អាមេរិក​​​សម្លាប់​​​មេបញ្ជាការ​​​កំពូល​​អ៊ីរ៉ង់​​​ជា​ផ្លូវ​​ឆ្ពោះ​​​ទៅរក​​​ជម្លោះ​រ៉ាំរ៉ៃ​​​មួយទៀត​

07-01-2020 6:14 pm 694

​មិនមែនជា​រៀង​ថ្មី​នោះទេ​បើ​និយាយ​ពី​ជម្លោះ​រវាង​អាមេរិក​ជាមួយ​អ៊ីរ៉ង់​។ ប្រទេស​ទាំងពីរ​ធ្លាប់​ប្រទូស​រាយ​នឹង​គ្នា​ជា​ច្រើនលើកច្រើនសារ​មក​ហើយ​។ ប៉ុន្ដែ​ភាព​តានតឹង​ទើប​ផ្ទុះឡើង​ជាថ្មី​នឹង​ក្លាយជា​សុបិន​អាក្រក់​មួយទៀត​តាម​លង​ប្រទេស​ទាំងពីរ ក្រោយ​ទើប​ស្ងប់ស្ងាត់​បាន​មួយរយៈ​ខ្លី​។ នោះ​គឺ​បន្ទាប់ពី​អាមេរិក​បានសម្លាប់​ឧត្ដមសេនីយ៍​កំពូល​របស់​អ៊ីរ៉ង់​ម្នាក់នៅ​ក្នុងប្រទេស​អ៊ីរ៉ាក់​។ ភាព​តានតឹង​រវាង​អាមេរិក​-​អ៊ីរ៉ង់​នឹង​បង្ក​ជា​ផលវិបាក​អ្វីខ្លះ​? អាច​នឹង​ផ្ទុះ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​ឬទេ​?  

​ដើមចម​ឈានដល់​ការសម្លាប់​លោក​ឧត្ដមសេនីយ៍​ខា​សេម សូឡី​ម៉ា​នី​

​រម្លឹក​ត្រឹម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ អាមេរិក​ធ្លាប់​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​យ៉ាងធ្ងន់ធ្ងរ​ដោយ​ចោទថា រដ្ឋ​នៅ​មជ្ឈិមបូព៌ា​មួយ​នេះ​ចម្រាញ់​សារធាតុ​សម្រាប់​ផលិត​អាវុធ​នុយក្លេអ៊ែរ​ធ្វើឲ្យប៉ះពាល់​ដល់​សន្ដិសុខ​នៅក្នុង​តំបន់​និង​សន្ដិសុខ​ពិភពលោក​។ ចំណែក​អ៊ីរ៉ង់​ខំ​បកស្រាយ​ថា​ការផលិត​សារធាតុ​ទាំងនោះ​គ្រាន់​សម្រាប់​ប្រើប្រាស់​ក្នុង​សកម្មភាព​ស៊ីវិល​ប៉ុណ្ណោះ មិន​ដូច​ការចោទប្រកាន់​ពី​អាមេរិក​ឡើយ​។ ការមិន​ស្ដាប់​ហេតុផល​គ្នា​ទៅវិញទៅមក​បានធ្វើឲ្យ​ផ្ទុះ​ជា​កំហឹង និង​ត្រូវ​ចំណាយពេល​ជាង​១០​ឆ្នាំ​ទម្រាំ​រកឃើញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ចុះ​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៥​។ ប្រទេស​ហត្ថលេខី​មាន​ចិន រុស្ស៊ី បារាំង អង់គ្លេស អាមេរិក បូក​ជាមួយ​អាល្លឺម៉ង់​-​សហភាព​អឺរ៉ុប​និង​អ៊ីរ៉ង់​ខ្លួនឯង​ផ្ទាល់​។ 

