​ការមិន​ដកតំណែង​មន្ត្រី​ពាក់ព័ន្ធ​ករណី​​រលំ​អគារ​​នៅ​កែប​ជា​ការសម្រេចចិត្ត​លឿនពេក​?​

08-01-2020 4:20 pm 446

​កណី​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប បាន​បណ្ដាលឱ្យ​ស្លាប់ និង​របួស​មនុស្ស​ជាច្រើន​នាក់ កាលពីពេល​ថ្មីៗ​នេះ ត្រូវបាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​មិនមាន​ការដកតំណែង​អភិបាលខេត្ត​កែប និង​មន្ត្រី​ពាក់ព័ន្ធ​ដទៃ​ទៀតឡើយ​។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ការសម្រេចចិត្ត​មិន​ដកតំណែង​អភិបាលខេត្ត​កែប និង​មន្ត្រី​ពាក់ព័ន្ធ ករណី​បាក់​រលំ​អគារ​ខាងលើ ដោយ​ពុំបាន​ស្រាវជ្រាវ​រក​មូលហេតុ​ឱ្យបាន​ច្បាស់លាស់​ជាមុនសិន ជា​ការសម្រេចចិត្ត​លឿន​ពេក​។

​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេចចិត្តថា រដ្ឋាភិបាល​របស់លោក មិនមាន​ការដកតំណែង​អភិបាលខេត្ត​កែប និង​មន្ត្រី​ពាក់ព័ន្ធ​ដទៃទៀត ពាក់ព័ន្ធ​ករណី​បា​ក់រំ​អគារ​នៅ​ខេត្ត​កែប បាន​បណ្ដាលឱ្យ​ស្លាប់ និង​របួស​មនុស្ស​ជាច្រើន​នាក់ កាលពី​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២០​ឡើយ​។ លោក ហ៊ុន សែន បាន​អះអាងថា ករណី​បាក់​រលំ​អគារ​នេះ មិនមែន​កើត​មានតែ​ក្នុងប្រទេស​កម្ពុជា​ទេ ប្រទេស​ផ្សេងទៀត​ក៏​កើតមាន​ករណី​បាក់​រលំ​អគារ​នេះដែរ ដោយ​លោក​ចាត់ទុកថា​កណី​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប ជា «​ឧបទ្ទវហេតុ​»​។​

​ប៉ុន្តែ​សម្រាប់​លោក អ៊ូ ច័ន្ទ​រ័ត្ន ដែលជា​អតីត​តំណាងរាស្ត្រ និង​ជា​អតីត​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​វិញ បាន​ចាត់ទុកថា​ការសម្រេចចិត្ត​មិន​ដកតំណែង​អភិបាលខេត្ត​កែប និង​មន្ត្រី​ពាក់ព័ន្ធ ករណី​បាក់​រលំ​អគារ​ខាងលើ ដោយ​ពុំបាន​ស្រាវជ្រាវ​រក​មូលហេតុ​ឱ្យបាន​ច្បាស់លាស់​ជាមុនសិន ជា​ការសម្រេចចិត្ត​លឿន​ពេក​។ ជា​ការសម្រេចចិត្ត​លឿន​ពេក ដោយ​លោក​អះអាងថា អាចមាន​មន្ត្រី​មួយចំនួន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​អំពើពុករលួយ​……………

​សំឡេង​៖

​ការសម្រេចចិត្ត​មិន​ដកតំណែង​អភិបាលខេត្ត​កែប និង​មន្ត្រី​ពាក់ព័ន្ធ​ដទៃទៀត​ពី​សំណាក់​រដ្ឋាភិបាល បាន​ធ្វើឡើង​បន្ទាប់ពី​មាន​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន គណបក្សនយោបាយ​ខ្លះ និង​សាធារណៈជន បានទាមទារ​និង​បាន​ជំរុញ​ឱ្យ​លោក ហ៊ុន សែន ដកតំណែង​អភិបាលខេត្ត​កែប និង​មន្ត្រី​ពាក់ព័ន្ធ ក្រោយពី​មាន​ករណី​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប​។ លោក ហ៊ុន សែន បញ្ជាក់ថា រឿង​បាក់​រលំ​អគារ​នេះ មិនមាន​តែ​កម្ពុជា​ទេ នៅ​សហរដ្ឋអាមេរិក មាន​ករណី​បាក់​រលំ​អូ​តែ​ល នៅ​បារាំង មាន​ករណី​ភ្លើង​ឆេះ​សារមន្ទីរ នៅ​ប្រទេស​អូស្ដ្រាលី មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​ជាដើម ប៉ុន្តែ​មន្ត្រី​នៃ​ប្រទស​ទាំងនេះ ពុំបាន​ដក​ចេញពី​តំណែង ឬ​លាលែង​ពី​តំណែង​ឡើយ​។​

