ក្ដីបារម្ភ​ពី​​អន្ដរជាតិ​​ផ្ទុះឡើង​ផ្ទួនៗ​​ក្រោយ​អ៊ីរ៉ង់​​វាយប្រហារ​​មូលដ្ឋានទ័ព​អាមេរិក​

08-01-2020 5:48 pm 359

ស្ថានការណ៍​រវាង​អ៊ីរ៉ង់​និង​អាមេរិក​នៅពេលនេះ បាន​ឈានដល់​ការ​សងសឹក​ដំណាក់កាល​ទីមួយ​ផ្ដើមចេញពី​អ៊ីរ៉ង់​វិញ​ម្ដង ក្រោយ​អាមេរិក​សម្លាប់​មេបញ្ជាការ​កំពូល​អ៊ីរ៉ង់​លោក​ខា​សេម សូឡី​ម៉ា​នី​កាលពី​ថ្ងៃទី​០៣​មករា​។ គ្រាន់តែ​ពិធីបុណ្យ​សព​បុរស​ខ្លាំង​រូបនេះ​ចប់សព្វគ្រប់ ប៉ុន្មាន​ម៉ោង​ក្រោយ​គឺ​នៅ​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០៨​មករា អ៊ីរ៉ង់​បាន​បាញ់​មី​ស៊ី​ល​ជាច្រើន​គ្រាប់​ទៅលើ​មូលដ្ឋាន​ទ័ពអាកាស​អាមេរិក​ប្រចាំ​នៅ​អ៊ីរ៉ាក់​។​

​ការបាញ់ប្រហារ​នេះ​អាមេរិក​មិនបាន​ចេញមក​បញ្ជាក់ថា មាន​ការខូចខាត​ឬ​ស្លាប់​ទាហាន​អាមេរិក​ប៉ុន្មាន​នាក់​ឡើយ តែ​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​ចុះផ្សាយ​ថា​មាន​ទាហាន​អាមេរិក​៨០​នាក់​ស្លាប់ និង​បំផ្លាញ​ឧទ្ធម្ភាគចក្រ​អាមេរិក​ជាច្រើន​គ្រឿង​។ យ៉ាងណាមិញ​ការអះអាង​របស់​អ៊ីរ៉ង់​ក៏​ពុំទាន់​អាច​ជឿជាក់​បាន​ទាំងស្រុង​ដែរ​ព្រោះ​ជា​ព័ត៌មាន​តែ​ម្ខាង​។ កងកម្លាំង​អ៊ីរ៉ង់​បាន​និយាយថា​មី​ស៊ី​ល​ដែល​បាញ់​លើ​មូលដ្ឋានទ័ព​នោះ គ្មាន​ការ​រាំង​ស្ទាក់​ណាមួយ​ឡើយ​ពោលគឺ​បាន​ធ្លាក់ចំ​គោលដៅ​ទាំងអស់​។ អ៊ីរ៉ង់​ប្រាប់​ឲ្យដឹងទៀតថា​ពេល​នេះគេមាន​គោលដៅ​ត្រៀម​វាយប្រហារ​ចំនួន​១០០​គោលដៅ​ផ្សេងទៀត​នៅក្នុង​តំបន់​នោះ ហើយ​បាន​គំរាម​ខ្លាំងៗ​នឹង​វាយប្រហារ​ដល់​ក្នុងផ្ទះ​អាមេរិក​តែម្ដង​ប្រសិនបើ​អាមេរិក​ហ៊ាន​សងសឹក​។ 

​បន្ថែម​លើ​នេះ​កងកម្លាំង​បដិវត្ដន៍​អ៊ីរ៉ង់​សង្កត់ធ្ងន់ថា ខ្លួន​អាច​នឹង​បើក​ការវាយប្រហារ​នៅក្នុង​ទីក្រុង​ឌូ​បៃ​ប្រទេស​អារ៉ាប់​រួម និង​នៅក្នុង​ទីក្រុង​ហៃ​ហ្វាប្រទេស​អ៊ីស្រាអែល​បន្ដទៀត ជា​ប្រទេស​សម្ព័ន្ធ​អាមេរិក​ដែល​នេះ​ជាការ​សងសឹក​លើក​ទី​បី​។ 

