ហេតុអ្វីបានជាមនុស្សភាគច្រើនគេងស្រមុក ហើយគួរដោះស្រាយបែបណា?

08-01-2020 5:10 pm 444
  ស្តាប់
ស្តាប់ជាសំឡេង

គេងស្រមុក គឺជាសំឡេងរំខានមួយដែលតែងតែកើតឡើងនៅពេលដែលមនុស្សគេងលង់លក់។ បញ្ហានេះបានកើតឡើងទៅលើមនុស្សទូទៅមិនប្រកាន់ពូជសាសន៍ក្មេងចាស់ឬជាបុរសស្រ្តីឡើយ។ ស្នូរខ្លាំងៗកើតចេញពីការស្រមុកនេះពិតជាផ្ដល់ការរំខានខ្លាំងណាស់ សម្រាប់ដៃគូម្ខាងទៀតដែលកំពុងគេងក្បែរ។ ហេតុអ្វីបានជាមានបញ្ហាស្រមុកកើតឡើង? ហើយមានវិធីអ្វីខ្លះដើម្បីដោះស្រាយបញ្ហានេះ? 

 

 គេងស្រមុក មិនមែនជាបញ្ហារបស់បុរសតែម្នាក់ឯងនោះទេ ក្នុងនោះភាគរយរបស់ស្រ្តីដែលកើតមានបញ្ហានេះក៏ច្រើនដូចគ្នាជាពិសេសគឺស្រ្តីដែលអស់រដូវ។ គេងស្រមុក គឺជាសំឡេងរំខានមួយតែងតែកើតឡើងនៅពេលដែលមនុស្សគេងលក់ ហើយវានាំឲ្យយើងគេងមិនលក់ស្កប់ស្កល់និងអស់កម្លាំងនៅពេលថ្ងៃ ឆាប់ឆេវឆាវ ថែមទាំងប្រឈមមុខនឹងបញ្ហាសុខភាពច្រើនទៀត។ កាលពីថ្មីៗនេះតាមការឲ្យដឹងពីអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថាការគេងស្រមុក ក៏អាចបណ្តាលអោយមនុស្សមានជំងឺខ្សោយបេះដូងយ៉ាងឆាប់រហ័ស គឺរហ័សជាងអ្នកដែលគេងមិនស្រមុក ដោយវាបានធ្វើឲ្យស្ទះនូវប្រពន្ធ័ដង្ហើមដែលបណ្តាលអោយមានបញ្ហាដល់ការកន្រ្តាក់នៃបេះដូង។

 

 

បញ្ហានៃការគេងស្រមុកអាចកើតឡើងទៅលើមនុស្សគ្រប់វ័យ តែដែលខ្លាំងជាងគេនោះគឺមនុស្សធាត់។ យ៉ាងណាអាការៈនេះនឹងមិនបាត់ទៅវិញឡើយ ប្រសិនអ្នកនៅតែព្រងើយកន្តើយមិនព្យាយាមរកមូលហេតុដោះស្រាយឲ្យបានត្រឹមត្រូវ។ ហេតុអ្វីបានជាមនុស្សគេងស្រមុក? តើមានវីធីអ្វីខ្លះដើម្បីកែខៃបញ្ហានេះឲ្យបានប្រសើរឡើងវិញ? សូមតាមដានចំណុចខាងក្រោម៖   

 

១ លើសទម្ងន់៖ ការលើសទម្ងន់ជាមូលហេតុមួយដែលទាក់ទងទៅនឹងបញ្ហាសុខភាព និងជាមូលហេតុចម្បងបំផុតនៃការគេងស្រមុកពិសេសគឺបុរស ព្រោះពួកគេមានទំនោរឡើងទម្ងន់ចំណុច ក។ បណ្ដាជាលិកាខ្លាញ់នៅជុំវិញកបានគៀបរិតផ្លូវដង្ហើម និងបណ្តាលឲ្យខ្យល់ពិបាករត់ក្នុងអំឡុងពេលគេង ទើបធ្វើឲ្យផ្លូវដង្ហើមងាយស្រួលក្នុងការបញ្ចេញសំឡេង។ ដូចច្នេះហើយដំណោះស្រាយដ៏ល្អបំផុតនោះ អ្នកត្រូវសម្រកទម្ងន់ឲ្យបានត្រឹមត្រូវតាមរយៈរបបអាហារមួយសមរម្យ និងធ្វើការហាត់ប្រាណឲ្យបានទៀងទាត់។  

 

២ គ្រឿងស្រវឹង៖ ផឹកគ្រឿងស្រវឹងមានប្រសិទ្ធិភាពធ្វើឲ្យអ្នកគេងបានច្រើននិងបំបាត់ការឈឺចាប់។  ក៏ប៉ុន្តែផលអវិជ្ជមានរបស់វាគឺអាចបង្កឱ្យគៀបសាច់ដុំខាងក្រោយបំពង់ក ហើយចំណុចនេះហើយដែលបណ្តាលឱ្យអ្នកគេងស្រមុក។ យ៉ាងណាមិញដើម្បីឲ្យការគេងស្រមុកបាត់ទៅបន្តិចម្ដងៗ អ្នកត្រូវកំណត់ការទទួលទានគ្រឿងស្រវឹងឲ្យបានត្រឹមត្រូវ បើអាចត្រូវញុំាមុន៤ម៉ោងមុនពេលចូលគេង។  

