អាជ្ញាធរជាតិអប្សរា បានប្រកាសបិទចរាចរណ៍ឡើង-ចុះនៅវង់ទស្សនាជាន់ទី៣(ប្រាង្គកណ្តាល)នៃប្រាសាទបាយ័ន្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ នេះតទៅ ដោយសារតែកត្តាអាយុកាលនិងកត្តាផ្សេងៗទៀតបានបង្កឱ្យប្រាសាទបាយ័ន្តនេះ មានភាពសឹករេចរិលនឹងកំពុងប្រឈមទៅនឹងហានិភ័យយ៉ាងធ្ងន់ធ្ងរមួយចំនួន។
ក្នុងស្ថានភាពនេះ បើតាមអ្នកជំនាញការចំពោះកិច្ចផ្នែកអភិរក្សនៃគណៈកម្មាធិការអន្តរជាតិកិច្ចគាំពារអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (ហៅកាត់ថា អាយស៊ីស៊ី-អង្គរ) បានផ្តល់អនុសាសន៍ឱ្យបិទការទស្សនានៅជាន់ទី៣នៃប្រាសាទបាយ័ន្តដើម្បីផ្តល់លទ្ធភាពដល់ក្រុមអ្នកជំនាញសិក្សាអំពីការខូចខាត និងបញ្ហាប្រឈមនានា ដើម្បីរៀបចំផែនទីហានិភ័យ ព្រមទាំងកំណត់ទីតាំងអាទិភាពក្នុងការពង្រឹងស្ថានភាព និងជួសជុលផ្នែកដែលប្រឈមនឹងគ្រោះថ្នាក់ទាំងអស់នោះ។
ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរា ក៏បានគូសបញ្ជាក់ដែរថា ចំពោះទីតាំងទស្សនាសំខាន់ៗនៅផ្នែកខាងក្រោមនៃប្រាសាទបាយ័នដែលមានចម្លាក់ក្បូរក្បាច់រចនាដ៏ល្អវិចិត្រ នៅតែបើកជាប្រក្រតីសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិដដែល៕