មនុស្ស​២​នាក់​រងរបួស​ធ្ងន់​ក្នុង​ហេតុការណ៍​បាក់ស្រុត​អគារ​នៅ​ទីក្រុង​ហ្សា​កាតា​

06-01-2020 2:29 pm 286

​ក្នុង​ហេតុការណ៍​អគារ​កម្ពស់​៥​ជាន់​មួយកន្លែង​បាន​បាក់ស្រុត​នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី បាន​បណ្ដាលឲ្យ​មនុស្ស​ចំនួន​២​នាក់​រងរបួស​ធ្ងន់ និង​ត្រូវ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​។ អគារ​មួយ​នេះ​ដែរ​ជា​អគារ​ដែល​ជា​មាន​តូប​លក់​ទំនិញ​តូចៗ​នៅ​ផ្នែក​ជាន់​ផ្ទាល់​ដី ចំណែកឯ​ជាន់​ខាងលើ​មាន​លក្ខណៈ​ជា​បន្ទប់​ជួល​តូចៗ​។​

​បើតាម​សម្ដី​អធិការ​នគរបាល​ក្រុង​ហ្សា​កាតាលោក Audie Latuheru បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា « ជាន់​ខាងលើ​បង្អស់​នៃ​អគារ​នេះ​ពុំ​មាន​អ្វី​ឡើយ ខណៈ​ជាន់​ទី​២​ជាឃ្លាំង និង​ជា​កន្លែង​សម្រាប់​បុគ្គលិក​សម្រាក »​។ លោក​បាន​បន្តទៀតថា « កម្មករ​បាន​នាំគ្នា​សម្រុក​ចេញពី​អគារ ខណៈ​ពួកគេ​បានលឺ​សម្លេង​ប្រេះ​បែក តែ​យ៉ាងណាមិញ​មនុស្ស​ចំនួន​២​នាក់​បានរងរ​បួស​ពេលពួកគេ​នៅ​ខាងក្រៅ​អគារ »​។ ចំណែកឯ​មូលហេតុ​នៃ​ការបាក់​ស្រុត​ក៏​ពុំ​ទាន់​បាន​ដឹង​ច្បាស់​នៅឡើយ​ដែរ​។ 

​បើ​យោង​តាម​សម្ដី​បុរស​ម្នាក់ ឈ្មោះ Juni ដែលជា​អ្នក​បាន​ឃើញ​ហេតុការណ៍​នេះ​ផ្ទាល់​បាន​ប្រាប់ថា « គាត់​បាន​ធ្លាប់​ចូល​ទៅ​អគារ​នេះ​ដើម្បី​រក​ទិញ​ទំនិញ ហើយ​គាត់​បាន​ឃើញ​មានទឹក​ស្រក​ចេញពី​ពិ​ដាន​នៃ​អគារ »​។​
​យ៉ាងណាមិញ​នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ឥណ្ឌូនេស៊ី​ជួប​នូវ​ករណី​បាក់​រលំ​អគារ​បែបនេះ ដោយ​កាលពី​ឆ្នាំ​២០១៨ ក្រុម​អ្នក​ហាត់​រាំ​ចំនួន​៧​នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​មួយ​ក្នុង​តំបន់ Cirebon ភាគ​ខាងកើត​ទីក្រុង​ហ្សា​កាតា​៕​

ព័ត៌មានផ្សេងទៀត