 

៣ ការជក់បារី៖ អ្នកជក់បារីងាយនឹងគេងស្រមុកជាង២ដង បើប្រៀបនិងអ្នកដែលមិនជក់បារី។ ផ្សែងបារីទៅរំញោចស្រទាប់ខាងក្នុងនៃរន្ធច្រមុះនិងបំពង់ក ទើបបណ្តាលឱ្យហើមរលាក តឹងច្រមុះពិបាកដកដង្ហើម ហើយទាំងនេះក៏ជាកត្តាដែលធ្វើឲ្យអ្នកប្រឈមនឹងការគេងស្រមុក។ ដូចច្នេះដើម្បីកាត់បន្ថយបញ្ហានេះអ្នកត្រូវឈប់ជក់បារីឬគ្រាន់តែជក់មុនចូលគេង៤ម៉ោង ដើម្បីកាត់បន្ថយឥទ្ធិពលរបស់វា។  

 

៤ ឥរិយាបថក្នុងការគេង៖ ប្រសិនបើអ្នកគេងផ្ងា នោះហានិភ័យនៃការគេងស្រមុកមានកាន់តែខ្លាំង។ការប្ដូរទម្លាប់មកគេងផ្អៀង ដោយកើយលើខ្នើយកម្ពស់១០សង់ទីម៉ែត្រអាចជួយសម្រួលការដកដង្ហើមនិងជួយអណ្ដាតនិងថ្គាមឲ្យរុលទៅមុខ ហើយការស្រមុកនឹងថយចុះបន្តិចម្ដងៗ។  

 

៥ ប្រតិកម្មអាឡែហ្ស៊ី៖ បណ្ដាជំងឺអាឡែហ្ស៊ី ដូចជារលាកច្រមុះអាឡែស៊ី អាចបង្កឱ្យមានការតឹងច្រមុះ រួមចំណែកដល់ការគេងស្រមុក និងប៉ះពាល់ដល់គុណភាពនៃការគេង។    

 

៦ ប៉ះពាល់ដល់ទំនាក់ទំនងស្នេហា៖ មិនខ្វល់ថាចំណងស្នេហ៍របស់អ្នកស្រលាញ់គ្នាខ្លាំងប៉ុណ្ណា ប៉ុន្តែបើមានបញ្ហាកង្វះដំណេកមិនបានគេងលក់ស្កប់ស្កល់ដោយសារតែសំឡេងស្រមុកជារឿយៗ បញ្ហានេះក៏អាចចូលមកកាត់ទំនាក់ទំនងនិងធ្វើឲ្យសុខភាពដៃគូប្រឈមនឹងហានិភ័យខ្ពស់ដែរ។ ដូចច្នេះបើកើតមានបញ្ហានេះ ដៃគូទាំងពីរគួរសហការគ្នារកដំណោះស្រាយឲ្យបានល្អបំផុត ឬទៅពិគ្រោះជាមួយគ្រូពេទ្យជាការប្រសើរបំផុត។

 

ក្រៅពីនេះអ្នកដែលមានបញ្ហាគេងស្រមុកត្រូវអនុវត្តន៍ឲ្យបានបន្ថែមទៀតដូចជា៖  

 

- ទទួលទានទឹកមុនពេលគេងឲ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើបាន ព្រោះទឹកជាសារធាតុសំខាន់អាចសម្រួលដល់ការគេងស្រមុកឭខ្លាំងពេលយប់។

 

- ត្រូវប្តូរកំរាលពូកនិងស្រោមខ្នើយឲ្យបានស្អាតជាប្រចាំ ព្រោះសម្ភារៈទាំងនេះអាចមានជាប់នូវសារធាតុកខ្វក់ផ្សេងៗ ដែលជាមូលហេតុអាចធ្វើឲ្យយើងគេងស្រមុក។   

 

- ធ្វើការតាំងចិត្តនិងសម្រួលអារម្មណ៍ឲ្យបានស្ងប់មុនពេលគេង។

 

- ជៀសវាងបរិភោគអាហារហឹរ ជូរនិងប្រៃ ជាពិសេសត្រូវហាត់ប្រាណឲ្យបានជាប្រចាំ ដោយសារតែការធ្វើបែបនេះលោកអ្នកនឹងអាចបញ្ឈប់បញ្ហាស្រមុកបាន ព្រមទាំងអាចបញ្ចៀសនូវបញ្ហាបេះដូងបានផងដែរ៕

 

ព័ត៌មានផ្សេងទៀត