លោកប៉ាន់ខែម ប៊ុនថន៖តំលៃនៃសន្តិភាពសម្រាប់កម្ពុជា គឺសំខាន់ណាស់ហើយត្រូវការពារឲ្យបាន

02-01-2020 11:45 am 552
លោកប៉ាន់ខែម ប៊ុនថន មន្ត្រីគណបក្សប្រជាជនកម្ពុជា និងជាប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព

លោកប៉ាន់ខែម ប៊ុនថន មន្ត្រីគណបក្សប្រជាជនកម្ពុជា និងជាប្រធានប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព បានលើកឡើង ថា តំលៃនៃសន្តិភាពសម្រាប់ប្រទេសកម្ពុជាគឺសំខាន់ខ្លាំងណាស់ ហើយក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា ត្រូវចូលរួមថែរក្សាការពារឲ្យបានគង់វង្ស។

ការលើកឡើងនេះបន្ទាប់ពីលោកហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ បានបង្ហោះសារអបអរថ្ងៃឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២០ថា ប្រជាពលរដ្ឋនៅទូទាំងប្រទេស បានចូលរួមឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំសកលថ្មី២០២០ ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែងទាំងនៅក្នុង និងក្រៅប្រទេស។ ឱកាសនៃការចូលរួមអបអរសាទរ និងកំសាន្តសប្បាយនៅក្នុងពិធីបុណ្យតូចធំទាំងអស់នេះ បានគឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព។ គ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់។ ក្នុងសារនេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ចប់ដោយពាក្យថា[អរគុណសន្តិភាព]។

ក្រោយមកពាក្យ[អរគុណសន្តិភាព] ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានបង្ហោះយ៉ាងព្រោងព្រាត។ ក្នុងនោះដែរពាក្យ[អរគុណសន្តិភាព] ក៏ត្រូវបានយកទៅចងនៅតាមក្រសួង-ស្ថាប័នរបស់រដ្ឋមួយចំនួនផងដែរ។

នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២០នេះដែរ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានអរគុណដល់ប្រជាពលរដ្ឋខ្មែរ ដែលបានគាំទ្រដល់សារនយោបាយរបស់លោកគឺ(អរគុណសន្តិភាព) ដោយលោកយល់ថា វាមានតំលៃមិនសាបសូន្យមិនថា កន្លងមក ថ្ងៃនេះនិងថ្ងៃក្រោយ។ លោកហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក ថា”មនុស្សទាំងអស់គ្នាត្រូវការសន្តិភាព លើកលែងតែពួកភេរវករប៉ុណ្ណោះដែលចង់បំផ្លាញសន្តិភាព។ អរគុណសន្តិភាពបាន ក្លាយទៅជាពាក្យស្លោករបស់ប្រជាជនដែលស្រឡាញ់សន្តិភាព”។

សម្រាប់លោកប៉ាន់ខែម ប៊ុនថន មន្ត្រីគណបក្សប្រជាជនកម្ពុជា និងជាប្រធានប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព បានថ្លែងប្រាប់អ្នកយកព័ត៌មានរបស់វិទ្យុវាយោFM ថា កន្លងមកប្រជាពលរដ្ឋកម្ពុជា បានយល់ដឹងរួចហើយអំពីតំលៃនៃសន្តិភាពនេះ។ លោកថ្លែងបន្ត ថា សម្រាប់ប្រទេសកម្ពុជា សន្តិភាពមិនមែនរើសបានតាមផ្លូវ ឬធ្លាក់មកពីលើមេឃនោះទេ គឺកើតឡើងដោយសារការយកជីវិតជាដើមទុន របស់លោកហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជា។ លោកប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ទៀតថា តំលៃនៃសន្តិភាពសម្រាប់កម្ពុជា គឺសំខាន់ខ្លាំងណាស់ ហើយពលរដ្ឋកម្ពុជាត្រូវការណាស់។ ដូច្នេះក្នុងនាមប្រជាពលរដ្ឋកម្ពុជា ត្រូវការពារឲ្យបានដាច់ខាត៕

ជាបន្ដសូមស្ដាប់ប្រសាសន៍លោកប៉ាន់ខែម ប៊ុនថន មន្ត្រីគណបក្សប្រជាជនកម្ពុជា និងជាប្រធានប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាពទាំងស្រុងដូចខាងក្រោម៖

សំឡេង៖ 

ព័ត៌មានផ្សេងទៀត