មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានបញ្ជាក់ថា ការផ្អាកធ្វើតេស្ដអាវុធនុយក្លេអ៊ែរឬមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលបានព្រមព្រៀងក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកនឹងត្រូវបញ្ចប់ទៅវិញ។ ប្រទេសរបស់លោកអាចនឹងចាប់ផ្ដើមណែនាំយុទ្ធសាស្ដ្រអភិវឌ្ឍអាវុធថ្មីក្នុងពេលឆាប់ៗ។ ការបញ្ជាក់ដូច្នេះឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលបក្សកូរ៉េខាងជើងរយៈពេលបួនថ្ងៃ។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានដកស្រង់សម្ដីលោកគីម មកចុះផ្សាយនៅថ្ងៃទី០១ខែមករាឆ្នាំ២០២០នេះថា កូរ៉េខាងជើងលែងជាប់ជំពាក់នឹងការផ្អាកសកម្មភាពនុយក្លេអ៊ែរឬមីស៊ីលទៀតហើយ ខណៈអាមេរិកនៅបន្ដសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង និងបានបង្កើនការដាក់ទណ្ឌកម្មរបស់ពួកគេដដែល។ ស្ថិតក្រោមលក្ខខណ្ឌបែបនេះគ្មានមូលដ្ឋានដែលកូរ៉េខាងជើងត្រូវបន្ដអនុវត្ដការប្ដេជ្ញាចិត្ដជាឯកតោភាគីនោះឡើយ ព្រោះនេះគឺជាកិច្ចខិតខំប្រឹងប្រែងរំលាយនុយក្លេអ៊ែរសម្រាប់ពិភពលោកទាំងមូល។ លោកគីមគំរាមថាពិភពលោកនឹងមើលឃើញយុទ្ធសាស្ដ្រអាវុធថ្មីក្នុងពេលដ៏ខ្លីខាងមុខ។
ក្នុងកិច្ចប្រជុំបក្សលោកគីមសង្កត់ធ្ងន់ដែរថា ការដាក់ទណ្ឌកម្មបានប៉ះពាល់ដល់សេដ្ឋកិច្ចកូរ៉េខាងជើង ហើយមិនទំនងជាត្រូវដកចេញឆាប់ៗនោះទេ។ យ៉ាងណាមិញលោកនៅតែទុកផ្លូវសម្រាប់ការចរចា ហើយការធ្វើតេស្ដមីស៊ីលវាអាស្រ័យលើឥរិយាបថសហរដ្ឋអាមេរិក។
សម្ដីដែលលោកគីម ជុងអ៊ុននិយាយនៅពេលនេះដូចជាជំនួសឲ្យការថ្លែងសារអបអរឆ្នាំថ្មីអ៊ីចឹងដែរ។ សុន្ទរកថារបស់លោកគីមក្នុងឆ្នាំមុនៗបានបង្ហាញឲ្យឃើញពីការផ្លាស់ប្ដូរទិសដៅគោលនយោបាយចំពោះសត្រូវអន្ដរជាតិ ហើយនៅឆ្នាំនេះក៏ស្រដៀងនឹងឆ្នាំមុន។ លោកគីមដឹងថាលោកត្រាំត្រូវប្រជែងក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនាពេលឆាប់ៗ ហើយការធ្វើតេស្ដមីស៊ីលឆ្លងទ្វីបICBMឬអាវុធនុយក្លេអ៊ែរជាថ្មីរបស់កូរ៉េខាងជើង ជារឿងដ៏អាម៉ាស់បំផុតមួយចំពោះគោលនយោបាយការបរទេសសេតវិមាន។
សុន្ទរកថាលោកគីមជាសារមួយដ៏សាមញ្ញផ្ញើទៅកាន់ទីក្រុងវ៉ាស៊ីនតោន គឺត្រូវធ្វើសម្បទានឲ្យទីក្រុងព្យុងយ៉ាងឲ្យបានឆាប់បើចង់ចៀសវាងការធ្វើតេស្ដមីស៊ីលចម្ងាយឆ្ងាយក្នុងអំឡុងពេលបោះឆ្នោត។ រីឯលោកដូណាល់ ត្រាំបានប្រាប់អ្នកសារព័ត៌មានថា លោកនិងលោកគីមពិតជាបានចុះហត្ថលេខាលើកិច្ចសន្យានិយាយពីការរំលាយនុយក្លេអ៊ែរប្រាកដមែន។ លោកគិតថាលោកគីមជាមនុស្សម្នាក់គោរពតាមសន្យា។ រដ្ឋមន្ដ្រីការបរទេសអាមេរិកវិញនិយាយថា កូរ៉េខាងជើងអាចជ្រើសយកសន្ដិភាពជាជាងសង្គ្រាម។ ប្រសិនលោកគីមបំភ្លេចសន្យាជាមួយលោកត្រាំនោះជារឿងខកចិត្ដបំផុត។
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងព្យុងយ៉ាងត្រូវជាប់គាំង ដោយសារតែទីក្រុងវ៉ាស៊ីនតោនមិនព្រមដកទណ្ឌកម្មសេដ្ឋកិច្ចដាក់លើទីក្រុងព្យុងយ៉ាង។ កាលពីចុងឆ្នាំ២០១៩កូរ៉េខាងជើងធ្វើតេស្ដអាវុធខ្នាតតូចជាច្រើនលើក ជាសម្ពាធដាក់ឲ្យអាមេរិកធ្វើសម្បទាន៕