ក្រសួង​អប់រំ​ហាម​លក់​អាហារ​៦​ប្រភេទ​នៅ​សាលារៀន ដើម្បី​សុខភាព​កុមារ​

02-01-2020 11:41 am 492

​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដាក់ចេញ​នូវ​គោលការណ៍​ហាមឃាត់​ការលក់ ចំណីអាហារ​៦​ប្រភេទ នៅតាម​គ្រឹះស្ថានសិក្សា ដើម្បី​សុខភាព​កុមារ​។ 

​ជាថ្មី​ម្តងទៀត លោក​ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​ពី​សុវត្ថិភាព​ចំណីអាហារ​នៅ​តាម​សាលារៀន តាមរយៈ​ការហាមឃាត់​ការលក់​ចំណីអាហារ​៦​ប្រភេទ ដើម្បី​ថែរក្សា​សុខភាព​របស់​សិស្សានុសិស្ស​។​

តាមរយៈ​វីដេអូ​អប់រំ បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវការ របស់ក្រសួង​អប់រំ នា​ថ្ងៃ​ទី​០២ ខែ​មករា​នេះ បានឲ្យដឹងថា ចំណីអាហារ​ហាមឃាត់​ក្នុង​គ្រឹះស្ថានសិក្សា ទាំង​៦​ប្រភេទ រួមមាន​៖

១. ចំណីអាហារ​គ្រប់​ប្រភេទ ដែល​ហួសកំណត់​កាលបរិច្ឆេទ​

២. គ្រឿង​ស្រវឹង និង​ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ​

៣. ចំណី​អាហារ​ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់​

៤. ភេសជ្ជៈ​ប៉ូវ​កម្លាំង ភេសជ្ជៈ​ផ្អែម​ខ្លាំង កាហ្វេ ការ៉េម និង​ទឹក​ស៊ីរ៉ូប៍​គ្រប់​ប្រភេទ​

៥. ស្ករ​សូកូឡា ស្ករ​គ្រាប់ និង​ស្ករ​កៅស៊ូ​គ្រប់​ប្រភេទ​

៦. ចាហួយ​គ្រប់​ប្រភេទ នំ​ដូណាត់ និង​នំ​ផ្អែម​ខ្លាំង​។​

​លោក​រដ្ឋមន្ត្រី​ហង់ ជួន​ណារ៉ុន មានប្រសាសន៍ថា ការលើកកម្ពស់​សុវត្ថិ​ភាព​ចំណីអាហារ នៅ​តាម​សាលារៀន គឺជា​ការងារ​អាទិភាព ដែល​ត្រូវ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន និង​ជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា​។​

ក្រសួង​បាន​ចេញ​បម្រាម​នេះ ជា​ផ្នែក​មួយ នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់ខ្លួន ដើម្បី​គិតគូរ​ដល់​សុខភាព​របស់​សិស្ស​គ្រប់​កំរិត​ថ្នាក់ និង​មន្ត្រី​អប់រំ​ផង​ដែរ​។ ជាមួយគ្នានេះ ក្រសួង​ក៏​បាន​អំពាវនាវ​ដល់​សិស្សានុសិស្ស មាតាបិតា រដ្ឋបាល​សាលា មន្ត្រី​នាយកដ្ឋាន​អប់រំ និង​អ្នកពាក់ព័ន្ធ​ដទៃទៀត ឲ្យចូល​រួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​នេះ ដើម្បី​ផ្តល់​អាហារូបត្ថម្ភ​ឲ្យបាន​ត្រឹមត្រូវ​នៅ​ក្នុង​សាលារៀន​។​ ​ក្រសួង​អប់រំ នឹង​បន្ត​ពង្រឹង​យន្តការ​ត្រួតពិនិត្យ​ដើម្បី​ធានា​ថា សេចក្តីណែនាំ​របស់​ក្រសួង​ត្រូវបាន​អនុវត្ត​។​៕

ព័ត៌មានផ្សេងទៀត