញ្ញា​មួយ ដែល​អ៊ីរ៉ង់​ចង់បង្ហាញ​ទៅ​ពិភពលោក​ថា​ខ្លួន​មិនបាន​ព្រឺ​ទៅនឹង​ការ​គម្រាម​ពី​លោក​ត្រាំ​ឡើយ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៨​មករា អ៊ីរ៉ង់​បាន​បាញ់​គ្រាប់​មី​ស៊ី​ល​ជាច្រើន​គ្រាប់​ទៅលើ​មូលដ្ឋាន​កងទ័ព​ចំនួន​ពីរ​របស់​អ៊ីរ៉ាក់ គឺ​មូលដ្ឋានទ័ព Irbil និង Al-Asad ដែលមាន​កងទ័ព​អាមេរិក​ស្ថិតនៅ​។ ការវាយប្រហារ​នេះ​ចាត់ទុក​ជាការ​វាយបក​សងសឹក​វិញ​ពី​សំណាក់​អ៊ីរ៉ង់ ទៅ​ម្ចាស់បំណុល​ឈាម​អាមេរិក​ដែល​បានសម្លាប់​មេបញ្ជាការ​ជាន់ខ្ពស់​របស់ខ្លួន លោក​ខា​សេម សូឡី​ម៉ា​នី (Qassem Soleimani)៕

ព័ត៌មានផ្សេងទៀត