​លោក​សម រង្ស៊ី​៖​​សន្តិភាព​ពិត​គ្មានទេ​​នៅ​កម្ពុជា​បើ​ដឹកនាំ​ដោយ​លោក​ហ៊ុន សែន​​

04-01-2020 12:14 pm 841

​អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​មេដឹកនាំ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺ​លោក សម រង្ស៊ី បាន​លើកឡើងថា សន្តិភាព និង​សន្តិសុខ​ពិតប្រាកដ​មិន​អាចមាន​ជា​រូបរាង​បានទេ ក្រោម​ការដឹកនាំ​ដោយ​លោក ហ៊ុន សែន​។ តែ​លោក សុខ ឥសាន បាន​ឆ្លើយតប​ថា នេះ​ជា​ការយល់ឃើញ​របស់លោក សម រង្ស៊ី សម្រាប់​ប្រជាជន​កម្ពុជា​វិញ គឺ​បាន​ទទួលស្គាល់ថា ប្រទេស​កម្ពុជា មាន​សន្តិភាព​ពិតប្រាកដ​។ 

«​មានតែ​ទាសករ​ទេ ដែល​ចង់បាន "​សន្តិភាព ផ្នូរខ្មោច​" ដូច ហ៊ុន សែន បានរៀបចំ​។ មិនអាច​មាន​សន្តិភាព​ពិតប្រាកដ​ទេ បើ​គ្មាន​យុត្តិធម៌ គ្មាន​សេរីភាព និង​គ្មាន​សន្តិសុខ​ផ្លូវច្បាប់ ផ្លូវ​រាងកាយ និង​ផ្លូវចិត្ត សម្រាប់​ពលរដ្ឋ​គ្រប់រូប​។ សន្តិភាព និង​សន្តិសុខ​ពិតប្រាកដ មិនអាច​មាន​ជា​រូបរាង​បានទេ ក្រោម​របប ហ៊ុន សែន ដែលជា​របប​ផ្តាច់ការ ហិង្សា ពុករលួយ និង​អយុត្តិធម៌​»​។ នេះ​ជា​ការលើកឡើង​របស់លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​។​

​ប៉ុន្តែ​សម្រាប់​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឆ្លើយតប​ទៅវិញ​ថា នេះ​ជា​ការយល់ឃើញ​របស់លោក សម រង្ស៊ី ដែល​លោក​ហៅថា មេ​ឧទ្ទាម​ក្រៅច្បាប់ តែ​សម្រាប់​ប្រជាជន​កម្ពុជា​វិញ​បាន​ទទួលស្គាល់ថា ប្រទេស​កម្ពុជា ពិតជា​មាន​សន្តិភាព​ពិតប្រាកដ​មែន​។ ជាមួយគ្នានេះ​លោក សុខ ឥសាន បាន​ព្យល់​ពាក្យ «​សន្តិភាព​« គឺ​សំដៅ​ប្រទេស​គ្មាន​សង្គ្រាម គ្មាន​គ្រាប់ផ្លោង គ្មាន​ការ​ក្រាប​លូន​ជាដើម​………

​សំឡេង​៖

​ដោយឡែក​សម្រាប់​សន្តិភាព​ផ្លូវចិត្ត​វិញ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បាន​អះអាងថា ប្រទេស​ណា​ក៏​គ្មាន​សន្តិភាព​ផ្លូវចិត្ត​ទាំងអស់​ដែរ មានតែ​ព្រះពុទ្ធ​តែមួយ​អង្គ​ប៉ុណ្ណោះ ដែលមាន​សន្តិភាព​ផ្លូវចិត្ត​។ លោក​បន្តថា សហរដ្ឋអាមេរិក ប្រទេស​បារាំង និង​ប្រទេស​មួយចំនួនទៀត ដែល​គេ​ចាត់​ថា ជា​ប្រទេស​មាន​សន្តិភាព ក៏ប៉ុន្តែ​នៅតែមាន​ការបាញ់សម្លាប់​គ្នា និង​មាន​ការតវ៉ា រហូតដល់​មាន​ការចាប់ខ្លួន​រាប់រយ​នាក់​ផងដែរ​។​

​យ៉ាងណាក៏ដោយ​បើតាម​អតីត​អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ​នៅ​កម្ពុជា លោក​បណ្ឌិត កែម ឡី ដែល​ត្រូវបាន​គេ​បាញ់សម្លាប់​កណ្ដាល​ទី​ក្រុងភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ លោក​ធ្លាប់បាន​លើកឡើងថា សន្តិភាព បើ​ញែក​ឱ្យដាច់ គឺមាន​ការគោរព​សិទ្ធិមនុស្ស បើ​គ្មាន​ការគោរព​សិទ្ធិមនុស្ស គឺ​គ្មាន​សន្តិភាព​ទេ​។ លោក​បន្តទៀតថា សន្តិភាព ត្រូវមាន​ប្រជាធិបតេយ្យ តែបើ​គ្មាន​ប្រជាធិបតេយ្យ​ទេ នោះ​យូរ​នឹង​ឆាប់​នឹងមាន​សង្គ្រាម​កើតឡើង​។ ម្យ៉ាងវិញទៀត លោក​ថា សន្តិភាព គឺ​មិនមែន​មានតែ​សន្តិភាព​សង្គម​ទេ ត្រូវមាន​សន្តិភាព​មនុស្សជាតិ​ផងដែរ​…………

​សំឡេង​៖

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ក្នុងឱកាស​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០២០ លោក​បានចេញ​សារ​នយោបាយ ដែលមាន​ខ្លឹមសា​រថា «​អរគុណ​សន្តិភាព​» ដោយ​លោក​យល់ថា វា​មានតម្លៃ​មិន​សាបសូន្យ មិន​ថា​កន្លងមក ថ្ងៃនេះ​និង​ថ្ងៃក្រោយ ហើយ​សារ​នយោបាយ «​អរគុណ​សន្តិភាព​» នេះ ត្រូវបាន​យកទៅ​ព្យួរ ឬ​បិទ​នៅតាម​ក្រសួង​ស្ថាប័ន​ផងដែរ​៕

ព័ត៌មានផ្សេងទៀត