ក្រសួងកសិកម្មនឹងបញ្ជូនបទបញ្ញត្តិស្តីពីច្បាប់សមុទ្រទៅក្នុងកិច្ចប្រជុំព្រឹទ្ធសភានៅថ្ងៃស្អែក

01-01-2020 3:58 pm 213

សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឲ្យកម្ពុជាចូលជាសមាជិក នៃកិច្ចព្រមព្រៀងសម្រាប់ អនុវត្ត បទប្បញ្ញត្តិនៃអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រទាក់ទងនឹងការគ្រប់គ្រង ការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ ត្រូវបានសម្រេចដាក់ ទៅក្នុងប្រជុំអចិន្ត្រៃយ៍ ព្រឹទ្ធសភានៅថ្ងៃទី២ ខែមករា ឆ្នាំ២០២០ និងសម័យប្រជុំពេញអង្គលើកទី៤ នីតិកាលទី៤ នៃព្រឹទ្ធសភា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។

ការសម្រេចដាក់បញ្ចូលសេចក្តីព្រាងច្បាប់នេះ ទៅក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍ ព្រឹទ្ធសភានៅថ្ងៃទី២ ខែមករា និងកិច្ចប្រជុំពេញអង្គនៅថ្ងៃទី៣ ខែមករា គឺធ្វើឡើងបន្ទាប់ពី ពីលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមា ញ់ និងនេសាទ បានចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពីច្បាប់សមុទ្រនេះកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានសន្តិភាព ។

នៅក្នុងកិច្ចប្រជុំនោះដែរ លោកវេង សាខុន បានលើកឡើងថា តាមរយៈការអនុវត្តបទប្បញ្ញត្តិពាក់ព័ន្ធនៃកិច្ចព្រមព្រៀងមាន គោលការណ៍ដូចជា៖ ទី១. អនុម័តវិធានការនានាដើម្បីធានានិរន្តរភាពយូរអង្វែងនៃប្រភេទត្រីពាក់ព័ន្ធ និងរក្សាការប្រើប្រាស់ឱ្យបានប្រសើរបំផុត។ទី២.ការពារជីវៈចម្រុះនៅក្នុងបរិស្ថានសមុទ្រ។ ទី៣. ចាត់វិធានការដើម្បីទប់ស្កាត់ ឬលុបបំបាត់ការនេសាទហួសកម្រិត និងសមត្ថភាពធ្វើនេសាទលើសលប់។ ទី៤. ប្រមូល និងចែករំលែកទាន់ពេលវេលានូវទិន្នន័យស្តីពីសកម្មភាពនេសាទ រួមទាំងទីតាំងរបស់នាវា ព្រមទាំងផលចាប់ទាំងប្រភេទគោលដៅ និងមិនមែនជាប្រភេទគោលដៅ និងសមត្ថភាពនេសាទ និងទី៥. អនុវត្តនិងជំរុញវិធានការគ្រប់គ្រង និងអភិរក្ស តាមរយៈការតាមដាន ត្រួតពិនិត្យ និងការអង្កេតប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ លោកវេង សាខុនបានលើកឡើងផងដែរពី អត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពី កិច្ចព្រមព្រៀងនេះ គឺការផ្តល់ឱកាសឲ្យកម្ពុជាអាចចូលរួមដោះស្រាយចំពោះការទទួលខុសត្រូវជារដ្ឋម្ចាស់ទង់ជាតិស្របតាមច្បាប់អន្តរជាតិ។ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងអនុតំបន់ តំបន់ និងអន្តរជាតិក្នុងការគ្រប់គ្រងផលស្តុកត្រីឆ្លងដែន លើកកម្ពស់ការគ្រប់គ្រងជលផលនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខកម្ពុជា។ ព្រមទាំងទទួលបាននូវទិន្នន័យស្តីពីសកម្មភាពនេសាទ ផលចាប់ សមត្ថភាពនេសាទ និងជាពិសេសជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីមូលនិធិពិសេសសម្រាប់អនុវត្តលើការគ្រប់គ្រង និងអភិរក្សមួយវិញទៀត ធានាបាននូវការប្រើប្រាស់ និងអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងឆ្ងាយដោយចីរភាព៕ 

 

ព័ត៌មានផ្សេងទៀត