ស្ដ្រីឈ្មោះទុយ ចរិយា អាយុ៣១ឆ្នាំ មានមុខរបរជាជាងកាត់ដេរសំលៀកបំពាក់ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានស្លាប់កាលពីវេលាម៉ោង៩ យប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ខណ:ពេលដែលកំពុងសម្រាលកូននៅក្នុងគ្លីនិក«យឹម ផល្លា»។
លិខិតបំភ្លឺរបស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣ ខែមករានេះ បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះករណីស្ដ្រីដែលបានទទួលមរណៈភាពក្រោយសម្រាលនេះ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពផងដែរ។
លិខិតបំភ្លឺនេះបានឲ្យដឹងបន្ត ថា មន្ទីពេទ្យខេត្តបានយកចិត្តទុកដាក់ពិនិត្យ និងសង្គ្រោះភ្លាមៗ ដោយក្រុមគ្រូពេទ្យជំនាញចម្រុះ (គ្រូពេទ្យផ្នែកសម្ភព គ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ និងគ្រូពេទ្យផ្នែកវះកាត់) បានជួយសង្គ្រោះទៅតាមលក្ខណ:បច្ចេកទេស។ បើទោះបីយើងខិតខំរកសរសៃកែងជើង និងសរសៃការ៉ូទីតបន្ថែមទៀតក្តី ក៏នៅតែគ្មានមធ្យោបាយចាក់បញ្ចូលឈាមបាន ពោលគឺសរសៃឈាមបានស្ពៀតអស់ទៅហើយ។
នៅក្នុងលិខិតដែលបានបញ្ជាក់ទៀតថា មកដល់ម៉ោង៩ថ្ងៃដដែល ពោលគឺរយ:ពេល៤០នាទីនៃការសង្គ្រោះ ស្ត្រីដែលជាជនរងគ្រោះ បានស្លាប់ដោយសារការបាត់បង់ឈាមយ៉ាងគំហុក ក្រោយសម្រាលដែលមិនអាចសង្គ្រោះបាន។
បើតាមលោកម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានប្រាប់សារព័ត៌មានក្នុងស្រុក កាលពីរសៀលថ្ងៃទី០៣ ខែមករាឆ្នាំ២០២០នេះថា លោកបានចាត់មន្ដ្រីអធិការកិច្ច ដោយសហការជាមួយ និងអភិបាលខេត្ត និងមន្ដ្រីសមត្ថកិច្ច ក្នុងខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យ និងស៊ើបអង្កេតដល់ទីតាំងគ្លីនិកកើតហេតុ។
ដោយលោកបានបញ្ជាក់ថា ម្ចាស់គ្លីនិក នឹងត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ប្រសិនបើរកឃើញថា ម្ចាស់គ្លីនិកពិតជាបានបង្កើតឲ្យមានកំហុស រហូតបណ្ដាលឲ្យស្ដ្រីជាម្ដាយ និងកូនបានស្លាប់ ក្នុងពេលសម្រាលមែននោះ។
តាមការបញ្ជាក់របស់លោកសេង គឹមហេង ត្រូវជាប្ដីស្ត្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ប្រពន្ធរបស់គាត់មានអាការៈធ្លាក់ឈាម ព្រោះគ្រប់ខែត្រូវឆ្លងទន្លេ។ ភ្លាមៗគាត់ក៏បានជូនប្រពន្ធទៅពិនិត្យផ្ទៃពោះនៅបន្ទប់ថែទាំជំងឺឯកជនឈ្មោះយឹម ផល្លា ជាគ្រូពេទ្យម្នាក់ផ្នែកសម្ភពរបស់មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង។
លោកបានបន្តថា ពេលទៅដល់គ្លីនិកអ្នកគ្រូពេទ្យយឹម ផល្លា បានបញ្ជាក់ថា ប្រពន្ធរបស់គាត់មិនអីទេ អាចសម្រាលនៅគ្លីនិកបាន។ ពេលឮដូច្នេះ ដោយមានទំនុកចិត្តលើអ្នកគ្រូពេទ្យ ក៏សម្រេចចិត្តសម្រាលនៅគ្លីនិកតែម្តង។
លោកបញ្ជាក់បន្ថែមទៀតថា ក្រោយពេលសម្រាលកូនរួច ទារកនោះអស់សង្ឃឹមបាត់ទៅហើយ ចំណែកប្រពន្ធក៏មានអាការៈចេះតែខ្សោយទៅៗ ដោយសារតែធ្លាក់ឈាមច្រើន។ ឃើញសភាពដូច្នេះ ក្រុមគ្រួសារក៏បានជំរុញឱ្យអ្នកគ្រូពេទ្យ យឹម ផល្លា បញ្ជូនប្រពន្ធគាត់ទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ តែរឿងគួរឱ្យសោកស្តាយ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង គឺហួសពេលទៅហើយ គ្រូពេទ្យខេត្តមិនអាចជួយសង្គ្រោះបានឡើយ ប្រពន្ធគាត់ខ្សោយណាស់ទៅហើយ និងបានស្លាប់ទាំងម្តាយទាំងកូន៕