​តែ​ករណី​បាក់​រលំ​អគារ​នៅ​កម្ពុជា ត្រូវបាន​លោក អ៊ូ ច័ន្ទ​រ័ត្ន លើកឡើងថា វា​ខុស​ទៅនឹង​ករណី​កើតឡើង​នៅ​ប្រទេស​ផ្សេង ដូចជា ករណី​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​អូស្ត្រាលី គឺ​កើតឡើង​ដោយសារ​ធម្មជាតិ តែ​សម្រាប់​ការបាក់​រលំ​អគារ​នៅ​កម្ពុជា គឺ​កើតឡើង​ដោយសារ​មនុស្ស​ជា​អ្នកធ្វើ​។ ដូច្នេះ​ត្រូវតែមាន​ការទទួលខុសត្រូវ ហើយ​មន្ត្រី​ដែលមាន​កំហុស​ត្រូវ​ដក​ចេញពី​តំណែង គឺជា​រឿង​ធម្មតា​………….

​សំឡេង​៖

​សូមបញ្ជាក់ថា ការបាក់​រលំ​អគារ​នៅ​ខេត្ត​កែប នា​ថ្ងៃទី​៣ ខែមករា​ឆ្នាំ​២០២០ បណ្ដាលឱ្យ​ស្លាប់​មនុស្ស​៣៦​នាក់ និង​២៣​នាក់​ទៀត​រងរបួស​។ ដោយឡែក​កាលពី​ថ្ងៃ​២២​ខែមិថុនា​ឆ្នាំ​២០១៩ កន្លងទៅ​អគារ​កម្ពស់​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​រលំ​បណ្ដាលឱ្យ​ស្លាប់​មនុស្ស​២៨​នាក់​និង​របួស​២៦​នាក់ ហើយ​ថ្មីៗ​នេះ​ផងដែរ សាលាឆាន់​នៅ​ខេត្តសៀមរាប បាន​បាក់​រលំ បណ្តាលឲ្យ​ស្លាប់​៤​នាក់ និង​របួស​១២​នាក់​ផងដែរ​។​

​ករណី​បាក់​រលំ​អគារ​ផ្ទួនគ្នា​នៅ​កម្ពុជា​នេះ ត្រូវបាន​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា ដោយសារ​ថ្នាក់ដឹកនាំ​ពុករលួយ​និង​អសមត្ថភាព​នៅ​កម្ពុជា មិនដែល​ទទួលខុសត្រូវ​ទេ ចំពោះ​ការធ្វេសប្រហែស​របស់ខ្លួន ដែល​លោក​ចាត់ទុកថា​ជា​ឧក្រិដ្ឋកម្ម​។ លោក សម រង្ស៊ី អះអាង​ទៀតថា នៅ​ប្រទេស​ដទៃទៀត អ្នកទទួលខុសត្រូវ ក្នុង​សោកនាដកម្ម​បែបនេះ (​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ពាក់ព័ន្ធ អភិបាលខេត្ត ឬ អភិបាលក្រុង​) ត្រូវគេ​បញ្ឈប់​ពី​ការងារ ឬ​ត្រូវ​លាលែង​ពី​តំណែង​ដោយ​ខ្លួនឯង​។​

​ចំណែក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​វិញ ការបាក់​រលំ​អគារ​នៅ​កែប ជា​ទំនួល​ខុសត្រូវ​លើ​វិជ្ជាជីវៈ និង​ការខ្វះ​ប្រព័ន្ធ​ត្រួតពិនិត្យ និង​វាយតម្លៃ​របស់​មន្ត្រី​រដ្ឋ ចំពោះ​ការងារ​សាងសង់​ជា​ដើមចម​នៃ​បញ្ហា​។ បក្ស​នេះ​បន្តថា អំពើពុករលួយ បានធ្វើឱ្យ​សេវាសាធារណៈ​អន់ថយ​។ សេវាសាធារណៈ​អន់ថយ ការរីកចម្រើន​របស់​ជាតិ​ត្រូវ​អន់ថយ​ទៅតាម​ហ្នឹង​ដែរ​។ អំពើពុករលួយ​បានធ្វើឱ្យ​ជីវិត​មនុស្ស​លែង​មានតម្លៃ​នៅក្នុង​កែវភ្នែក​របស់​ពួក​មន្ត្រី​ដែល​ពុករលួយ​មួយចំនួន​។​ការសម្រេចចិត្ត​ដក ឬ មិន​ដកតំណែង​មន្ត្រីជាន់ខ្ពស់​ពាក់ព័ន្ធ​នឹង​ការបាក់​រលំ​អគារ​នៅ​ខេត្ត​កែប​ជា​ការទទួលខុសត្រូវរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​៕


ព័ត៌មានផ្សេងទៀត