លោកស៊ុន ចាន់ថុល ៖ស្លាកលេខពិសេសទិញម្តងប្រើបានមួយជីវិត តកូនតចៅ

08-01-2020 10:05 am 478
  ស្តាប់
ស្តាប់ជាសំឡេង

ការដាក់ដំណើស្លាកលេខពិសេសផ្ទាល់ខ្លួនដែលក្រសួងសាធារណការរៀបចំឱ្យមាននេះគឺ ដើម្បីបង្កើតជម្រើសដល់ប្រជាពលរដ្ឋ ព្រោះពលរដ្ឋមួយចំនួនចង់បានស្លាកលេខដែលអាចកំណត់អក្សរ ឬលេខទៅតាមអ្វីដែលខ្លួនចង់បាន ស្លាកលេខនេះទុកប្រើប្រាស់ពេញមួយជីវិត តកូន តចៅ….

សំលេង លោក ស៊ុនចាន់ថុល ៖

នេះបើតាមការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ឱកាសអញ្ជើញ បើកឲ្យដំណើរ ការជាផ្លូវការស្លាកលេខរថយន្តពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត ឬស្លាកលេខរថយន្ត ដែលអាចដាក់ជាឈ្មោះបាន នៅផ្សារទំនើប អ៊ីអន២ សែនសុខ។

គួររំឭកថាកាលពីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យមួយស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ស្លាកលេខសម្គាល់យានជំនិះដោយអនុក្រឹត្យនោះ បញ្ជាក់ថាស្លាកលេខយានយន្តពិសេសនេះត្រូវសរសេរអក្សរខ្មែរបញ្ជាក់ថា «កម្ពុជា» ពីខាងលើហើយផ្នែកកណ្តាលជាលេខចុះបញ្ជីមានលេខ និងអក្សរឡាតាំងមិនលើសពី ៨ ខ្ទង់ និងផ្នែកខាងក្រោមសរសេរអក្សរឡាតាំង «CAMBODIA» នៅពីក្រោមបន្ទាត់ផ្តេក។

សូមបញ្ជាក់ផងដែរថា សម្រាប់តម្លៃនៃស្លាកលេខពិសេសគឺមានចាប់ពី២លានរៀល រហូតដល់ ១ពាន់លានរៀល ហើយការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួននេះត្រូវបានបែងចែកជាបីប្រភេទគឺ ទិញ ស្នើទិញ និងការដាក់ដេញថ្លៃ។ លេខសម្រាប់ដាក់លក់ គឺមានចំនួនតួអក្សរ[A-Z] ឬលេខ[0-9] និងសញ្ញាចុច[.]ហើយតម្លៃត្រូវបានកំណត់ ដោយស្វ័យប្រវត្តិ ផ្អែកលើមូលដ្ឋានរូបមន្តប្រមាណ១២០០រូបមន្ត ចំពោះអ្នកដេញថ្លៃដែលឱ្យថ្លៃខ្ពស់ជាងគេបំផុតជាម្ចាស់នៃលេខនោះ៕ 

ព័ត៌មានផ្សេងទៀត