​ស្ថិតក្រោម​កិច្ចព្រមព្រៀង​អ៊ីរ៉ង់​ត្រូវ​អនុវត្ដ​តាម​លក្ខខណ្ឌ ដើម្បី​ទទួលបាន​ការដក​ទណ្ឌ​កម្ម​សេដ្ឋកិច្ច​ពី​អាមេរិក​។ ប៉ុន្ដែ​ស្ថានភាព​ស្ងប់ស្ងាត់​មិនបាន​ប៉ុន្មាន​ផង អាមេរិក​ដឹកនាំ​ដោយ​លោក​ដូណាល់ ត្រាំ បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​វិញ​នៅ​ថ្ងៃទី​០៨​ខែឧសភា​ឆ្នាំ​២០១៨ ក្រោម​ហេតុផល​អ៊ីរ៉ង់​មិន​គោរព​តាម​លក្ខន្ដិក​។ ប្រទេស​ទាំងពីរ​ក៏​ចាប់ផ្ដើម​ប្រេះឆា នេះ​បើ​និយាយ​មួយផ្នែក​ដោយ​ពុំទាន់​គិតពី​ការចោទប្រកាន់​របស់​អា​មេរិក​ផ្សេងៗ​ទៀត មាន​ករណី​គាំទ្រ​ក្រុម​ឧទ្ទាម​នៅ​យេមែន​វាយប្រហារ​ផ្ដួលរំលំ​រដ្ឋាភិបាល​យេ​មែន និង​ការវាយប្រហា​រលើ​រោងចក្រ​ផលិត​ប្រេង​អា​រ៉ាប៊ីសាអូឌីត​ជាដើម​។​

​និយាយ​ពី​ហេតុការណ៍​ដែល​ទើប​ផ្ទុះឡើង​កាលពី​ប៉ុន្មាន​ថ្ងៃមុន គឺ​ការសម្លាប់​ឧត្ដមសេនីយ៍​អ៊ីរ៉ង់​ឈ្មោះ​ខា​សេម សូឡី​ម៉ា​នី​(Qasem Soleimani)​កាលពី​យប់​ថ្ងៃទី​០៣​ខែ​មករា​។ តាមពិត​មិនមែន​ស្លាប់​តែ​លោក​សូឡី​ម៉ា​នី​ម្នាក់​ទេ ឧត្ដមសេនីយ៍​របស់​អ៊ីរ៉ាក់​ម្នាក់​រួមជាមួយ​យោធា​ជាច្រើនរូប​ក៏​ស្លាប់បាត់​បង់ជីវិត​ក្នុង​ការវាយប្រហារ​តាម​អាកាស​ពី​សហរដ្ឋអាមេរិក ទៅលើ​ក្បួន​រថយន្ដ​របស់លោក​នៅ​ក្បែរ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​បា​ដា​ដ​ប្រទេស​អ៊ីរ៉ាក់ ពេល​ធ្វើដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​។ មុន​ហេតុការណ៍​នេះ​អាមេរិក​បាន​បើក​ការវាយប្រហារ​តាម​អាកាស​កម្ទេច​មូលដ្ឋាន​ក្រុម​ជីវពល​អ៊ីរ៉ាក់​គាំទ្រ​ដោយ​អ៊ីរ៉ង់​ជាច្រើន​កន្លែង​ដែរ ព្រោះ​ក្រុម​ជីវពល​ទាំង​នោះបាន​លួច​វាយប្រហារ​លើ​កងទ័ព​អាមេរិក​ប្រចាំ​នៅ​អ៊ីរ៉ាក់​។​

​ការសម្លាប់​បាន​លោក​ខា​សេម សូឡី​ម៉ា​នី​អាមេរិក​ចាត់ទុកជា​ជោគជ័យ​ដ៏​ធំ​បំផុត​មួយ ព្រោះ​បុរស​ម្នាក់នេះ​អាមេរិក​ថា​ជា​មេខ្លោង​ដ៏​សំខាន់​បញ្ជា​ឲ្យ​សម្លាប់​និង​បង្ក​របួស​ដល់​ទាហាន​អាមេរិក​រាប់សិប​នាក់​។ លោក​ដូណាល់ ត្រាំ​បាន​បញ្ជាក់ថា​លោក​សូឡី​ម៉ា​នី​សមតែ​ស្លាប់​យូរណាស់​មកហើយ ដោយ​ក្រៅពី​សម្លាប់​និង​បង្ក​របួស​ដល់​ទាហាន​និង​ពលរដ្ឋ​អាមេរិក ឧត្ដមសេនីយ៍​ម្នាក់នេះ​ក៏​កំពុង​រៀបចំ​ផែនការ​វាយប្រហារ​បន្ដ​ទៀត​។​

