ក្រសួង​កសិកម្ម​៖​ក្រសួង​មាន​លទ្ធភាព​គាំទ្រ​កសិករ​ប្រមាណ​១​ភាគ​៤​ក្នុងចំណោម​កសិករ​ជាង​៤​លាន​នាក់​

05-01-2020 12:27 pm 361
  ស្តាប់
ស្តាប់ជាសំឡេង

ក្រសួង​កសិកម្ម រុក្ឋា​ប្រមាញ់ និង​នេសាទ កំពុង​ជួប​បញ្ហា​ប្រឈម​នឹង​កង្វះ​ធនធាន​ថវិកា​ក្នុងការ​ធ្វើ​ទំនើបកម្ម​កសិកម្ម ដែល​បច្ចុប្បន្ន​នេះ​ក្រសួង​មានលទ្ធភាព​គាំទ្រ​ដល់​កសិករ​ដោយ​ផ្ទាល់​មាន​ប្រមាណ​ជា​១​ភាគ​៤​ក្នុងចំណោម​កសិករ​ទូ​ទាំង​ប្រទេស​ជា​៤​លាន​នាក់​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​កសិកម្ម រុក្ឋា​ប្រមាញ់ និង នេសាទ កាលពី​ថ្ងៃ​ទី ៣ មករា ឆ្នាំ ២០២០ ។ 

​ទន្ទឹម​នឹង​ការ​ប្រឈម​នឹង​បញ្ហា​កង្វះ​ថវិកា​ក្នុង​ការធ្វើ​ទំនើបកម្ម​កសិកម្ម និង​មាន​លទ្ធភាព​គាំទ្រ​កសិករ​ដោយផ្ទាល់​បាន​ត្រឹមតែ​១​ភាគ​៤​ក្នុងចំណោម​កសិករ​ទូ​ទាំង​ប្រទេស​ប្រមាណ​ជាង​៤​លាន​នាក់ ខណៈ​ក្រសួង​កសិកម្ម​បាន​នឹង​កំពុង​កៀរគរ​រក​ហិរញ្ញប្បទាន​ពី​ដៃគូរ​អភិវឌ្ឍន៍ និង ថវិកាជាតិ ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​ក្នុង​រយៈពេល​៥​ឆ្នាំ ។​

​ក្រសួង​កសិកម្ម​ចង់​ឃើញ​កសិករ​មានភាព​វៃឆ្លាត​នៅ​កម្ពុជា ដែល​មានគំនិត និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការច្នៃប្រឌិត ចាត់ចែង​គ្រប់គ្រង​លើ​ការដាំដុះ និង​ការរក​ទីផ្សារ​ដោយ​ខ្លួនឯង ដើម្បី​រួមចំណែក​លើក​ស្ទួយ​សេដ្ឋកិច្ច​គ្រួសារ និង​ចូលរួម​ចំណែក​ការកាត់បន្ថយ​ចំណាយ​របស់​រដ្ឋាភិបាល ។​

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អំពាវនាវ​យ៉ាងទទូច​ដល់​កសិករ​ចងក្រង​ជា​បណ្ដុំ​កសិករ ឬ​សហគមន៍​កសិកម្ម ដើម្បី​ឈាន​ទៅដល់​ការផ្គត់ផ្គង់​ផលិតផល​តាម​តម្រូវការ​ទីផ្សារ​ប្រកបដោយ​និរន្តរភាព និង​ទទួលបាន​តម្លៃ​បន្ថែម​ក្នុង​ការដោះស្រាយ​ជីវភាព និង កាត់បន្ថយ​ហានិភ័យ​នៅពេល​ខាងមុខ ដែល​កើតឡើង​ពី​បញ្ហា​ទីផ្សារ​ផលិតផល​កសិកម្ម ។​

គួរបញ្ជាក់​ថា កាលពី​ពេល​ថ្មីៗ​នេះ​សារព័ត៌មាន​កោះសន្តិភាព បាន​ចុះ​ទៅ​ស្វែងយល់​អំពី​សមត្ថភាព​របស់​កសិករ ដែល​បាន​នឹង​កំពុង​ខិតខំ​ផលិត​បន្លែ​ដោយ​ខ្លួនឯង នៅ​ខេត្ត​បាត់ដំបង​ទាំង​បច្ចេកទេស​នៃ​ការដាំដុះ ការគ្រប់គ្រង​ដំណាំ និង​ការគ្រប់គ្រង​តម្លៃ​កសិផល​នៅលើ​ទីផ្សារ​ផងដែរ ៕

ព័ត៌មានផ្សេងទៀត