ធនាគារជាតិ​ជឿជាក់ថា​កម្ពុជា​​នឹង​​រក្សា​​កំណើនសេដ្ឋកិច្ច​៧%​បើ​ទោះ​ត្រូវ​ដក​EBA

03-01-2020 4:50 pm 303

​ធនាគារជាតិ​នៃ​កម្ពុជា បាន​ចេញផ្សាយ​របាយការណ៍​ថ្មី​មួយ ដោយ​បង្ហាញ​នូវ​ការជឿជាក់​ថា ឆ្នាំ​២០២០​នេះ សេដ្ឋកិច្ច​រំពឹង​មាន​កំណើន​៧% ទោះបីជា​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​ក៏ដោយ ក៏​ការនាំចេញ​របស់​កម្ពុជា នៅតែ​បន្ដ​កើនឡើង​។ 

​របាយការណ៍​ដែល​មាន​ចំណងជើង​ថា «​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច និង​វិស័យ​ធនាគារ​ឆ្នាំ​២០១៩ និង​ទស្សនវិស័យ​ឆ្នាំ​២០២០» របស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​២០២០​ត្រូវបាន​រំពឹងថា អាច​សម្រេចបាន​ក្នុង​រង្វង់​៧% ជាមួយនឹង​កម្រិត​អតិផរណា​ប្រមាណ​២.៣%​។ ការរំពឹង​ទុក​នេះ​ផ្អែក​លើ​ការព្យាករណ៍​ពី ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក ដែល​នឹង​រួមចំណែក​ផ្ដល់​ភាព​អំណោយផល ដល់​ការនាំចេញ​វិនិយោគិន​បរទេស និង​វិស័យ​ទេសចរណ៍​កម្ពុជា ស្របពេល​ដែល​សេដ្ឋកិច្ច ទទួលបាន​លទ្ធផល​ជា​លំដាប់ ពី​ការធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​កំណើន និង​ការកែទម្រង់​ស៊ីជម្រៅ សម្រាប់​គាំទ្រ​ដល់​ការរីកចម្រើន នៃ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​»​។​

​របាយការណ៍​បន្តថា យ៉ាងណា​ក៏ ដោយ ទោះបីជា សហភាព​អឺរ៉ុប នឹង​អាច​សម្រេច​ដក EBA ពី​កម្ពុជា​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២០​ក៏ដោយ ក៏​ការនាំចេញ​សម្លៀក​បំពាក់​របស់​កម្ពុ​ជា នៅតែ​រំពឹង​ថា​បន្ដ​មាន​កំណើន​ដោយសារតែ​៖

១៖ យន្ដការ​នៃ​ការដក EBA ពេញលេញ​នឹង​ត្រូវ​អនុវត្ត​នៅ​៦​ខែ​ក្រោយ​ពី​ការសម្រេច​។​

២៖ កម្ពុជា​នៅតែ​អាច​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​បាន ទោះបីជា EBA ត្រូវបាន​ដក​ក៏ដោយ ពីព្រោះ​ការបាត់បង់ EBA គ្រាន់តែ​អាច​បង្កើន​ថ្លៃទំនិញ​នាំ​ចេញ​របស់​កម្ពុជា ទៅ​សហភាព​អឺរ៉ុប ដោយសារតែ​ការ​ដាក់​ពន្ធ​ក្នុង​រង្វង់​០.១% ទៅ​១២.៥% ទៅ​តាម​ប្រភេទ​ទំនិញ ប៉ុន្ដែ​ប្រសិនបើ​តម្រូវការ​របស់​សហភាព​អឺរ៉ុប មកលើ​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា​នៅតែមាន នោះ​ការនាំចេញ​របស់​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប ក៏​នៅតែ​មាន​កំណើន​ផងដែរ ពិសេស​ក្រោយពី ការចាកចេញ​របស់​អង់គ្លេស ពី​សហភាព​អឺរ៉ុប​ដោយសារ​តែ​ទំនិញ​កម្ពុជា នាំចេញ​ទៅ​អង់គ្លេស មាន​ចំនួន​២០%​នៃ​ការនាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​។​

៣៖ កំណើន​ប្រាក់​ឈ្នួល​អប្ប​បរិ​មា​នៅ​កម្ពុជា មិនទាន់​មាន​ផលប៉ះពាល់ ទៅ​លើ​ការ​ប្រកួតប្រជែង​របស់​កម្ពុជា​នោះ​ទេ ដោយសារ​ការបង្កើន​មាន​លក្ខណៈ​សន្សឹមៗ ស្របពេល​ដែល​ផលិតភាព​ក៏​បាន​កើនឡើង​ផងដែរ​។​

៤៖ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​វិធានការ​ជា​បន្ដបន្ទាប់ ដើម្បី​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម និង​សម្រួល​ការធ្វើ​ពាណិជ្ជកម្ម ព្រមទាំង​បាន​អនុវត្ត ការកែទម្រង់​ចាំបាច់​នានា សំដៅ​បង្កើត​បរិយាកាស កាន់តែ​អំណោយផល​ដល់​ការវិនិយោគ ជំរុញ​ផលិតកម្ម​ក្នុងស្រុក និង​លើ​កម្ពស់​ការធ្វើ​ពិពិធ​កម្ម​ផលិតផល និង​ទីផ្សារ​នាំចេញ​ជា​ដើម​៕

 ពាក្យគន្លឹះ  ធនាគារជាតិពន្ធEBA

ព័ត៌មានផ្សេងទៀត