​មូលហេតុ​អ្វី​បានជា​អ៊ីរ៉ង់​គោរព​ស្រឡាញ់​លោក​ខា​សេម សូឡី​ម៉ា​នី​ខ្លាំង​ម្ល៉េះ​?

​គួរ​ជម្រាបជូន​ថា លោក​ឧត្ដមសេនីយ៍​ខា​សេម សូឡី​ម៉ា​នី​ជា​មេបញ្ជាការ​កងទ័ព​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៃ​កងកម្លាំង​ពិសេស​ឃុ​ឌ​ស៍​(Quds) ដែល​បាន​រួច​ជីវិត​ពី​ការស្លាប់​ច្រើនលើកច្រើនសារ​មកហើយ ប៉ុន្ដែ​លើក​នេះ​លោក​គេច​មិន​ផុតពី​គ្រាប់​មី​ស៊ី​លបាញ់​ដោយ​ដ្រូ​ន​អាមេរិក​ឡើយ​។ លោក​សូឡី​ម៉ា​នី​ជា​អ្នក​យុទ្ធសាស្ដ្រ​យោធា​និង​ជា​អ្នករៀបចំ​យុទ្ធសាស្ដ្រ​សង្គ្រាម​ដ៏​សំខាន់បំផុត​របស់​អ៊ីរ៉ង់​។ លោក​ក៏​ជា​បុគ្គល​សំខាន់បំផុត​ក្នុង​ការពង្រីក​សាសនា​អ៊ីស្លាម​និកាយ​ស៊ី​អ៊ី​តរបស់​អ៊ីរ៉ង់ និង​ពង្រីក​ឥទ្ធិពល​អ៊ីរ៉ង់​នៅ​ទូទាំង​តំបន់​មជ្ឈិមបូព៌ា ក៏ដូចជា​អ្នកសម្របសម្រួល​នយោបាយ​ដ៏​ខ្លាំងពូកែ​របស់​អ៊ីរ៉ង់ ដែលមាន​យុទ្ធជន​រាប់ម៉ឺន​នាក់​ដើរ​តាម​រាប់​តាំងពី​ដែនដី​ប៉ាឡេ​ស្ទីន លី​បង់ អ៊ីរ៉ាក់ បា​រ៉ែ​ន និង​ស៊ី​រី​។ 

