លោកមុតចន្ថាបន្តលើកឡើងនូវគោលការណ៍អហិង្សារបស់លោកកឹមសុខា

09-01-2020 8:32 am 539

លោកមុត ចន្ថា មន្ត្រីជំនិតរបស់លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានបន្តលើកឡើងនូវទស្សនៈរបស់អតីតប្រធានបក្សប្រឆាំងរូបនេះ ដែលប្រកាន់យកគោលការណ៍អហិង្សា និងមិនធ្វើន យោបាយដោយហិង្សាជាដាច់ខាត។ ការលើកឡើងជាថ្មីនូវទស្សនៈរបស់លោកកឹម សុខាដូច្នេះ គ្រាដែលសាលាដំបូងរាជធានីភ្នំពេញ គ្រោងបើកសវនាការជំនុំជម្រះលើសំណុំរឿង«សន្ទិដ្ឋិភាពជាមួយបរទេស»របស់ប្រធានអតីតគណបក្សសង្រ្គោះជាតិរូបនេះ នៅពាក់កណ្ដាលខែមករាខាងមុខនេះ។ 

មន្ត្រីជំនិតរបស់លោកកឹម សុខា គឺលោកមុត ចន្ថា បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃទី៩ ខែមករានេះ ថា ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ការឈឺចាប់មិនអាចពណ៌នា ក្នុង រយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ រួមទាំងអំពើប្រល័យពូជសាសន៍ឯង ការឈ្លានពានពីរបរទេស និងសង្រ្គាមស៊ីវិលរវាងភាគីខ្មែរ និងភាគីខ្មែរ។

លោកមុត ចន្ថា បានសរសេរបន្តថា”ឯកឧត្តម កឹម សុខា បានលើកទស្សនៈថា«សូមគ្រប់ភាគីខ្មែរងាកមកមើលពីគុណសម្បត្តិគ្នា កសាងជំនឿទុកចិត្តគ្នា តាមរយៈការផ្តល់នូវយុត្តិធម៌ឲ្យគ្នា ដោយចាប់ផ្តើមពីអ្នកដែលប្រាថ្នារួមរស់ ដោយសុខដុមរមនាក្នុងដំបូលផ្ទះខ្មែរតែមួយ»”។

លោកមុត ចន្ថា បានសរសេរបញ្ជាក់ទៀត ថា រូបលោកនៅចាំយ៉ាងច្បាស់ថា លោកកឹម សុខា និងគោលការណ៍របស់គណបក្សសង្រ្គោះជាតិ(CNRP)ដែលត្រូវបានរំលាយ គឺមិនមានចេតនា មិនមានផែនការ និងមិនធ្វើនយោបាយដោយហិង្សាជាដាច់ខាត។ លោកថាជារឿយៗ លោកកឹម សុខា ក្នុងនាមប្រធានគណបក្ស តែងតែណែនាំទាំងផ្ទៃក្នុងបក្ស ទាំងថ្លែងការណ៍ជាសារធារណៈថា រូបលោក ក៏ដូចជាគណបក្ស ប្រកាន់ខ្ជាប់នូវគោ លការណ៍អហិង្សា។ រីឯអ្នកណាចង់ប្រើអំពើហិង្សាទៅណាឲ្យឆ្ងាយពីCNRP។ ដំណោះស្រាយសន្តិវិធី គឺជាបំណងប្រាថ្នារបស់លោកកឹម សុខា គឺដំណោះស្រាយដោយទឹកពន្លត់ភ្លើង មិនមែនយកសាំងចាក់លើភ្លើងឡើយ។ មធ្យោបាយបាតុកម្មមានចរិតញុះញង់ ឬបដិវត្តន៍(ពណ៌) ឬរដ្ឋប្រហារ គឺមិនមែនជាជម្រើសរបស់យើងឡើយ!។

សូមជម្រាប ថា សាលាដំបូងរាជធានីភ្នំពេញ គ្រោងបើកសវនាការជំនុំជម្រះលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ខាងមុខនេះ។ លោកមុត ចន្ថា ក៏បានប្រាប់អ្នកសារព័ត៌មានថា លោកកឹម សុខាអតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ នឹងទៅចូលរួមក្នុងសវនាការ នៅថ្ងៃពុធសប្ដាហ៍ក្រោយនេះ៕ 

ព័ត៌មានផ្សេងទៀត