ឥណ្ឌូនេស៊ី​ចាត់វិធានការ​បញ្ឈប់​ភ្លៀង ខណៈ​ជំនន់​ទឹកភ្លៀង​សម្លាប់​មនុស្ស​លើសពី៤០​នាក់​

03-01-2020 12:05 pm 612

​ភ្លៀង​បាន​បង្អុរ​ចុះ​ខ្លាំង​នៅ​ថ្ងៃទី​៣១​ធ្នូ​ឆ្នាំ​២០១៩ បង្ក​ជា​ទឹកជំនន់​លិចលង់​ទីក្រុង​ចា​កាតា និង​ទីប្រជុំជន​ដែល​នៅក្បែរនោះ ដោយ​បណ្តាលឲ្យ​មនុស្ស​ស្លាប់​កើនលើសពី៤០​នាក់​។ រូបភាព​ទូរទស្សន៍​នៅ​ថ្ងៃ​សុក្រ​បង្ហាញថា ទឹកជំនន់​នៅតែ​ជន់​លិច​តំបន់​មួយចំនួន នៃ​ទីក្រុង​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍​នេះ​នៅឡើយ​។ យោងទៅតាម​ការព្យាករណ៍ របស់​ទីភ្នាក់ងារ​ឧតុនិយម​អាកាសធាតុ​និង​ភូគព្ភសាស្ត្រ បាន​ព្រមាន​ថា​អាកាសធាតុ​អាក្រក់ ប្រហែល​បន្ត​អូសបន្លាយ​ដល់​ថ្ងៃទី​៧​ខែ​មករា ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង អាច​អូសបន្លាយ​ដល់​ពាក់កណ្តាល​ខែកុម្ភៈ​ឯណោះ​។​

​ដូច្នេះ ឥណ្ឌូនេស៊ី​មិនអាច​បណ្តោយឲ្យ​ភ្លៀង​បន្ត​ធ្លាក់ ទៅតាម​អំពើ​ចិត្ត​របៀបនេះ​បានទេ ព្រោះ​អាច​បង្ក​មហន្តរាយ​ធំធេង​ដែល​ពិបាក​ស្មាន​។ នៅ​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០២០​នេះ ឥណ្ឌូនេស៊ី​ចាប់ផ្តើម​អនុវត្ត cloud seeding ដើម្បី​ទប់ស្កាត់​កុំឲ្យ​ភ្លៀងធ្លាក់ ជាពិសេស​នៅក្នុង​រដ្ឋធានី​ចា​កាតា​តែម្តង​។ ទីភ្នាក់ងារ​បច្ចេកវិទ្យា​ឥណ្ឌូនេស៊ី BPPT​ឲ្យដឹងថា យន្តហោះ​ធុន​តូច​ពី​រគ្រឿង បាន​ត្រៀម​រួចរាល់​ហើយ សម្រាប់​ចុះ​បេសកកម្ម​បំបែក​ពពក​ដែល​នាំ​ទឹកភ្លៀង និង​យន្តហោះ​ធំ​មួយគ្រឿង ត្រូវដាក់​ឲ្យនៅ​ប្រចាំការ​។​

​ទីភ្នាក់ងារ​បច្ចេកវិទ្យា​មួយ​នេះ ឲ្យដឹង​នៅក្នុង​សេចក្តីថ្លែងការ​ណ៍​ថា ពពក​ទាំងអស់​ដែល​ផ្លាស់​ទី​ឆ្ពោះទៅកាន់​បរិវេណ​រដ្ឋធានី​ចា​កាតា ដែល​ត្រូវបាន​គេ​សន្និដ្ឋានថា ជា​ដុំ​ពពក​នាំ​ទឹកភ្លៀង​មកកាន់​ទីនេះ នឹងត្រូវ​បាញ់​បំបែក​ដោយ​សារធាតុ​NaCl (sodium chloride)​។ ទីភ្នាក់ងារ​បច្ចេកវិទ្យា​សង្ឃឹមថា ពពក​ទាំងនោះ នឹង​ត្រូវបាន​បំបែក​មុនពេល​ពួកវា​រំកិល​មកដល់​ទីក្រុង​។​

​សូម​ជម្រាបជូន​ដែរថា ចា​កាតា គឺជា​ទីក្រុង​មួយ មាន​ប្រជាជន​ប្រមាណ ៣០​លាន​នាក់​រស់នៅ​។ ជានិច្ច​ជា​កាល ទីក្រុង​ដ៏​ធំ​របស់​ឥណ្ឌូនេស៊ី​មួយ​នេះ ជារឿយៗ​តែងតែ​ញាំញី​ដោយ​ជំនន់​ទឹកភ្លៀង ជាពិសេស​នៅ​រដូវវស្សា ចន្លោះ​ពី​ខែវិច្ឆិកា​ដល់​ខែមីនា​៕

ព័ត៌មានផ្សេងទៀត