​ធ្លាប់មាន​ការចុះផ្សាយ​នៅក្នុង​ទស្សនាវដ្ដី​មួយ​ចាត់ទុក​លោក​សូឡី​ម៉ា​នី​ដូចជា​ព្រះ​ដូច្នេះ​ដែរ​។ បុរស​វ័យ​៦២​ឆ្នាំ​ម្នាក់នេះ​មិន​ត្រឹមតែ​ជា​មេទ័ព​ធម្មតា​នោះទេ តែ​លោក​ជា​បុរស​ខ្លាំង​លាក់​មុខ​ទី​ពីរ​នៅ​អ៊ីរ៉ង់ ហើយ​ស្ដាប់​តែ​បញ្ជា​មេដឹកនាំ​កំពូល​អ៊ីរ៉ាក់​ម្នាក់​ប៉ុណ្ណោះ​។ លោក​ក៏​ជា​មនុស្ស​នៅ​កណ្ដាល​ចាំ​ត​ភ្ជាប់​ទំនាក់ទំនង​និង គ្រប់គ្រង​បណ្ដាញ​កងកម្លាំង​អ៊ីរ៉ង់​នៅក្នុង​តំបន់​នានា​។ សម្រាប់​ប្រជាជន​អ៊ីរ៉ង់​និង​បណ្ដា​ក្រុម​ជីវពល​ដែល​ស្ថិតក្រោម​ការដឹកនាំ​របស់លោក មិន​ចាត់ទុក​លោក​សូឡី​ម៉ា​នី​ជា​មេ​ភេរ​វករ​ដូច​អាមេរិក​ទេ គេ​ចាត់ទុក​លោក​ជា​បុគ្គល​អស្ចារ្យ​បំផុត​បាន​ជួយ​ជ្រោមជ្រែង​ប្រទេសជាតិ​និង​ជួយ​ដឹកនាំ​ប្រឆាំង​សត្រូវ​។ អ៊ីរ៉ង់​និង​បណ្ដា​ប្រទេស​មួយចំនួន​ទៀតថា បើ​អាមេរិក​មិន​ទៅ​គាបសង្កត់​គំរាមកំហែង​ពួកគេ​ក៏​គេ​មិន​ខឹង​នឹង​អាមេរិក​ដែរ តែ​នេះ​អាមេរិក​បាន​ទៅ​បង្ករឿង​ដល់ផ្ទះ​របស់​ពួកគេ​តែម្ដង​។​

​ការប្រកាស​ពី​កំហឹង​ទល់​កំហល់​អាច​នឹង​បង្ក​ផលវិបាក​អ្វីខ្លះ​?

​អាមេរិក​របស់លោក​ដូណាល់ ត្រាំ​ពិតជា​បានដឹង​យ៉ាងច្បាស់​ណាស់​ថា ការសម្លាប់​មេដឹកនាំ​យោធា​ដ៏​មាន​ឥទ្ធិពល​ម្នាក់នេះ អាមេរិក​ត្រូវ​ត្រៀមខ្លួន​យ៉ាងណាខ្លះ​។ អាមេរិក​អាច​មើលឃើញ​ផ្លូវ​ពីរ ទីមួយ​អាច​គិតថា​សម្លាប់​លោក​សូឡី​ម៉ា​នី​ហើយ​អាច​បំបាក់​ឆ្អឹងខ្នង​របស់​ក្រុម​ជីវពល​ដែល​តែង​ប្រឆាំង​អាមេរិក​បាន​។ ទី​ពីរ​អាមេរិក​ក៏​ទំនង​គិត​ឃើញ​ដែរ​ថា​នឹង​ទទួល​ការ​សងសឹក​ពី​សំណាក់​ក្រុម​ទាំងនោះ ព្រោះ​ពួកគេ​នឹង​រួបរួម​កាន់តែខ្លាំង​ប្រឆាំង​សហរដ្ឋអាមេរិក​វិញ ដ្បិត​ប្រធានាធិបតី​ជំនាន់​មុន​លោក​ត្រាំ​ពុំ​ហ៊ាន​សម្លាប់​លោក​សូឡី​ម៉ា​នី​ឡើយ​ខ្លាច​ផ្ទុះ​ភាពចលាចល​ធ្ងន់ធ្ងរ​។​

