អាមេរិក​ពង្រាយ​ទ័ព​រាប់ពាន់​នាក់​នៅ​មជ្ឈឹម​បូ​ព៌ាក្រោយ​អ៊ីរ៉ង់​គំរាម​សងសឹក​

04-01-2020 11:56 am 662

​កងទ័ព​អាមេរិក​រាប់ពាន់នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅ​តំបន់​មជ្ឈឹម​បូ​ព៌ា ពិសេស​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ដើម្បី​ជាការ​ត្រៀម​ខ្លួន​ទៅ​នឹង​ការ​គំរាម​សងសឹក​វិញ​ពី​សំណាក់​ប្រទេស​អ៊ីរ៉ង់ ដែល​បាន​បាត់បង់​នូវ​មេដឹកនាំ​កំពូល​របស់​ខ្លួន​។ ពាក់ព័ន្ធ​ទៅនឹង​ការ​គំរាម​សងសឹក​នេះដែរ មេដឹកនាំ​អ៊ីរ៉ង់ លោក​អា​លី ខា​មេ​នី (Ali Khamenei) បានប្រកាសថា « ទោះបីជា​លោក​អាស​សេម សូឡី​ម៉ា​នី (Qassem Soleimani) បាន​ស្លាប់​បាត់បង់​ជីវិត​ក៏ពិតមែន តែ​យើង​មិន​បញ្ចប់​ត្រឹម​នេះ​ឡើយ »​។​

​តប​ទៅ​នឹង​ស្ថានភាព​ដ៏​តានតឹង​នេះ​ដែរ លោក​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់​ត្រាំ (Donald Trump) បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រមណីយដ្ឋាន​ម៉ាអឹ​ឡ៉ា​ហ្គូ​( Mar-a-Lago) ក្នុង​រដ្ឋ​ហ្វ្លូ​រីដា (Florida)​ថា « សូឡី​ម៉ា​នី​(Soleimani) គួរតែ​ស្លាប់​យូរ​ណាស់​ហើយ » ហើយ​លោក​ក៏​បាន​បន្ថែមទៀតថា « ការ​ដែល​អាមេរិក​សម្លាប់​មេបញ្ជាការ​កំពូល​អ៊ីរ៉ង់​នេះ​គឺ​មិនមែន​ចង់​បង្កើត​សង្គ្រាម​ទេ តែ​គឺ​ដើម្បី​បញ្ចប់​សង្គ្រាម​ទៅវិញ​ទេ »​។​ ​ទន្ទឹមនឹងនេះ​ក្រុមអ្នកតវ៉ា​អ៊ីរ៉ង់​រាប់ពាន់​នាក់​បាន​នាំគ្នា​ដុត​ទង់ជាតិ​អាមេរិក និង​ស្រែក​ថា « អាមេរិក​ត្រូវតែ​ស្លាប់ » នៅក្នុង​ទី​ក្រុងតេអេ​រ៉ង់ ប្រទេស​អ៊ីរ៉ង់​។​

​គួរ​រម្លឹក​ឡើងវិញ​ផងដែរ​ថា​មូលហេតុ​ដែល​បង្កាត់​ជា​ភ្លើង​ដុត​កម្ដៅ​ឲ្យ​ទំនាស់​រវាង​អាមេរិក និង​អ៊ីរ៉ង់​កាន់តែ​ក្ដៅ​ខ្លាំង​ដូច្នេះ បាន​កើតចេញ​ពី​របួស​ចាស់​ដោយ​អាមេរិក​ធ្លាប់​បាន​វាយប្រហារ​តាម​អាកាស​ទៅលើ​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុម​កងជីវពល​អ៊ីរ៉ាក់​គាំទ្រ​ដោយ​អ៊ីរ៉ង់ និង​ស្លាប់​គ្នីគ្នា​ពួកគេ​ជាច្រើន​។ ចំណែកឯ​ក្រុម​កងជីវពល​អ៊ីរ៉ាក់​គាំទ្រ​ដោយ​អ៊ីរ៉ង់​បាន​ខឹងសម្បារ​ទៅ​នឹង​អាមេរិក ក៏​បាន​លើកគ្នា​ធ្វើ​ការតវ៉ា​ដោយ​នាំគ្នា​គប់​ដុំថ្ម និង​ដុត​ប៉ុស្ដិ៍​សន្តិសុខ​នៅ​ខាង​មុខ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​អ៊ីរ៉ាក់​តែម្ដង​។ តែ​លុះ​ក្រោយមក​ក្រុមបាតុករ​ទាំងនោះ​បាន​ដកថយ​ចេញ​វិញ បន្ទាប់​ពី​អាមេរិក​បាន​ព្រមាន​និង​គំរាម​។ បើ​ទោះបីជា​យ៉ាងណា​ក៏ដោយ​ស្ថានភាព​កាន់តែ​តានតឹង​ឡើង​បន្ថែមទៀត ដោយ​កាលពី​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០២០ អាមេរិក​បាន​បើក​ការវាយប្រហារ​ទៅលើ​ក្បួន​រថយន្ត​របស់​មេ​បញ្ជាកា​រ​ជាន់ខ្ពស់​អ៊ីរ៉ង់ និង​បាន​សម្លាប់​ជីវិត​មនុស្ស​ចំនួន​៧​នាក់​ទៀត​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​៕ 

ព័ត៌មានផ្សេងទៀត