ក្រុមបាតុករ​អ៊ីរ៉ង់​ធ្វើបាតុកម្ម​ដុត​ប៉ុស្តិ៍​សន្តិសុខ​និង​គប់​ដុំថ្ម​នៅមុខ​ទូត​អាមេរិក​នៅ​អ៊ីរ៉ាក់​

01-01-2020 11:56 am 323

​ក្រុមបាតុករ​បាននាំគ្នា​មក​ប្រមូលផ្តុំ​នៅខាងមុខ​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​ក្នុងប្រទេស​អ៊ីរ៉ាក់ ដោយបាន​គប់​ដុំថ្ម​និង​ដុត​ប៉ុស្តិ៍​សន្តិសុខ នៅខាងមុខ​ស្ថានទូត​នា​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៩​។ យោងទៅតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័រ​ឲ្យដឹងថា មូលហេតុ​ដែល​នាំឲ្យ​ផ្ទុះ​ការតវ៉ា ដោយសារតែ​ពួកគេ​មិន​ពេញចិត្ត និង​ខឹង​អាមេរិក​ដែល​បាន​បើក​ការវាយប្រហារ​តាម​អាកាស ប្រឆាំងនឹង​ក្រុម​កងជីវពល​អ៊ីរ៉ាក់​គាំទ្រ​ដោយ​អ៊ីរ៉ង់ នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ បណ្តាលឲ្យ​ស្លាប់​គ្នីគ្នា​ពួកគេ​។ 

​ដើម្បី​ទប់ស្កាត់​ការតវ៉ា​ថ្មី​បំផុត​មួយ កើតចេញពី​ទំនាស់​ដែលជា​របួស​ចាស់​រវាង​អ៊ីរ៉ង់​នឹង​អាមេរិក អ្នកយាម​ស្ថានទូត បាន​បង្ក្រាប​ដោយ​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក បាញ់​ទៅលើ​ហ្វូង​បាតុករ និង​គ្រាប់បែក​ឆក់ ដើម្បី​បណ្តេញ​ពួក​បាតុករ​ចេញ​ពីមុខ​ស្ថានទូត​។ លទ្ធផល​នៃ​ការប្រឈមមុខ​ដាក់គ្នា​នេះ បណ្តាលឲ្យ​សមាជិកកង​ជីវ​ពល​និង​ជន​ស៊ីវិល​ចំនួន​ប្រមាណ​៦២​នាក់​រងរបួស​។ រីឯ​បុគ្គលិក​នៅក្នុង​ស្ថានទូត ពុំមាន​ការជម្លៀសចេញ​ទៅណា​ឡើយ ហើយ​មាន​សុវត្ថិភាព​ជាធម្មតា​។​

​យ៉ាងណាក៏ដោយ ការតវ៉ា​នេះ​បាន​បង្ក​ក្តីបារម្ភ​យ៉ាងខ្លាំង​ចំពោះ​អាមេរិក​។ លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក ដែល​កំពុងតែ​សម្រាក​លំហែកាយ​នៅឯ​ឆ្នេរ Palm Beach រដ្ឋ Florida បាន​ទូរស័ព្ទ​មក​ប្រធានាធិបតី​អ៊ីរ៉ាក់​លោក Adel Abdul Mahdi ដោយ​សង្កត់ធ្ងន់ឲ្យ​ការពារ​មនុស្ស​របស់​អាមេរិក ជាពិសេស​បុគ្គលិក​នៅក្នុង​ស្ថានទូត​តែម្តង​។ លោក Adel Abdul Mahdi បាន​ធានា​អះអាងថា នឹង​ទទួលខុសត្រូវ​គ្រាប់​បែបយ៉ាង ចំពោះ​សុវត្ថិភាព​របស់​បុគ្គលិក​ស្ថានទូត​អាមេរិក​។​

​ក្រៅពី​និយាយ​ផ្ទាល់មាត់ អាមេរិក​របស់លោក​ត្រាំ​កំពុង​បញ្ជូន​កងទ័ព​បន្ថែម ដើម្បី​ការពារ​បុគ្គលិក​របស់​ខ្លួន​នៅក្នុង​ស្ថានទូត​។ មន្ត្រី​អាមេរិក​និយាយថា កងទ័ព​បន្ថែម​ប្រហែលជា​៤ ០០០​នាក់ អាច​នឹងត្រូវ​បញ្ជូនទៅ​កាន់​តំបន់​នោះ​ប្រសិនបើ​ចាំបាច់ ខណៈ​កងទ័ព​អាមេរិក​ចំនួន​៥ ០០០​នាក់ កំពុង​ឈរជើង​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ដើម្បី​គាំទ្រ​កងកម្លាំង​នៅក្នុង​តំបន់​។​

​គួរ​ជម្រាបជូន​ថា កងទ័ព​អាមេរិក​បាន​បើក​ការវាយប្រហារ​តាម​អាកាស ដោយ​កំណត់​គោលដៅ​លើ​ក្រុម​កងជីវពល​អ៊ីរ៉ាក់​គាំទ្រ​ដោយ​អ៊ីរ៉ង់​កាលពី​ថ្ងៃអាទិត្យ បណ្តាលឲ្យ​ស្លាប់​សមាជិក​កងជីវពល​យ៉ាងហោចណាស់​២៥​នាក់ និង​៥៥​នាក់​រងរបួស​។ ក្រៅពីនោះ ក៏បាន​បំផ្លាញ​ទីស្នាក់ការ​កណ្តាល​របស់​កង​ជីវពល Kataib Hezbollah នៅ​Qaim​ប្រទេស​អ៊ីរ៉ាក់​ផងដែរ​។ មូលហេតុ​ដោយសារតែ​អាមេរិក​ខឹងសម្បា​នឹង​ក្រុម​កងជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ដែល​បាន​វាយប្រហារ​ជា​ច្រើនលើកច្រើនសារ លើ​កងកម្លាំង​អាមេរិក​ប្រចាំ​នៅ​អ៊ីរ៉ាក់ ទើបបានជា​អាមេរិក​អស់​ការអត់ធ្មត់ បើក​ការវាយប្រហារ​សងសឹក​វិញ​៕

ព័ត៌មានផ្សេងទៀត