​អ្នកជំនាញ​ជាច្រើន​តួយ៉ាង​មាន​អតីតមន្ដ្រី​អាមេរិក​ម្នាក់​ឈ្មោះ​លោក​Patrick Kimmitt លោក​ថា​ការសម្លាប់​ឧត្ដមសេនីយ៍​រូបនេះ​នឹង​ធ្វើឲ្យ​បញ្ហា​រវាង​សហរដ្ឋអាមេរិក​និង​អ៊ីរ៉ង់ និង​អាមេរិក​និង​អ៊ីរ៉ាក់​ឈានដល់​កម្រិត​ថ្មី​មួយ​ទាំងស្រុង​។ អ្នកវិភាគ​ម្នាក់ទៀត​លោក​Charles Lister​និយាយថា ក្រោយ​ការស្លាប់​របស់លោក​សូឡី​ម៉ា​នី អាមេរិក​និង​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ​ជាច្រើន​ទាំង​នៅ​ក្នុងប្រទេស​ស៊ី​រី​និង​ប្រទេស​អ៊ីរ៉ាក់ ព្រោះ​វត្ដ​មាន​កងទ័ព​អាមេរិក​នៅក្នុង​ប្រទេស​ទាំង​ពីរ​ធ្លាក់ចុះ​តិចជាង​មុន​ហើយក៏​ខ្សោយ​ជាង​មុន​ដែរ​។ អ៊ីរ៉ាក់​និង​អ៊ីរ៉ង់​នឹង​រួមដៃគ្នា​ប្រឆាំង​សហរដ្ឋអាមេរិក ជាក់ស្ដែង​សភា​អ៊ីរ៉ាក់​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​កាលពី​សប្ដាហ៍​មុន ពិភាក្សា​សម្រេច​ឲ្យ​ដក​កងទ័ព​បរទេស​ចេញពី​ទឹកដី​អ៊ីរ៉ាក់​ទាំងអស់ នោះ​គឺ​សំដៅលើ​កងទ័ព​អាមេរិក​ដែល​ប្រចាំការ​នៅ​អ៊ីរ៉ាក់​បច្ចុប្បន្ន​មាន​ប្រមាណ​ជា​៥​ពាន់​នាក់​។ 

​ការ​សងសឹក​គ្នា​ទៅវិញទៅមក​នឹង​បន្ដ​កើតឡើង ព្រោះ​លោក​សូឡី​ម៉ា​នី​ពិត​មាន​សារសំខាន់​ណាស់​សម្រាប់​អ៊ីរ៉ង់​និង​សម្រាប់​ក្រុម​ជីវពល​ដែល​ធ្លាប់​ដើរ​តាម​លោក​ដោយ​មិន​ត្រឹម​ជា​និមិត្ដរូប​ទេ​។ ការសម្លាប់​លោក​សូឡី​ម៉ា​នី​ធ្វើឡើង​តែមួយ​ពព្រិច​ភ្នែក ប៉ុន្ដែ​ការដោះស្រាយ​វិវាទ​ក្រោយ​ហេតុការណ៍​នេះ​នឹងត្រូវ​ចំណាយពេល​រាប់​ឆ្នាំ​។ អ្នកវិភាគ​ខ្លះទៀត​ចាត់ទុក​ការសម្លាប់​លោក​សូឡី​ម៉ា​នី​មាន​ទម្ងន់​ស្មើ​ការសម្លាប់ លោក​សា​ដា​ម ហូ​សេន​មេដឹកនាំ​អ៊ីរ៉ាក់ និង​លោក​អា​ប៊ូ​បាគ័រ អាល់​បា​ដេឌី​មេដឹកនាំ​ក្រុម​រដ្ឋ​អ៊ីស្លាម​អ៊ីចឹង​ដែរ​។​

​តើ​អាមេរិក​និង​អ៊ីរ៉ង់​អាច​ផ្ទុះ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​ឬទេ​?

