​​​ស្នាម​មេដៃ​ជាង​១​ពាន់​​​​នឹង​ដាក់ជូន​លោក​ហ៊ុន សែន​​​​​ស្នើឱ្យ​ធ្វើតាម​អឺរ៉ុបដើម្បីរក្សាEBA​​​​

03-01-2020 12:48 pm 6406

សហភាពសហជីពកម្ពុជា បានប្រមូលស្នាមមេដៃពីសមាជិក និងកម្មករកម្មការិនីជាង១ពាន់មេដៃ ដើម្បី​ដាក់​​ជូនលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំឱ្យធ្វើតាមសំណើសហភាពអឺរ៉ុប រក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយ​សារព្រួយបារម្ភថា បើបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នោះ GSP របស់សហរដ្ឋអាមេរិក ក៏បាត់​បង់ដែរ ហើយនឹងធ្វើប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ជាពិសេសកម្មករកម្មការិនី និងក្រុមគ្រួសារ​របស់​ពួកគេ។

​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា បានលើកឡើង​ក្នុង​ស​ន្និសិទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២០ ថា ស្នាម​មេដៃ​ដែល​ប្រមូលបាន​ពី​សមាជិក សមាជិកា របស់​សហភាព​សហជីព​កម្ពុជា និង​កម្មករ​កម្មការិនី ១៣៧៩​មេដៃ នឹង​យកទៅ​ដាក់ជូន​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃនេះ ដើម្បី​អំពាវនាវ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី អនុវត្តតាម​សំណើ របស់​សហភាព​អឺរ៉ុប ដែល​ស្នើឱ្យ​រាជ​រដ្ឋា​កម្ពុជា បើកចំហ​ប្រព័ន្ធ​នយោបាយ​នៅ​ប្រទេស​កម្ពុជា ឱ្យមាន​លក្ខណៈ​ទូលំទូលាយ​ដូច​មុន​ថ្ងៃ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​២០១៧ ដើម្បី​ពង្រឹ​លទ្ធិប្រជាធិបតេយ្យ និង​ធានា​ការគោរព​សិទ្ធិសេរីភាព​សម្រាប់​ប្រជាពលរដ្ឋ ក្នុង​គ្រប់​វិស័យ ជាពិសេស​វិស័យ​ការងារ និង​សិទ្ធិសេរីភាព​សហជីព​។​

​ទន្ទឹមនឹងនេះ ប្រធាន​សហភាព​សហជីព​កម្ពុជា​រូបនេះ បាន​បញ្ជាក់ថា សំណើ​​របស់​សហ​ភាព​អឺរ៉ុប មិនមែនជា​រឿង​ធ្ងន់ធ្ងរ​អ្វី​នោះទេ​។ មិនមែនជា​រឿង​ធ្ងន់ធ្ងរ ដោយ​លោក​អះ​អា​ថា សហភាព​អឺរ៉ុប គ្រាន់តែ​ចង់ឱ្យ​ស្ថានភាព​សិទ្ធិមនុស្ស​ល្អប្រសើរ​ឡើងវិញ ធ្វើឱ្យ​លទ្ធិប្រជាធិបតេយ្យ​ល្អប្រសើរ​ឡើងវិញ  ដោះលែង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យមាន​សេរីភាព​ឡើងវិញ ព្រមទាំង​លើកលែង​ការចោទប្រកាន់​ទៅលើ​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នោះ​អ្វី​នឹង​ល្អប្រសើរ ហើយ​អាច​រក្សាបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​ផងដែរ​………

​សំឡេង​៖

​ប៉ុន្តែ​យ៉ាងណាក៏ដោយ​ពាក់ព័ន្ធ​សំណើ​របស់​សហភាព​អឺរ៉ុប​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​បញ្ជាក់​ជា​បន្ត​បន្ទាប់​ម្ដង​ជា​ពីរដង​រួចមកហើយ​ថា កម្ពុជា​មិនអាច​យក​អធិបតេយ្យភាព​របស់ខ្លួន ទៅ​ដោះដូរ​អ្វីដែល​បរទេស​បង្គាប់បញ្ជា​នោះទេ​។ លោក ហ៊ុន សែន ថែមទាំង​និយាយថា ទោះជា​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ (EBA) ដែល​ផ្តល់​ដោយ​សហគមន៍​អឺរ៉ុប ក៏​កម្ពុជា​មិនបាន​ពិបាក​រហូតដល់​លៀន​អណ្តាត​នោះឡើយ ហើយ​ប្រាក់បៀវត្ស​មន្ត្រីរាជការ​ខ្មែរ ក៏​មិន​បានមកពី EBA របស់​សហភាព​អឺរ៉ុប​នោះដែរ​។​

​គួរបញ្ជាក់​ផងដែ​រថា កាលពីពេល​ថ្មីៗ​នេះ តាមរយៈ​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម (Telegram) លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា អ្នក​តាំងខ្លួន​ថា ព្រួយបារម្ភ​ពី​ការបាត់ EBA គឺ​កំពុង​បំភិតបំភ័យ​សង្គម និង ចង់​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា​។ លោក សុខ ឥសាន ថែមទាំង​បញ្ជាក់ទៀតថា អ្នក​ដែល​ដក​ប្រព័ន្ធ​EBA ពី​កម្ពុជា​គឺជា​អ្នករំលោភ​សិទ្ធិមនុស្ស​លើ​កម្មករនិយោជិត​កម្ពុ​ជា និង​ប្រជាជន​កម្ពុជា ដែល​រង​ផលប៉ះពាល់​ផងដែរ​។​

​សម្រាប់​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​វិញ បានចាត់ទុក​ការលើកឡើង​របស់លោក សុខ ឥសាន ខាងលើនេះ វា​មិនមែន​ដូច្នេះ​ទេ អ្នក​ដែល​ព្រួយបារម្ភ​ពី​ការខ្លាច​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប គឺជា​អ្នកចូលរួម​ការពា​រសន្តិភាព​ទៅវិញ​ទេ ព្រោះ​បើ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ធ្វើឱ្យ​អស្ថេរភាព​សង្គម អសន្តិសុខ​សង្គម នឹង​កើតឡើង នៅពេលដែល​កម្មក​រក​ម្មការិនី បាត់បង់​ការងារ​ធ្វើ ប្រជាពលរដ្ឋ​បាត់បង់​ចំណូល​ជាដើម​៕

ព័ត៌មានផ្សេងទៀត