កីឡាករឡាវក្លាយជាម្ចាស់ជើងឯកការប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជា

07-01-2020 12:27 pm 298
  ស្តាប់
ស្តាប់ជាសំឡេង

ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ បានបញ្ចប់ហើយក្រោយដំណើរការប្រកួតរយៈពេល៣ថ្ងៃ ក្នុងនោះកីឡាករឡាវ ជាអ្នកគ្រងជើងឯកប្រណាំងកង់ពិភពលោក បន្ទាប់ពីបូកពិន្ទុសរុបបានខ្ពស់ជាងគេ។ការប្រណាំងឆ្លងកាត់៤ខេត្ត រួមមានខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែបនេះ មានចម្ងាយផ្លូវសរុប៤៥៤.៦គីឡូម៉ែត្រ។

ពិធីបញ្ចប់ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនេះ បានធ្វើឡើងក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា លោក អគ្គនាយក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក ។

លោករដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថាព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ឆ្នាំ២០២០នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅកម្ពុជាដែលមានកីឡាករអាជីពកម្រិតអន្តរជាតិចំនួន ១៦ក្រុម មាន១៣សញ្ជាតិ មកពីតាមបណ្តាប្រទេសនានាក្នុងពិភពលោក រួមមាន៖ កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ប៊្រុយណេ ថៃឡង់ វៀតណាម ឡាវ ហុងកុង បារាំង សិង្ហបុរី ម៉ុងហ្គោលី ហូឡង់ និងអូស្ត្រាលី សរុបទាំងអស់មានចំនួនប្រមាណ ២០០នាក់។ ក្នុងចំណោម១៦ក្រុមខាងលើ មានកីឡាករចំនួន ២ក្រុម ដែលជាជើងឯក និងជើងឯករងប្រចាំអាស៊ីឆ្នាំ២០១៩។

លោកថោងខុន  បានបញ្ជាក់ឱ្យដឹងថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ឆ្នាំ២០២០នឹងប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជាជាតំបន់គោលដៅទេសចរណ៍មួយដ៏ទាក់ទាញ និងជាសារថ្មីមួយដល់អង្គភាពជំនាញគ្រប់វិស័យ និងគ្រប់លំដាប់ថ្នាក់ ដោយបញ្ចូលនូវទស្សនទានកីឡាទេសចរណ៍នៅតាមមូលដ្ឋានរៀងៗខ្លួន និងដើម្បីត្រៀមលក្ខណសម្បត្តិចូលរួមគាំទ្រដល់ការរៀបចំជាម្ចាស់ផ្ទះ និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខ៕ 

ព័ត៌មានផ្សេងទៀត