​អាច​លើកយក​ហេតុផល​ខ្លះៗ​មក​ជជែក​បាន ដោយ​ទីមួយ​និយាយ​ពី​ទីតាំង​ភូមិសាស្ដ្រ​។ អ៊ីរ៉ង់​នៅ​ឆ្ងាយ​ណាស់​ពី​អាមេរិក​មិនអាច​ទៅ​ធ្វើសង្គ្រាម​ដល់​ដី​អាមេរិក​បានទេ​។ អ៊ីរ៉ង់​អាច​ធ្វើបាន​ត្រឹម​បង្ក​មហន្ដរាយ​ដល់​ផលប្រយោជន៍​អាមេរិក​ប្រចាំ​នៅ​មជ្ឈិម​បូព៌ា អាច​គំរាមកំហែង​ពលរដ្ឋ​ឬ​ទាហាន​អាមេរិក​នៅ​មជ្ឈិម​បូព៌ា តែ​មិនអាច​ជិះ​យន្ដហោះ​ចម្បាំង​ក្នុង​ចម្ងាយ​ជាង​៧​ពាន់​គីឡូម៉ែត្រ​ទៅ​ប្រយុទ្ធ​ដល់​ទឹកដី​អាមេរិក​បានទេ​។ តែ​និយាយ​ពី​អាមេរិក​វិញ​អាចមក​ធ្វើសង្គ្រាម​ក្បែរ​របង​ផ្ទះ​អ៊ីរ៉ង់​បាន​។ នៅ​អ៊ីរ៉ាក់ នៅ​អា​ហ្វ​ហ្គានី​ស្ថាន នៅ​ប៉ា​គី​ស្ថាន​ជា​ប្រទេស​ព្រំដែន​ជាប់​អ៊ីរ៉ង់ សុទ្ធតែ​មាន​កងទ័ព​អាមេរិក​ប្រចាំការ​។ ប្រទេស​កៀក​អ៊ីរ៉ង់​មួយចំនួនទៀត​ដូចជា​ស៊ី​រី អា​រ៉ាប៊ីសាអូឌីត នៅ​អូ​ម៉ង់ បា​រ៉ែ​ន កាតា អារ៉ាប់​រួម ក៏​សុទ្ធតែ​មាន​វត្ដ​មាន​កងទ័ព​អាមេរិក​។ សរុបមក​កងទ័ព​អាមេរិក​បាន​ដាក់ពង្រាយ​នៅក្នុង​ប្រទេស​ព័ទ្ធជុំវិញ​អ៊ីរ៉ង់​រួចទៅហើយ​។ 

​អ៊ីរ៉ង់​ដ្បិត​ប្រកាស​នឹង​សងសឹក​តែ​ក៏​មិន​បញ្ជាក់ថា​សងសឹក​តាម​របៀប​ណា បើ​ប្រើ​អាវុធ​អាមេរិក​អាច​កំដរ​បាន​គ្រប់ពេល ព្រោះ​អាមេរិក​មាន​ទាំង​សព្វាវុធ​ទំនើប មាន​ទាំង​កម្លាំង​ទ័ព​ទំនើប នេះ​មិន​គិត​ទីតាំង​ភូមិសាស្ដ្រ​ដូច​បាន​រៀបរាប់​ផង​។ ដូច្នេះ​អ៊ីរ៉ង់​ពិតជា​ក្លាហាន​ហ៊ាន​ប្រកាសសង្គ្រាម​មែនឬ​យ៉ាងណា​? អ៊ីរ៉ង់​ក៏​មិន​ភ្លេច​ពី​សុខ​សុវត្ថិភាព​ប្រជាជន​នៅក្នុង​ប្រទេស​ដែរ បើ​ដើរ​ខុស​អ៊ីរ៉ង់​មាន​អ៊ីរ៉ាក់ ស៊ី​រី និង​យេមែន​ធ្វើជា​មេរៀន ព្រោះតែ​សង្គ្រាម​បានធ្វើឲ្យ​ប្រទេស​ទាំងនេះ​រងគ្រោះ​យ៉ាងធ្ងន់ធ្ង​រ​។ ចំណែក​លោក​ត្រាំ​ក៏​ធ្លាប់​ប្រកាស​ក្រោយ​កើតហេតុ​ដែរថា អ៊ីរ៉ង់​មិនអាច​ឈ្នះ​សង្គ្រាម​បានទេ តែ​អ៊ីរ៉ង់​ក៏​មិនអាច​ចាញ់​ការចរចា​ដែរ​។ លោក​បន្ដថា​អ្វីដែ​លោក​ធ្វើគឺ​ដើម្បី​បញ្ចប់សង្គ្រា​មមិនមែនចា​ប់​ផ្ដើម​សង្គ្រាម​នោះឡើយ​៕

ព័ត៌មានផ្សេងទៀត