គិត​មក​ត្រឹម​ពេលនេះ​អាមេរិក​នៅ​មិនទាន់​បញ្ចេញ​ប្រតិកម្ម​ណាមួយ​ឡើយ គ្រាន់តែ​បញ្ជាក់ថា​អាមេរិក​បានដឹង​ពី​ការវាយប្រហារ​របស់​អ៊ីរ៉ង់​លើ​មូលដ្ឋានទ័ព​នៅ​អ៊ីរ៉ាក់​ហើយ​។ មិន​បញ្ចេញ​ប្រតិកម្ម​មែន​តែ​ក្រុមប្រឹក្សាសន្ដិសុខ​ជាតិ​អាមេរិក​បាន​បើក​កិច្ចប្រជុំ​ដោយ​សម្ងាត់​មួយ​នៅ​សេត​វិមាន​ពិភាក្សា​ពី​បញ្ហា​នេះ​។ ដូច្នេះ​អាច​និយាយបានថា​អាមេរិក​ទំនង​កំពុង​ជជែក​រក​វិធីសាស្ដ្រ​ឆ្លើយតប​។ ចំណែក​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ក៏​ពុំទាន់​និយាយ​អ្វី​ច្រើន​ដែរ​លោក​គ្រាន់តែ​ថា គ្រប់យ៉ាង​គឺ​ល្អប្រសើរ​ទេ​។ តាមរយៈ​បណ្ដាញ​ធ្វី​ត​ទ័​រលោក​ត្រាំ​គូសបញ្ជាក់ថា​លោក​បានដឹង​គ្រប់យ៉ាង​ហើយ ដោយ​ពេលនេះ​កំពុងមាន​ការវាយតម្លៃ​ពី​ផល​ខូចខាត​នៃ​ការវាយប្រហារ​របស់​អ៊ីរ៉ង់​។ លោក​នឹង​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​បន្ទាប់​នេះ​។​

​ការវាយប្រហារ​របស់​អ៊ីរ៉ង់​ពិតជា​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ពិភពលោក​ដែល​កំពុង​តាមដាន​ស្ថានការណ៍​មិន​ដាក់​ភ្នែក​។ បណ្ដា​ប្រទេស​មួយចំនួន​បានចេញ​ការព្រមាន​ដល់​ប្រជាជន​របស់ខ្លួន​ត្រូវមាន​ការប្រុងប្រយ័ត្ន​ក្នុង​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​អ៊ីរ៉ង់​ឬ​ប្រទេស​ក្បែរ​ខាង​អ៊ីរ៉ង់​ក៏ដូចជា​អ៊ីរ៉ាក់​។ បើ​យោងតាម​ការបញ្ជាក់​ពី​ក្រុមហ៊ុន​អាកាសចរណ៍​សឹង្ហ​បុរី​នៅ​ថ្ងៃទី​០៨​ខែម​ករានេះ សឹង្ហ​បុរី​សម្រេច​លុប​ក៏ដូចជា​បង្វែរ​នូវ​ជើងហោះហើរ​របស់ខ្លួន​ទៅកាន់​ប្រទេស​អ៊ីរ៉ង់​ភ្លាមៗ​។ មូលហេតុ​ដោយសារ​សឹង្ហ​បុរី​ភ័យខ្លាច​អាមេរិក​វាយប្រហារ​ទៅលើ​អ៊ីរ៉ង់​វិញ អាច​បង្ក​ជា​ហានិភ័យ​ខ្ពស់បំផុត​ដល់​សុវត្ថិភាព​អតិថិជន​និង​ប្រជាជន​របស់ខ្លួន​។​

​ប្រទេស​ឥណ្ឌា​វិញ​បានចេញ​ការព្រមាន​ដល់​ប្រជាជន​ចំពោះ​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់​បើ​គ្មាន​កិច្ចការ​ចាំបាច់​។ ប្រជាជន​ឥណ្ឌា​ត្រូវរង់​ការផ្ដល់ដំណឹ​ង​ពី​អាជ្ញាធរ​ចំពោះ​ស្ថានការណ៍​ចុងក្រោយ​នៅ​អ៊ីរ៉ាក់​ក៏ដូចជា​អ៊ីរ៉ង់​។ ប្រទេស​ប៉ា​គី​ស្ថាន​ឯណោះ​វិញ​ក៏​មិន​ខុសពី​ប្រទេស​ឥណ្ឌា គឺ​បានប្រកាសឲ្យ​ប្រជាជន​លុបចោល​ផែន​ការធ្វើដំ​ណើ​រ​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់​ភ្លាមៗ ហើយ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ខណៈ​ប្រទេស​ជប៉ុន​ទទូច​ឲ្យ​អ៊ីរ៉ង់​និង​អាមេរិក​វិល​ទៅរក​ការចរចា​តាមផ្លូវ​ការទូត ចៀសវាង​ការដោះស្រាយ​ដោយ​ប្រើ​អាវុធ​ព្រោះ​នឹង​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​។ ជប៉ុន​ក៏​កំពុង​ទាក់ទង​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ដើម្បី​ប្រមូល​ព័ត៌មាន​ធានា​ពី​សុវត្ថិភាព​ប្រជាជន​ជប៉ុន​នៅក្នុង​តំបន់​នោះ​។​

​ប្រទេស​ហ្វីលីពីន​បានប្រកាសឲ្យ​ជម្លៀស​ប្រជាជន​ចេញពី​អ៊ីរ៉ាក់​ភ្លាមៗ​តែម្ដង គ្រាន់តែ​ទទួលដំណឹង​ថា​អ៊ីរ៉ង់​វាយប្រហារ​មូលដ្ឋានទ័ព​អាមេរិក​នៅ​អ៊ីរ៉ាក់​។ ក្រសួងការបរទេស​ហ្វីលីពីន​បាន​ប្រកាសអាសន្ន​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ទាំងមូល និង​ចាត់ទុក​ស្ថានការណ៍​បច្ចុប្បន្ន​ស្ថិតក្នុង​ការប្រកាសអាសន្ន​កម្រិត​ទី​៤​ដែល​ត្រូវ​ជម្លៀស​ប្រជាជន​ចេញ​ជា​ចាំបាច់​។​

