អគ្គលេខាធិការ​UN​ព្រួយបារម្ភ ចំពោះ​សារ​គំរាម​ធ្វើតេស្ដ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​

02-01-2020 11:37 am 202

​លោក​Antonio Guterres​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​សម្តែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​សារ​គំរាម​ធ្វើតេស្ត​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​។ អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក​Stephane Dujarric បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា​« លោក​អគ្គលេខាធិការ សង្ឃឹម​យ៉ាង​មុតមាំ​ថា ការសាកល្បង​នឹង​មិនមាន​ជា​បន្តទៀត​ទេ ស្របតាម​ដំណោះស្រាយ របស់​ក្រុមប្រឹក្សាសន្តិសុខ​។ ការមិន​រីកសាយ​អាវុធ​នុយក្លេអ៊ែរ នៅតែ​ជា​សសរ​គ្រឹះ​នៃ​សន្តិសុខ​នុយក្លេអ៊ែរ​ពិភពលោក ហើយ​ត្រូវតែ​ការពារ​។ »

​គួរ​ជម្រាបជូន​ថា កាលពី​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០២០ លោក​គីម ជុង​អ៊ុន​បាន​បញ្ជាក់ថា ការផ្អាក​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ​ឬ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ ដែល​បាន​ព្រមព្រៀង​ក្នុង​កិច្ចពិភាក្សា​ជាមួយ​សហរដ្ឋអាមេរិក​នឹងត្រូវ​បញ្ចប់​ទៅវិញ​។ ប្រទេស​របស់លោក​អាច​នឹង​ចាប់ផ្ដើម​ណែនាំ​យុទ្ធសាស្ដ្រ​អភិវឌ្ឍ​អាវុធ​ថ្មី​ក្នុងពេល​ឆាប់ៗ​។ ការបញ្ជាក់​ដូច្នេះ​ឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្ដាល​បក្ស​កូរ៉េខាងជើង​រយៈពេល​បួន​ថ្ងៃ​។ នេះ​ជា​សារ​ដ៏​សាមញ្ញ​ផ្ញើ​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន គឺត្រូវធ្វើ​សម្បទាន​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​ឲ្យបាន​ឆាប់ បើ​ចង់​ចៀសវាង​ការធ្វើ​តេស្ដ​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​ក្នុងអំឡុងពេល​បោះឆ្នោត​៕

ព័ត៌មានផ្សេងទៀត