​​រលំ​អគារ​នៅ​កែប​៖​​​លោក​សម រង្ស៊ី​​ឱ្យ​លោក​ហ៊ុន សែន​ទទួលខុសត្រូវ​​តែ​លោក​កឹម សុខា​កុំឱ្យ​ចោទ​គ្នា​​

06-01-2020 4:44 pm 1800

ក្រៅតែពី​ចូលរួម​មរណទុក្ខ​ជាមួយ​ក្រុមគ្រួសារ នៃ​ជនរងគ្រោះ ដែល​ស្លាប់​ក្នុងករណី​បាក់​រលំ​អគារ​នៅក្នុង​ខេត្ត​កែប លោក សម រង្ស៊ី បាន​ទម្លាក់​ការទទួលខុសត្រូវ​ទៅលើ​លោក ហ៊ុន សែន ចំពោះ​សោកនាដកម្ម​ផ្ទួនៗ​គ្នា​នេះ ខណៈ​លោក កឹម សុខា វិញ ថា សោកនាដកម្ម​របស់​ខ្មែរ​មិនមែនជា​ពេលវេលា​ចោទ​គ្នា​ទេ​គឺជា​ពេល​សង្គ្រោះ​។

​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​លោក ហ៊ុន សែន ជា​អ្នកទទួលខុសត្រូវ ចំពោះ​សោកនាដកម្ម​ផ្ទួនៗ​គ្នា​ថ្មីៗ​នេះ ហើយ​លោក​ក៏បាន​ចូលរួម​មរណទុក្ខ​ជាមួយ​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជិវិត​ក្នុង​វិនាសកម្ម​បាក់​រលំ​សំណង់​ចុងក្រោយ​នៅក្នុង​ខេត្ត​កែប​ផងដែរ​។ លោក សម រង្ស៊ី បាន​អះអាងថា​ករណី​បាក់​រលំ​អគារ​ផ្ទួនៗ​គ្នា​កន្លងមកនេះ ដោយសារ​ថ្នាក់ដឹកនាំ​ពុករលួយ​និង​អសមត្ថភាព​នៅ​កម្ពុជា មិនដែល​ទទួលខុសត្រូវ​ទេ ចំពោះ​ការធ្វេសប្រហែស​របស់ខ្លួន ដែល​លោក​ចាត់ទុកថា​ជា​ឧក្រិដ្ឋកម្ម​។ 

​ប៉ុន្តែ​សម្រាប់​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​ដៃគូ​នយោបាយ​របស់លោក សម រង្ស៊ី វិញ ថា សោកនាដកម្ម​របស់​ខ្មែរ​មិនមែនជា​ពេលវេលា​ចោទ​គ្នា​ទេ​គឺជា​ពេល​សង្គ្រោះ ហើយ​លោក​ថែមទាំង​បាន​ចូលរួមចំណែក​បរិច្ចាគ​ថវិកា​ចំនួន​២០០០​ដុល្លារ ដល់​ជនរងគ្រោះ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប​ផងដែរ​។ ជាមួយគ្នា​នោះ​លោក កឹម សុខា បាន​កោត​ស​សើរ​សមត្ថកិច្ច និង​រដ្ឋាភិបាល​ផងដែរ ដែល​បាន​ខឹតខំ​ប្រឺងប្រែង​យ៉ាងខ្លាំង ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​ជនរងគ្រោះ​នៅក្រោម​គំនរ​អគារ​។​

