អាជ្ញាធរខេត្ត​កែប​៖ ​ម្ចាស់​សំណង់​អគារ​ដែល​បាក់​រលំ ​ត្រូវបាន​ចាត់វិធានការ​តាមច្បាប់​​

04-01-2020 4:30 pm 494

​រដ្ឋបាលខេត្ត​កែប បានចេញ​សេចក្តីប្រកាស​មួយ​ជាថ្មី​នៅ​ថ្ងៃទី​០៤ ខែ​មករា ឆ្នាំ​២០២០​នេះ ដោយ​បញ្ជាក់ថា តាងនាម​ឲ្យ​ក្រុមការងា​រជួយ​សង្គ្រោះ​ទាំងអស់ រដ្ឋបាលខេត្ត និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កែប សូម​អរគុណ ចំពោះ​វត្តមាន​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បាន​ចុះ​ត្រួតពិនិត្យ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​នៅ​ទីតាំង​កើតហេតុ​ទាំង​កណ្តាល​អាធ្រា​ត្រ ដែល​បានបង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់បំផុត ជាមួយ​ប្រជាពលរដ្ឋ ដែល​លោក​នាយករដ្ឋមន្ត្រី តែង​ពោលថា លោក​មិន​ទុក​ប្រជាពលរដ្ឋ​ចោល​ដោយ​គ្មាន​ការទទួលខុសត្រូវ​នោះទេ ប្រជាពលរដ្ឋ​កាន់តែ​លំបាក លោក​កាន់តែ​ទៅ​កៀក​។​

​រដ្ឋបាលខេត្ត​កែប​បាន​បន្តថា វត្តមាន​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ពិតជា​បាន​ផ្តល់នូវ​កម្លាំងចិត្ត​ដ៏​ធំធេង​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ និង​លើកទឹកចិត្ត​ដល់​បងប្អូន​ក្រុមការងារ កំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុង​ប្រតិ បត្តិការ​រុករក​ជនរង​គ្រោះ​នៅសល់​ក្រោម​គំនរ​អគារ​បាក់​រលំ​នេះ ឲ្យ​កាន់​តែបាន​ឆាប់​រួចរាល់​ជា​ស្ថាពរ​។​

​ជាមួយគ្នា​នោះ អាជ្ញាធរខេត្ត​ក៏បាន​ចាត់វិធានការ​តាមច្បាប់ ចំពោះ​ម្ចាស់​សំណង់​ដែល​បាក់​រលំ ស្រប​​ពេលដែល​រាជរដ្ឋាភិបាល សម្រេច​បង្កើត​គណៈកម្មកា​រ​ធ្វើ​កោសល្យវិច័យ​អគារ នៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប ដែល​បាក់​រលំ​កាលពី​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២០ នេះ​ផងដែរ​។​​ដោយឡែក សកម្មភាព​ជួយសង្គ្រោះ ដល់​ជនរងគ្រោះ​របស់​កម្លាំង​ក្រុមការងារ​ជួយ​សង្គ្រោះបាន និង​កំពុងតែ បន្ត​សង្គ្រោះ​រហូត​យក​ជ​ន​រងគ្រោះ​ចេញ​អស់​ពីក្រោម​គំនរ​បាក់បែក នៃ​អគារ​បាក់​រលំ ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​៕

ព័ត៌មានផ្សេងទៀត