​ចក្រភព​អង់គ្លេស​បាន​ថ្កោលទោស​ការវាយប្រហា​ររ​បស់​អ៊ីរ៉ង់ និង​ជំរុញ​កុំឲ្យ​អ៊ីរ៉ង់​បន្ដធ្វើ​សកម្មភាព​គ្រោះថ្នាក់​តទៅទៀត តែ​ត្រូវ​ប្រើ​វិធីសាស្ដ្រ​ផ្សេង​ដោះស្រាយ​បញ្ហា​។​

​ក្រុមហ៊ុន​អាកាសចរណ៍​Emirates​របស់​អារ៉ាប់​រួម បាន​លុបចោល​ជើង​ហោះ​ទៅកាន់​ទីក្រុង​បា​ដា​ដ​ប្រទេស​អ៊ីរ៉ាក់​ផងដែរ ដោយ​កំពុង​តាមដាន​ស្ថានភាព​បន្ដ​។ អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​ដោះស្រាយ​លើ​ប្រតិ​ប​ត្ដិ​ការហោះហើរ​ទៅកាន់​ទីក្រុង​បា​ដា​ដ ប៉ុន្ដែ​ជំហាន​ដំបូង​ត្រូវ​លុបចោល​ជើងហោះហើរ​បណ្ដោះអាសន្ន​សិន​។ នេះ​បើតាម​ការបញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​។​

​រីឯ​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​សហរដ្ឋអាមេរិក​(FAA) បានចេញ​ការព្រមាន​ភ្លាមៗ​ដែរ​បន្ទាប់ពី​ការវាយប្រហារ​របស់​អ៊ីរ៉ង់​។ រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​បានចេញ​ការព្រមាន​ឲ្យ​រឹត​បន្ដឹងលើ​ការធ្វើ​ប្រតិ​បត្ដិកា​រ​ជើងហោះហើរ​ស៊ីវិ​លទាំង​អស់​របស់​អាមេរិក ដែលមាន​គោលដៅ​ធ្វើចរាចរ​ហោះហើរ​លើ​ប្រទេស​អ៊ីរ៉ាក់ អ៊ីរ៉ង់ ឈូង​សមុទ្រ​ពែ​ក្ស​និង​ឈូង​សមុទ្រ​អូ​ម៉ង់​។ រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​នឹង​បន្ដ​តាមដាន​បន្ថែម​ពី​ព្រឹត្ដិការណ៍នៅ​មជ្ឈិមបូ​ព៌ា ក៏ដូចជា​សហការ​ជាមួយ​ដៃគូ​សន្ដិសុខ​នៅក្នុង​តំបន់​ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម​។ ប៉ុន្ដែ​ចន្លោះពេល​ស្ថានភាព​កំពុង​តានតឹង គឺ​មិន​អនុញ្ញាតឲ្យ​មាន​យន្ដហោះ​ស៊ីវិល​ហោះហើរ​ឆ្លងកាត់​តំបន់​ហាមឃាត់​ដាច់ខាត​។​

​ក្រោយ​មាន​ការបាញ់​គ្រាប់​មី​ស៊ី​ល​ជាច្រើន​គ្រាប់ ពី​សំណាក់​អ៊ីរ៉ង់​ទៅលើ​មូលដ្ឋាន​កងទ័ព​អាមេរិក​នៅ​អ៊ីរ៉ាក់ ក្រឡេក​ទៅ​មើល​តម្លៃ​ប្រេង​ឆៅ​នៅ​អាមេរិក​បាន​ឡើងថ្លៃ​ពី​៦២,៧០​ដុល្លារ​ក្នុង​មួយ​បារ៉ែល ដល់ ៦៥,៤៨​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ពោលគឺ​ឡើងថ្លៃ​៤% នេះ​បើ​យោងទៅតាម​ការបញ្ជាក់​ពី​មន្ត្រី​ផ្នែក​សេដ្ឋកិច្ច​ម្នាក់​របស់​អាមេរិក​។​

​ពាក់ព័ន្ធ​ទៅនឹង​ការ​ស្ទុះ​ឡើង​នូវ​តម្លៃ​ប្រេង​នេះដែរ បានធ្វើឲ្យ​ក្រុម​អ្នកវិនិយោគ​កំពុងមា​ន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ជម្លោះ​ដ៏​ក្ដៅគគុក​រវាង​អ៊ីរ៉ង់​និង​អាមេរិក អាច​នឹង​ប៉ះពាល់​ដល់​ការផ្គត់ផ្គង់​ប្រេង​នៅ​មជ្ឈឹម​បូ​ព៌ា​។ ម្យ៉ាងទៀត​វិបត្តិ​ប្រេង​នេះ​អាច​រុញច្រាន​ឲ្យ​ពិភពលោក ជួបនឹង​វិបត្តិ​សេដ្ឋកិច្ច​ជាក់​ជា​មិនខានឡើយ​៕

ព័ត៌មានផ្សេងទៀត