ចិន​នៅតែ​ស្នើឲ្យ​​UN​បន្ថយ​​ទណ្ឌកម្ម​លើ​​កូរ៉េខាងជើង​​ទោះ​សង្ឃឹម​តិចតួច​

04-01-2020 5:00 pm 276
  ស្តាប់
មន្ដ្រីចិន​ប្រចាំ​អង្គការ​សហប្រជាជាតិ
ស្តាប់ជាសំឡេង

“​សេចក្ដីសម្រេច​រួមគ្នា​រវាង​ចិន​ជាមួយ​រុស្ស៊ី ដែលមាន​គោលបំណង​បន្ធូរបន្ថយ​ទណ្ឌកម្ម​ដាក់​លើ​កូរ៉េខាងជើង គឺជា​ជំហាន​ដ៏​ត្រឹមត្រូវ​ដើម្បី​ដោះស្រាយ​វិបត្ដិ​”​។ នេះ​គឺជា​ការលើកឡើង​របស់​បេសកជន​ពិសេស​ចិន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោក​ចាង ជូន​(Zhang Jun)​។ លោក​និយាយ​ដូច្នេះ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ទីក្រុង​ព្យុងយ៉ាង​បង្ហាញ​ការ​ជឿជាក់ថា ទណ្ឌកម្ម​នឹង​គ្មាន​ថ្ងៃ​ត្រូវ​ដកចេញ​នោះទេ​ទោះបី​គេ​បាន​ផ្អាក​សកម្មភាព​នុយក្លេអ៊ែរ​ក៏ដោយ​។ ដូច្នេះ​គេ​អស់ចិត្ដ​នឹង​អត់ទ្រាំ​ទៀតហើយ​។​

​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ ដើម្បី​ជជែក​ពី​សេចក្ដីសម្រេច​របស់​ចិន​និង​រុស្ស៊ី​ឲ្យ​ដក​ទណ្ឌកម្ម​ពី​កូរ៉េខាងជើង បាន​ធ្វើឡើង​ពីរដង​រួចមកហើយ​ប៉ុន្ដែ​សុទ្ធតែ​បរាជ័យ​។ យ៉ាងណាមិញ​បេសកជន​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​អាច​មូលមតិ​គ្នា​។ 

​លោក​ចាង​សង្កត់ធ្ងន់ថា “​យើង​ពិតជា​អាច​ចូលរួមចំណែក​ក្នុង​ការសន្ទនា​នយោបាយ​រវាង​ភាគី​ពាក់ព័ន្ធ ពិសេស​គឺ​សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង​។​” នៅពេល​សួរថា​តើ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​នឹង​បោះឆ្នោត​លើ​សេចក្ដីសម្រេច​របស់​ចិន​និង​រុស្ស៊ី​នៅពេលណា​ទៀត លោក​ចាង​ឆ្លើយតប​ថា​ការងារ​នេះ​នឹងត្រូវ​បន្ដ​ពិគ្រោះ​យោបល់​ទៀត​។​

​ទីក្រុង​ព្យុងយ៉ាង​បានប្រកាស​កំណត់​ត្រឹម​ចុងឆ្នាំ​២០១៩ ជា​ពេលដែល​កូរ៉េខាងជើង​ឈប់​អត់ធ្មត់​ជាមួយ​អាមេរិក ប្រសិន​អាមេរិក​មិន​ធ្វើ​សម្បទាន​ដក​ឬ​បន្ធូរបន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច​។ ឆ្នាំ​ថ្មី​កូរ៉េខាងជើង​នឹង​ប្រើ​វិធានការ​ថ្មី គឺអាច​នឹង​ចាប់ផ្ដើម​នុយក្លេអ៊ែរ​ឡើងវិញ ហើយ​អ្វីដែល​កំពុងមាន​មន្ទិល​គឺ​សង្ស័យថា​កូរ៉េខាងជើង​អាច​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ICBM​ក្នុងពេល​ឆាប់ៗ​។ ទោះបីជា​យ៉ាងនេះ​កូរ៉េខាងជើង​ក៏​នៅ​ទុក​ផ្លូវ​ចរចា​មួយ​សម្រាប់​សហរដ្ឋអាមេរិក ហើយ​សកម្មភាព​របស់​កូរ៉េខាងជើង​ក៏​អាស្រ័យ​លើ​ឥរិយាបថ​របស់​អាមេរិក​ដែរ​។​

​ចំពោះ​អាមេរិក​បាន​ឆ្លើយតប​កូរ៉េខាងជើង​ដោយ​ពាក្យសម្ដី​យ៉ាង​សាមញ្ញ​។ រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផុម​ភី​អូ​(Mike Pompeo)​បាន​ជំរុញ​ឲ្យ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន ជ្រើសរើស​ផ្លូវ​ដើរ​ផ្សេង​ខុសពី​អ្វីដែល​កូរ៉េខាងជើង​បានប្រកាស​។ អាមេរិក​ក៏​ត្រូវការ​សន្ដិភាព​មិន​ចង់​ប្រឈមមុខ​ដាក់គ្នា​នោះទេ​។ តែ​អាមេរិក​មិន​បានបញ្ជាក់​ឡើយ​ថា​នឹង​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ឬ​យ៉ាងណា​នោះ​៕

ព័ត៌មានផ្សេងទៀត