​ការលើកឡើង ការ​កោត​ស​សើរ និង​ការបរិច្ចាគ​ថវិកា​របស់លោក កឹម សុខា ត្រូវបាន​លោក ហ៊ុន សែន ប្រកាស​ស្វាគមន៍​ចំពោះ​ឥរិយាបថ​នេះ ដោយ​លោក​បាន​លើកឡើងថា រឿង​ជួយ​ប្រជាពលរដ្ឋ គ្រប់​និន្នាការ​ទាំងអស់ ត្រូវ​ប្រមូលផ្ដុំ​ជួយ​ប្រជាពលរដ្ឋ ជាជាង​ការវាយប្រហារ​មកលើ​រដ្ឋាភិបាល ឬ​ស្នើ​ដកតំណែង​អ្នកនេះ​អ្នកនោះ​។ ជាមួយគ្នា​នោះ​លោក​ក៏បាន​ស​សើ​រលោក កឹម សុខា ថា គិត​ត្រូវ​ជាង​មន្ត្រី​របស់លោក​មួយចំនួន​នៅក្នុង​ជួរ​រដ្ឋាភិបាល​ផងដែរ ដែល​ជំរុញ​ឱ្យ​ដក​អភិបាលខេត្ត​កែប និង​មិន​មន្ត្រី​ពាក់ព័ន្ធ​ប្រចាំខេត្ត​នេះ​ចេញពី​តំណែង​។​

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា មិនមាន​ការដកតំណែង​អភិបាលខេត្ត​កែប និង​មន្ត្រី​ពាក់ព័ន្ធ​ណាមួយ​ឡើយ ដោយ​លោក​ចាត់ទុកថា ករណីរ​លំបាក់​អគារ​នោះ​ថា​ជា​«​ឧបទ្ទវហេតុ​»​។ លោក​ថែមទាំង​និយាយថា ករណី​ដួលរលំ​អគារ មិនមែន​កើត​មានតែ​នៅ​កម្ពុជា​ទេ សូម្បី​នៅ​អាមេរិក ក៏មាន​ករណី​ដួលរលំ​សណ្ឋាគារ ហើយ​នៅ​បារាំង​ក៏មាន​ករណី​ឆេះ​សារមន្ទីរ ខណៈ​នៅ​អូស្ត្រាលី​មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​។ ប៉ុន្តែ​មិនមាន​ការដកតំណែង​មន្ត្រី​ណា​ម្នាក់​នោះឡើយ ហើយក៏​គ្មាន​មន្ត្រី​ណា​លាលែង​ពី​តំណែង​ដែរ​។ ផ្ទុយ​មកវិញ​លោក ហ៊ុន សែន បាន​ព្រមាន​ដក​មន្ត្រី​របស់លោក​មួយ​ចំនួន ដែល​ជំរុញ​ឱ្យ​លោក​ដកតំណែង​អភិបាលខេត្ត​កែប​នោះ​ទៅវិញ​។​

​ពាក់ព័ន្ធ​ករណី​រលំ​អគារ​ដូច្នេះ​ដែរ ត្រូវបាន​លោក សម រង្ស៊ី អះអាងថា នៅ​ប្រទេស​ដទៃទៀត អ្នកទទួលខុសត្រូវ ក្នុង​សោកនាដកម្ម​បែបនេះ (​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ពាក់ព័ន្ធ អភិបាលខេត្ត ឬ អភិបាលក្រុង​) ត្រូវគេ​បញ្ឈប់​ពី​ការងារ ឬ​ត្រូវ​លាលែង​ពី​តំណែង​ដោយ​ខ្លួនឯង​។​

​សូមបញ្ជាក់ថា ការបាក់​រលំ​អគារ​នៅ​ខេត្ត​កែប នា​ថ្ងៃទី​៣ ខែមករា​ឆ្នាំ​២០២០ បណ្ដាលឱ្យ​ស្លាប់​មនុស្ស​៣៦​នាក់ និង​២៣​នាក់​ទៀត​រងរបួស​។ ដោយឡែក​កាលពី​ថ្ងៃ​២២​ខែមិថុនា​ឆ្នាំ​២០១៩ កន្លងទៅ​អគារ​កម្ពស់​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​រលំ​បណ្ដាលឱ្យ​ស្លាប់​មនុស្ស​២៨​នាក់​និង​របួស​២៦​នាក់ ហើយ​ថ្មីៗ​នេះ​ផងដែរ សាលាឆាន់​នៅ​ខេត្តសៀមរាប បាន​បាក់​រលំ ថ្ងៃទី​០២ ខែធ្នូ​ឆ្នាំ​២០១៩ បណ្តាលឲ្យ​ស្លាប់​៤​នាក់ និង​របួស​១២​នាក់​ផងដែរ​៕

ព័ត៌មានផ្សេងទៀត