​​រដ្ឋាភិបាល​៖​​បង្គោល​ព្រំដែន​ថ្មី​លេខ​២៦៩​​ពុំបាន​បោះ​ចូល​ទឹកដី​ខ្មែរ​ជាង​២​គីឡូម៉ែត្រ​ទេ​​

03-01-2020 4:03 pm 263

​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា បានប្រកាស​ទាត់ចោល​ទាំងស្រុង នូវ​ការចុះផ្សាយ​បំភ្លើស​នៅលើ Facebook ឈ្មោះ Sorn Sovannthet Page  ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ទំព័រ Facebook សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​បង្ហោះ​ថា «​មាន​បង្គោល​ព្រំដែន​ថ្មី​លេខ​២៦៩ បាន​បោះ​ចូលក្នុង​ទឹកដី​ខ្មែរ​ជាង​២​គីឡូម៉ែត្រ នៅ​ឃុំ​ជ័យ​ជោគ ស្រុក​បូរី​ជលសារ ខេត្តតាកែវ ដោយ​គ្មាន​ការចូលរួម​ពី​ភាគី​កម្ពុជា​»​។ នេះ​បើតាម​សេចក្ដីថ្លែងការណ៍​របស់​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា ចុះ​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២០​។​

​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា បាន​បញ្ជាក់ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ ក្រុម​ចលនា​ពួក​ប្រឆាំង និង​គូកន បាន​បង្ហោះ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ ក្នុង​ចេតនា​បំភាន់​សាធារណៈមតិ​ជាតិ និង​អន្តរជាតិ ដោយ​ធ្វើ​ការចោទប្រកាន់​មកលើ​ការងារ​ព្រំដែន​របស់​រាជរដ្ឋាភិបាល អំពី​ការធ្វើឱ្យ​បាត់បង់​ទឹកដី​ទៅ​ប្រទេសជិតខាង ខណៈដែល​កាលពីពេល​ថ្មីៗ​នេះ​ពួក​ក្រុមប្រឆាំង​ទាំងនោះ ក៏បាន​ធ្វើ​ការបង្កើត​ព័ត៌មាន​ក្លែងក្លាយ អំពី​ករណី​បង្គោល​ព្រំដែន​លេខ​៧៨ ថា​បាន​បោះ​ចូលក្នុង​ទឹកដី​ខ្មែរ​ប្រមាណ​ជា​៥ គីឡូម៉ែត្រ​ពី​ខ្សែ​ព្រំដែន​ផ្លូវការ​ផងដែរ​។ 

​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា បាន​បំភ្លឺថា បង្គោល​ព្រំដែន​លេខ​២៦៩/៣ នៅក្នុង​រូបថត​ដែល​បាន​បង្ហោះ​ដោយ​ទំព័រ Facebook ឈ្មោះ Sorn Sovannthet Page គឺ​មិនមែនជា​បង្គោល​ព្រំដែន​លេខ​២៦៩​ទេ គឺជា​បង្គោល​ព្រំដែន​បំពេញបន្ថែម​ទោល ដែល​បានកំណត់​តម្រុយ​កាលពី​ឆ្នាំ​២០១៧ ក្រោយពី​មានការ​ឯកភាពគ្នា​រវាង​ប្រទេស​ទាំងពីរ និង​បាន​សាងសង់​រួចរាល់​ជា​ផ្លូវការ តាំងពី​ឆ្នាំ​២០១៨ មក​ម្លេះ​នៅលើ​ខ្សែ​ព្រំដែន​តាម​ផែនទី​ផ្លូវការ Bonne ខ្នាត​១/១០០.០០០ បោះពុម្ភ​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន​នៅ​ចន្លោះ​ឆ្នាំ​១៩៥០-១៩៦៤ ដោយ​មិនមាន​ការបោះ​ជាថ្មី​ចូលក្នុង​ទឹកដី​ខ្មែរ​ជាង ២​គីឡូម៉ែត្រ ដូច​ការចោទប្រកាន់​នោះទេ​។ 

​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា បាន​អះអាងថា បង្គោល​ព្រំដែន​ផ្លូវការ​លេខ​២៦៩/៣ នេះ មាន​ទីតាំង​លើ​ខ្សែ​ព្រំដែន ស្ថិតនៅក្នុង​ឃុំ​ជ័យ​ជោគ ស្រុក​បុរី​ជលសារ ខេត្តតាកែវ នៃ​ប្រទេស​កម្ពុជា និង​ឃុំ​វិញ​ក្រុង​ចូ​វ​ដុក ខេត្ត​អាន​យ៉ាង នៃ​ប្រទេស​វៀតណាម​។ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា ក៏បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស កុំឱ្យ​ជឿ និង​កុំ​ចែកចាយ​រាល់​ការ​បង្ហោះ​បោកប្រាស់​របស់​ជន​អគតិ​មួយចំនួន ដែល​តែងតែ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​ចេតនា​ទុច្ចរិត ដើម្បី​វាយប្រហារ​ដល់​កិច្ចការ​ព្រំដែន​របស់​រាជរដ្ឋាភិបាល ហើយ​ដែល​សកម្មភាព​ទាំងអស់នោះ​អាច​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​។ 

​ទន្ទឹមនឹងនេះ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច ស្រាវជ្រាវ​ទប់ស្កាត់ និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ទៅលើ​ជន​ទាំងឡាយណា ដែល​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​គោលបំណង​នាំឱ្យមាន​ការ​ភ័ន្តច្រលំ​ដល់​សាធារណៈ​មតិជាតិ និង​អន្តរជាតិ​៕

ព័ត៌មានផ្សេងទៀត