ទឹកជំនន់​​នៅ​ឥណ្ឌូនេស៊ី​​បណ្ដាល​ឲ្យ​មនុស្ស​​ស្លាប់​កើន​​ដល់​៥៣​នាក់​

04-01-2020 3:31 pm 316

​យ៉ាងហោចណាស់​មនុស្ស​ប្រមាណ ១៧០,០០០​នាក់​ត្រូវបាន​ជម្លៀស​ខ្លួន​ចេញពី​លំនៅឋាន​ក្នុង​ទីក្រុង​ចា​កាតា ប្រទេស​ឥណ្ឌូនេស៊ី បន្ទាប់ពី​មាន​ការវាយប្រហារ​ដោយ​ជំនន់​ទឹកភ្លៀង​កាលពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩ កន្លងទៅ​។ ជំនន់​ទឹកភ្លៀង​ដ៏​ធំ​មួយ​នេះ​បានធ្វើឲ្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ប្រមាណ ៣០​លាន​ខ្នង​ត្រូវ​លិចលង់​ផងដែរ​។ លើសពីនេះ​ក៏បាន​បង្កឲ្យមាន​ការបាក់​ស្រុតដី​ជិតតំ​បន់​លេ​បាក់ (Lebak)  ដែលជា​តំបន់​ស្ថិតនៅ​ខាងចុង​នៃ​កោះ​ជ្វា​។​

​យោងទៅតាម​ការបញ្ជាក់​ពី​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី​បានឲ្យដឹងថា​គ្រោះធម្មជាតិដ៏​អាក្រក់​នេះ​បាន​ឆក់យក​ជីវិតម​នុស្ស​ចំនួន​៥៣​នាក់​ហើយ​បើ​គិត​មកទល់នឹង​ពេលនេះ​។ ស្របពេល​ជាមួយគ្នានេះដែរ លោក​អា​ហ្គិស ហ្វី​បូ​វូ (Agus Wibowo) បាន​និយាយថា « ក្រុម​អាជ្ញាធរ​បាន​ចុះ​ទៅដល់​តំបន់​ដែល​ត្រូវ​រងគ្រោះ​ដោយផ្ទាល់ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​គ្មាន​ជម្រក​ស្នាក់អាស្រ័យ​»​។ រីឯ​ហេដ្ឋារចនាសម្ព័ន្ធ​វិញ​គឺ​ពោរពេញ​ទៅដោយ​កាកសំណល់​រថយន្ត និង​សំរាម​នៅ​ហូរហៀរ​ពាសពេញ​ដី​ភក់ ពិសេស​ក្នុង​ទីក្រុង​បេកា​ស៊ី (Bekasi) ដែល​ស្ថិតនៅ​ខាងលិច​កោះ​ជ្វា​។​

​ម្យ៉ាងវិញទៀត​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ដែល​ប្រជាពលរដ្ឋ​ឥណ្ឌូនេស៊ី​កំពុង​ជួបប្រទះ​នោះ​រួមមាន បញ្ហា​កង្វះ​ទឹកស្អាត​ប្រើប្រាស់ បញ្ហា​កង្វះ​ទីជម្រក និង​បញ្ហា​ភ្លើងអគ្គិសនី​ជាដើម​។ ដោយឡែក​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​កំពុង​នឹង​គ្រោង​ប្រើប្រាស់​ការបាញ់​សារធាតុ​គីមី​ដើម្បី​ទប់ស្កាត់​កុំឲ្យ​មាន​ភ្លៀងធ្លាក់​បន្តទៀត ស្របពេល​ដែល​តំបន់​ខ្លះ​ទឹកបាន​ស្រក​ចុះបណ្ដើរៗ​។​

​ក្រសួងសុខាភិបាល​ឥណ្ឌូនេស៊ី​បានឲ្យដឹងថា យោធា រួមទាំង​ក្រុម​ជួយសង្គ្រោះ​ប្រមាណ ១១,០០០​នាក់​បាន​បញ្ជូន​ទៅកាន់​តំបន់​នានា​ដែល​ត្រូវ​ជំនន់​ទឹកភ្លៀង​នេះ​វាយប្រហារ ដើម្បី​ចុះ​ចែក​នូវឧ​សថ​ផ្សេងៗ​ក្នុង​ការបង្ការ​ទប់ស្កាត់​ពី​ការឆ្លង​ជំងឺ​ពី​សាកសព​សត្វ​ដែល​ងាប់​ក្នុង​ទឹក​។ 

​គួរបញ្ជាក់​ផងដែរ​ថា​ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​ភាគច្រើន​ដោយសារតែ​ការ​លង់ទឹក ព្រោះ​នៅ​តំបន់​ខ្លះ​មាន​ការបាក់​ស្រុតដី និង​មួយចំនួន​ផ្សេងទៀត​ស្លាប់​ដោយសារតែ​មិនអាច​ទ្រាំទ្រ​នឹង​ភាព​ត្រជាក់​បាន​។ មិនតែប៉ុណ្ណោះ​ក៏មាន​កុមារ​ខ្លះទៀត​បាន​ស្លាប់​ដោយសារ​ការពុល​ផ្សែង​ចេញពី​ម៉ាស៊ីនភ្លើង​ចល័ត​៕

 ពាក្យគន្លឹះ  ឥណ្ឌូនេស៊ីទឹកជំនន់

ព័ត៌មានផ្សេងទៀត